ដោយ សុជាតា
ភ្នំពេញៈ ទីផ្សារអាគារការិយាល័យសំរាប់ជួល នៅតែមានសញ្ញាស្លោកស្រពោននៅឡើយ ដោយសារវិបត្តិកូវីដ១៩ ដែលមិនទាន់មានក្រុមហ៊ុនថ្មីៗបានបង្កើតឡើងច្រើន និងក្រុមហ៊ុនអន្តរជាតិថ្មីៗនៅមិនទាន់ចូលមកម្ពុជានៅឡើយ។
លោកឌឹត ចាន់ណា អគ្គនាយកក្រុមហ៊ុន Lucky Real estate បានបញ្ចាក់ប្រាប់ Property Area Asia នៅថ្ងៃទី១១ ខែកញ្ញាថា នៅត្រីមសទីបី ឆ្នាំ ២០២១ អាគារការិយាល័យសម្រាប់ជួល នៅបន្តធ្លាក់ចុះបើប្រៀបធៀបនឹងឆ្នាំ ២០២០កន្លងទៅនេះ ប៉ុន្តែអ្នកជំនាញ នៅក្នុងវិស័យរូបនេះបានបង្ហាញក្ដីរំពឹងថា ភាពល្អប្រសើរឡើង វិញនៅពេលដែលការចាក់វាក់សាំងពេញលេញ និងភាពធូរស្រាលនៃវិបត្តិកូវីត១៩ នេះ។
លោកលើកឡើងថា “មុនវិបត្តិ Covid 19 នេះ អាគារការិយាល័យជួលនៅកណ្តាលរាជធានីភ្នំពេញ មានតំរូវការខ្ពស់ជាងការផ្គត់ផ្គត់ ដោយតំរូវអោយម្ចាស់អាជិវកម្ម ត្រូវការផ្ទះល្វែង និង ផ្ទះវីឡា សម្រាប់ការិយាជួលបន្ថែមទៀត”។
ប៉ុន្តែនាពេលបច្ចុប្បន្ននេះ បានធ្លាក់ចុះគួរអោយកត់សំគាល់ ជាពិសេសការជួលអាគារការិយាល័យ ពីសំណាក់ភ្ញៀវបរទេស។ ចំពោះតម្លៃជួលការិយាល័យ គឹបែងចែកជាបីធំៗ គឺអាគារកម្រិតA មានតម្លៃចាប់ពី ១០ដល់៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និង អាគារកម្រិតB មានតម្លៃចន្លោះពី១៣ ដល់ ១៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ និង អាគារកម្រិត C គឺមានចន្លោះពី១០ដុល្លារ ទៅ១៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកឌឹត ចណ្ណាបានសង្ឃឹមថា ក្រោយពេលវិបត្តិ ត្រូវបានផុតរលត់ វិនិយោគិន អន្តរជាតិ ជាច្រើននឹងចូលមកកាន់ទីផ្សារកម្ពុជាសាជាថ្មី ដោយសារតែកម្ពុជាជាគោលដៅ របស់ពួកគេ ដែល អាចមានឱកាសច្រើនក្នុងវិនិយោគ និងទទួលបានចំណេញខ្ពស់បើ ប្រៀបធៀប ទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់។
តាមរបាយការណ៍ស្រាវជ្រាវ របស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ បានលើកឡើង ទីតាំងការិយាល័យនៅទីក្រុងភ្នំពេញ មានតម្លៃដាក់ជួលជាមធ្យម២៣,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ស្របពេលដែលទីក្រុងបាងកក មានតម្លៃដាក់ជួលជាមធ្យម៣៩,១ ដុល្លារ ហើយក្រុងហូជីមិញវិញ មានតម្លៃដាក់ជួលជាមធ្យម៤២,១ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។
អ្នកជំនាញក្រុមហ៊ុន VTrust Appraisal បានព្យារករណ៍នៅក្នុងរបាយការណ៍ថា ផ្ទៃអគារការិយាល័យ ពីគ្រប់ប្រភេទការិយាល័យទាំងអស់ បូកបញ្ចូលគ្នានឹងកើនដល់ជាង ១លានម៉ែត្រការ៉េ នៅឆ្នាំ២០៣០ ក្នុងកម្រិតកំណើនធម្មតា។ ក្នុងករណីមានកំណើនល្អខ្លាំង ចំនួនសរុបបូកបញ្ចូលគ្នា នឹងកើនដល់១,៦៩២,០០០ ម៉ែត្រការ៉េនៅឆ្នាំ ២០៣០៕