មូលនិធិខ្នាតយក្សមួយបោះទុនលើគម្រោងសាងសង់អគារការិយាល័យកប់ពពកនៅទីក្រុងញូវយ៉ក

ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិគ្រប់គ្រងការវិនិយោគសាធារណៈរបស់រដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត (PIF) គ្រោងបោះទុនដើម្បីកាន់កាប់ភាគហ៊ុនចំនួន២ភាគ៣នៅក្នុងគម្រោងសាងសង់អគារកប់ពពកមួយនៅចំកណ្តាលសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក។

អគារនេះគ្រោងសាងសង់លើដីមួយកន្លែង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអាមេរិក Related Companies។ដីនោះមានទីតាំងស្ថិតនៅលើផ្លូវ 625 Madison Avenue នៅក្បែរឧទ្យាន Central Park ដ៏ល្បីល្បាញក្នុងទីក្រុងញូវយ៉ក។

គិតមកទល់ពេលនេះ មូលនិធិ PIF បានបណ្តាក់ទុនវិនិយោគប្រមាណ២០០លានដុល្លាររួចហើយ និងគ្រោងបន្តចាក់បញ្ចូលទុនបន្ថែមទៀត។ គម្រោងអគារកប់ពពកនេះមិនទាន់មានឈ្មោះជាផ្លូវការនៅឡើយ ខណៈតម្រូវការទុនវិនិយោគសរុបត្រូវបានរំពឹងថា នឹងមានទំហំលើសពី១ពាន់លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមកាសែត The Business Times បានរាយការណ៍ថា អគារកប់ពពកនេះនឹងមានកំពស់៣៦៦ម៉ែត្រ និងមាន៦៨ជាន់។ដើមឡើយ អ្នកអភិវឌ្ឍន៍គ្រោងរួមបញ្ចូលខុនដូ សណ្ឋាគារ និងហាងលក់រាយទៅក្នុងគម្រោងតែមួយដើម្បីប្រែក្លាយជាអគារប្រើប្រាស់ចម្រុះ(Mixed-use)។

ទោះជាយ៉ាងណា ថ្មីៗនេះ ក្រុមហ៊ុន Related Companies បានអះអាងថា ខ្លួនកំពុងពិចារណាសាងសង់អគារការិយាល័យ១០០ភាគរយ ដើម្បីទាញយកសក្តានុពលពីការកើនឡើងនៃតម្រូវការការិយាល័យលំដាប់ខ្ពស់នៅសង្កាត់ Manhattan។

លំហូរវិនិយោគផ្ទាល់ពីបរទេសចូលទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់សង្កាត់ Manhattan បានស្ទុះងើបឡើងវិញយ៉ាងគំហុក ខណៈការបោះទុនវិនិយោគតាមរយៈទម្រង់នៃការទិញយក (Acquisition) មានទំហំទឹកប្រាក់លើសពី២,១ពាន់លានដុល្លារក្នុងអំឡុងចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥៕ប្រភព: Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here