ដោយៈសុខុម
ហាណូយ: ក្រុមហ៊ុនចម្រាញ់ប្រេងវៀតណាម Binh Son Refining and Petrochemical បានកាត់បន្ថយទិន្នផល នៅរោងចក្រចម្រាញ់ប្រេងរបស់ខ្លួនជាលើកទី២ ក្នុងរយៈពេលត្រឹមតែមួយខែសោះ ហើយនេះជាសញ្ញាបង្ហាញថា អាចនឹងឈានដល់ការផ្អាកដំណើរ ដោយសារតម្រូវការឥន្ធនៈក្នុងស្រុកដាំក្បាលចុះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី៨ កញ្ញា។
កាសែតវៀតណាម Thanh Nien បានចុះផ្សាយថា រោងចក្រដែលមានសមត្ថភាពចម្រាញ់ប្រេងបាន១៣០.០០០បារ៉ែល ក្នុងមួយថ្ងៃនៅភាគកណ្តាល ប្រទេសវៀតណាម ខាងលើនេះ បានកាត់បន្ថយសមត្ថភាពផលិតរបស់ខ្លួន មកនៅត្រឹម៨០% បន្ទាប់ពីកាត់បន្ថយកាលពីខែមុនមកនៅត្រឹម៩០% នៅពេលការរីករាលដាលវីរុសកូវីដ-១៩ ដែលកាន់តែធ្ងន់ធ្ងរឡើងបានធ្វើឱ្យប៉ះពាល់ដល់តម្រូវការ។
ការផ្ទុះរលកថ្មី នៃការរីករាលដាលវីរុសកូវីដ-១៩ ចាប់តាំងពីចុងខែមេសា មកបានបង្ខំឱ្យប្រទេសវៀតណាម រឹតបន្តឹងការធ្វើដំណើរ១ភាគ៣នៃក្រុង និងខេត្តនានារបស់ខ្លួន ហើយបានបង្ខំឱ្យក្រុមហ៊ុនជាច្រើនផ្អាកដំណើរការ។
នាយកប្រតិបត្តិមួយរូបនៃក្រុមហ៊ុននេះ បានប្រាប់កាសែត Thanh Nien ដោយសុំមិនបញ្ចេញអត្តសញ្ញាណថា “ប្រសិនបើការរឹតបន្តឹង ក្នុងបណ្ដាខេត្តភាគខាងត្បូង នៅតែបន្តរហូតដល់ខែតុលា រោងចក្រចម្រាញ់ប្រេងនេះ ប្រហែលជាត្រូវផ្អាកដំណើរការផលិតហើយមើលទៅ”។
នាយកប្រតិបត្តិដដែលបានបញ្ជាក់ថា ស្តុកប្រេងដែលចម្រាញ់រួចនៅរោងចក្រនេះបានកើនឡើង លើសទ្វេដងពីមួយខែមុន ដល់៤១០.០០០ម៉ែត្រគូប ហើយថាការលក់ប្រេងប្រចាំខែបើធៀប នឹងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ បានធ្លាក់ចុះពាក់កណ្ដាលមកនៅត្រឹម៣០០.០០០ម៉ែត្រគូបប៉ុណ្ណោះ។
កាសែតដដែលបន្ថែមថា ក្រុមហ៊ុន Binh Son បានបង្ខំចិត្តលក់ចេញប្រេងឆៅចំនួន១លានបារ៉ែល ហើយកំពុងពិចារណាលក់ចេញ១លានបារ៉ែលទៀត ដើម្បីកុំឱ្យសល់ស្តុកច្រើនពេក។
ប្រភពមួយទៀតចេញពីក្រុមហ៊ុននេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញអត្តសញ្ញាណថា “យើងកំពុងកាត់បន្ថយសមត្ថភាពផលិត មកនៅកម្រិតទាបបំផុតមិនធ្លាប់មាន ហើយកំពុងស្វះស្វែងរកវិធីការពារ សង្វាក់ផ្គត់ផ្គង់របស់យើងកុំឱ្យមានការរំខាន”៕