ដោយៈសុជាតា
ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំកំពូល នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៦ (The 6th Belt and Road Summit) ឆ្នាំ២០២១ក្រោមប្រធានបទការលើកកម្ពស់ កិច្ចសហប្រតិបត្តិការពហុភាគី ដែលប្រារព្ធឡើងនៅទីក្រុងហុងកុងប្រទេសចិន។
លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានប្រសាសន៍តាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ដោយបង្ហាញពីសារៈសំខាន់ នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១២ (MC12) នាពេលខាងមុខផងដែរ។
លោកបន្តថា ជាមួយគ្នានេះប្រទេសកម្ពុជា បាននិងកំពុងទទួលបានផលប្រយោជន៍ជាច្រើនពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលចូលរួម ចំណែកក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ជាពិសេសរចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន រួមមានស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងទន្លេ ជាដើម។ ការអភិវឌ្ឍទាំងនេះនឹងឈានទៅដល់ ការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងនាំមកនូវការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច សុខមាលភាព ប្រជាជន និងការលុបបំបាត់ភាពក្រីក្រ។
លោកបានបញ្ជាក់ពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន និងកម្ពុជា ក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងក្រោយវិបត្តិនេះ ជាពិសេសការធានាឱ្យបាននូវលំហូរនៃទំនិញចាំបាច់ សំភារៈបរិក្ខារសុខាភិបាល និងស្បៀងអាហារ។
លោកក៏បានលើកឡើងពីសារៈសំខាន់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិត ចិន និងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនទៀត ក្រោមក្របខ័ណ្ឌអាស៊ាន ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកិច្ចព្រមព្រៀងទាំងនេះ នឹងជួយកាត់បន្ថយ និងលុបបំបាត់ពន្ធគយ និងរបាំងមិនមែនពន្ធគយ សម្រាប់ពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវា ដែលនឹងលើកកម្ពស់បរិស្ថាន សម្រាប់ការវិនិយោគ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងតំបន់។
កិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៦ ឆ្នាំ២០២១នេះ មានគោលបំណង សំខាន់នៃកិច្ចប្រជុំកំពូល ផោ្តតលើការពង្រឹងកិច្ចសហប្រតិបត្តិការ ពហុភាគី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងប្រទេសជាដៃគូ រួមមានអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក (WTO) និង ដៃគូពាណិជ្ជកម្មដទៃទៀត ក្នុងបរិបទទ្វេភាគី តំបន់ និងពហុភាគី៕