ដោយៈសហការី
ភ្នំពេញៈ គិតក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២១នេះ ក្នុងចំណោមមួលដ្ឋានអាជីវកម្មទេសចរណ៍សរុបចំនួន៩,៤៦៧កន្លែង មានអាជីវកម្មដែលបានបិទទ្វារចំនួនជាង៥២៧ និងអាជីវកម្មដែលបានផ្អាកមានចំនួន៣,៣៨៩កន្លែង។
របាយការសង្ខេបទេសចរណ៍ផ្ទៃក្នុង បង្ហាញនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះថា អាជីវកម្មដែលបានផ្អាក រួមមាន ខារ៉ាអូខេ សណ្ឋាគារ ផ្ទះស្នាក់ ភោជនីយដ្ឋាននិងអាហារដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ម៉ាស្សានិងស្ប៉ា ការីក្នុងស្រុក កីឡាទេសចរណ៍ ដឹកជញ្ជូនផ្លូវគោក ដឹកជញ្ជូនផ្លូវទឹក រង្គសាល/ឌីស្កូតែក បៀហ្គាឌិន និងការីទេសចរណ៍និងទីភ្នាក់ងារទេសចរណ៍។
ប្រភពដដែលឲ្យដឹងទៀតថា នៅក្នុងរយៈពេលដូចគ្នាខាងលើនេះដែរ ចំនួនទេសចរណ៍ផ្ទៃក្នុងសរុបមានចំនួន២.៣០០.៩៥១នាក់ ក្នុងនោះទេសចរណ៍ជាតិដែលធ្វើដំណើរកម្សាន្ត នៅក្នុងប្រទេសកម្ពុជាសរុបចំនួន២.១៤៦.៩៥៩នាក់ ថយចុះ៣៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។ រីឯចំនួនទេសចរបរទេសផ្ទៃក្នុង ដែលធ្វើបានធ្វើដំណើរក្នុងប្រទេស មានចំនួនសរុបប្រមាណជា១៥៣.៩៩២នាក់ ថយចុះ៩០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍ផ្ទៃក្នុង៩ខែ ដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត បានមានប្រសាសន៍ថា ទាក់ទិនបញ្ហាខាងលើនេះ បណ្តាលមកពីវិបត្តិសកល នៃការរីករាលដាលនៃវីរុសកូវីដ១៩ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសង្គម និងសេដ្ឋកិច្ចពិភពលោក ជាពិសេសគឺវិស័យទេសចរណ៍ ចាប់តាំងពីចុងឆ្នាំ២០១៩មក។
យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក ចំនួនភ្ញៀវទេសចរអន្តរជាតិនៅលើពិភពលោក បានធ្លាក់ចុះប្រមាណ៨៥% គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុន កើតមានជំងឺឆ្លងកូវីដ១៩ ពីឆ្នាំ២០១៩។ ដូចគ្នានេះដែរ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជា១០.២ម៉ឺននាក់ ថយចុះប្រមាណជាង៩១.៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
យោងតាមក្រុមប្រឹក្សាទេសចរណ៍ និងដំណើរកម្សាន្តរបស់ពិភពលោក (WTTC) បានបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងតែព្យាយាម ឈានទៅរកដំណាក់កាលនៃការងើបឡើងវិញ ពីវិបត្តិជំងឺឆ្លងកូវីដ១៩ជាសកលនេះក៏ដោយ ឧស្សាហកម្មទេសចរណ៍ត្រូវបានគេរំពឹងថា នឹងមានភាពយឺតយ៉ាវជាងបណ្តាឧស្សាហកម្មដទៃទៀត ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។ ជាងនេះទៅទៀត ដោយមើលឃើញពីភាពមិនប្រាកដ នៃស្ថានភាពសេដ្ឋកិច្ច និងសង្គមជុំវិញបរិបទនៃជំងឺឆ្លងកូវីដ១៩ ដែលមានមកលើវិស័យទេសចរណ៍ ដើម្បីដាក់ចេញនូវវិធានការ និងយុទ្ធសាស្រ្តបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពដើម្បីស្តារវិស័យទាំងក្នុងដំណាក់កាល និងក្រោយវិបត្តិកូវីដ១៩៕