ការធ្វើកសិកម្មដោយបច្ចេកវិទ្យាកំពុងកើនឡើងនៅកម្ពុជា ខណៈកសិករភាគច្រើន ងាកមកប្រើគ្រឿងចក្រ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ កសិករកម្ពុជាភាគច្រើនបានងាកមកប្រើប្រាស់គ្រឿងម៉ាស៊ីន ជំនួសគោ ក្របី ដែលជាមធ្យោបាយធ្វើកសិកម្មបែបប្រពៃណី ដែលបាននិងកំពុងបាត់បង់ពីវាលស្រែ និងវាលចំការបន្តិចម្តងៗ។

ជាមួយគ្នានេះ កសិករនិងអ្នកធ្វើកសិកម្មបែប កសិឧស្សាហកម្មកំពុងគិតពីបច្ចេកវិទ្យានៅក្នុងការជួយសម្រួលដល់វិស័យនេះ ដែលជាការកាត់បន្ថយថ្លៃដើម លើការផលិត​ផល និងការចំណាយលើកំលាំងពលកម្មផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធាន​ក្រុមហ៊ុន Cambodia RC Agriculture លោកខូវ គឹមសាន​បានមានប្រសាសន៍​ឱ្យដឹងថា ដ្រូន​កសិកម្ម​ប្រភេទ DJI ខាង​លោក​ចាប់ផ្តើម​លក់​មក​ស្រុក​ខ្មែរ​តាំងពី​ឆ្នាំ​ ២០១៩ ដែលជា​ផលិតផល​ស្តង់ដា​ជប៉ុន អាមេរិក ដែល​ដំឡើង​នៅ​ប្រទេស​ចិន​។

លោក​និយាយថា​ “​អត្ថប្រយោជន៍ ដែល​យើង​ទទួលបាន គឺ​ហួស​ពី​ការរំពឹងទុក​ដូច​រាល់ដង ដែល​ពួកយើង​មើលឃើញ​វិស័យ​កសិកម្ម​ នៃ​ប្រទេស​ជិតខាង​ក៏​ដូច​ប្រទេស​ថៃ វៀតណាម ជឿនលឿន​នឹង​ទទួលបាន​ទិន្នផល​ខ្ពស់”​។ លោកបន្តថា “សព្វថ្ងៃ​ប្រទេស​យើង​កំពុង​វិវឌ្ឍ​ខ្លួន​យ៉ាង​ជឿនលឿន ​ដូច​ប្រទេស​ជិតខាង​យើង​។ វា​ផ្តល់​មក​នូវ​ទិន្នផល​ទ្វេដង សន្សំសំចៃ​ ការប្រើប្រាស់​ជី លុយកាក់ កម្លាំង​ពលកម្ម​។ ជាពិសេស​នោះ គឺ​មិន​ប៉ះពាល់​សុខភាព”។

លោក​បន្តថា​ យើង​មាន​គម្រោង​ជាច្រើន ​ដើម្បី​ជួយ​ដល់​វិស័យ​កសិកម្ម​មួយ​នេះ​ដោយ​កែប្រែ​ពី​ការប្រើប្រាស់​ដៃ​ មក​ជំនួស​ដោយ​ការ​មកប្រើប្រាស់​ ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ និង​មាន​បំពាក់​បច្ចេកវិទ្យា​ខួរក្បាល​សិប្បនិម្មិត​ (AI) រក​ដៃគូ​សហការ​គ្រប់​ខេត្ត​ក្រុង​ ដើម្បី​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ពួកគាត់​អាច​រក​កម្រៃ​ពី​ផលិតផល​១​នេះ​។ ​ហើយ​ថ្ងៃ​អនាគត​ប្អូន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការប្រើប្រាស់ដ្រូន នឹង​ទូលំទូលាយ​ដូច​ការប្រើ​គោយន្ត​ដែរ​»​។

ជាមួយគ្នានេះ លោក​ គង់ គា ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ​លើកឡើងថា បច្ចុប្បន្ន មន្ទីរ​មិនមាន​គម្រោង​ ដែល​ជំរុញ​ដល់​ការប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​នេះ​ទេ​។

លោក​និយាយថា​ “ការជំរុញ​នាពេល​អនាគត គឺ​វា​អាស្រ័យ​ទៅលើ​ផ្នែក​ផ្សេងៗ​ហើយ​បើ​ខាងផ្នែកដ្រូន គឺ​យើង​គ្រាន់តែ​ធ្វើការ​ផ្សព្វផ្សាយ ​ឱ្យ​ជ្រួតជ្រាប​ទាក់ទង​នឹង​បច្ចេកវិទ្យា​ថ្មី ប៉ុន្តែ​ការទទួល​យក​គឺ​ទាល់តែ​កសិករ​ខ្នាត​ធំ”។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នកសិករកម្ពុជា បានប្រើប្រាស់គ្រឿងចក្រ ក្នុងវិស័យកសិកម្មកើនឡើងប្រមាណ៨០ភាគរយហើយ ដោយពួកគាត់លែងប្រើប្រាស់គោ ក្របីតាមបែបប្រពៃណីទៀតហើយ ព្រោះគ្រឿងម៉ាស៊ីនមានភាពងាយស្រួល ចំណេញពេលវេលា និងតម្លៃសមរម្យផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here