ដោយៈសុធា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងសឹង្ហបុរីកំពុងជម្រុញការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីសម្រេចវិបុលភាពរួមគ្នានាពេលអនាគត។
លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្ម សិង្ហបុរីដោយ បានផោ្តតសំខាន់លើការពង្រឹងទំនាក់ទំនង ពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សិង្ហបុរី វឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) រវាងអាស៊ាន និងបណ្តាប្រទេសជាភាគីសមាជិក និងជាពិសេសការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការរៀបចំទទួលធ្វើជាប្រធានអាស៊ាន និងការត្រៀមរៀបចំកិច្ចប្រជុំនានានៅឆ្នាំ២០២២ ខាងមុខ។
លោកបានជម្រាបជូនអំពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-សិង្ហបុរី និងកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរគួរផ្តោតលើ ក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមមាន ការបន្តធានានូវលំហូរទំនិញ ការផ្គូរផ្គងធុរកិច្ច ការពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងការបង្កើនការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា។
ជាមួយគ្នានេះផងដែរ លោកប៉ាន សួរស័ក្តបានជម្រាបជូនអំពីវឌ្ឍនភាពក្នុងការរៀបចំការងារសំខាន់ៗ និង ទិសដៅការងារក្នុងការត្រៀមរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសក្រោមសសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងនោះរួមមាន ការចងក្រងឯកសារគន្លឹះ ស្តីពីសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសំខាន់ៗជាដើម។
លោករដ្ឋមន្រ្តី បានបន្ដធ្វើបច្ចុប្បន្នភាព លើដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងបានជម្រាបអំពីសារៈសំខាន់នៃការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នៅដើមឆ្នាំ២០២២ ដើម្បីអាចទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ស្របពេលនឹងកិច្ចខិតខំប្រឹងប្រែងស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។
ជាការឆ្លើយតប រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ពីការប្តេ ជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជា ឱ្យទទួលបានជោគជ័យ នាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសក្នុងការរៀបចំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២៕