ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងទេសចរណ៍បានអំពាវនាវ ដល់សមាគមឧស្សាហកម្មទេសចរណ៍កម្ពុជា ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមរៀបចំ “ការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot)”។
ណេប សាមុតអគ្គនាយកគ្រប់គ្រងឧស្សាហកម្ម នៃក្រសួងទេសចរណ៍បានលើកឡើងបែបនេះ ក្នុងវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី “ការបញ្ចូលទិន្នន័យបុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot)។
លោកបន្តថា គោលបំណងនៃការបញ្ចូលទិន្នន័យបុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot) នេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩ ពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការពន្លឿនការស្តារឡើងវិញ នៃវិស័យទេសចរណ៍ដែលបាន និងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ ក៏ដូចជា ដើម្បីត្រៀមខ្លួចរួចរាល់ ក្នុងការបើកបម្រើសេវាកម្មទេសចរណ៍ឡើងវិញ ប្រកដោយទំនុកចិត្ត និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តក្នុងព្រះរាជណាចក្រកម្ពុជា និងដើម្បីពង្រឹង “ជំនឿ ភាពជឿជាក់ និងទំនុកចិត្ត” នៃអាជីវកម្មទេសចរណ៍ ក្នុងបរិបទ គន្លងប្រក្រតីភាពថ្មី (New Normal) ។
អាជីវកម្មក៏ត្រូវធានាឱ្យបានថា បុគ្គលិកដែលបម្រើការ ក្នុងវិស័យទេសចរណ៍ទាំងអស់បានចាក់វ៉ាក់សាំងគ្រប់គ្នា និងគ្រប់ដូសតាមការកំណត់ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោកណេប សាមុត ក៏បានប្រគល់បណ្ណផ្សព្វផ្សាយស្តីពី “នីតិវិធីបញ្ចូលទិន្នន័យបុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទៅក្នុងប្រព័ន្ធ (Telegram Bot)” ដល់តំណាងមន្ទីរទេសចរណ៍រាជធានី-ខេត្ត តំណាងសមាគមឧស្សាហកម្មទេសចរណ៍កម្ពុជា និងផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយ និងធ្វើការបណ្តុះបណ្តាលបន្តដល់សមាជិក និងប្រតិបត្តិករទេសចរណ៍ផងដែរ៕