ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងការធ្វើមុខជំនួញ ពីមួយសម័យកាលទៅមួយសម័យកាល ធុរជន វិនិយោគិន ក៏ដូចជា អាជីវករបានផ្លាស់ប្តូរនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដោយមិនរក្សានូវយុទ្ធសាស្ត្រដដែលនោះទេ។
នៅក្នុងសម័យបច្ចេកវិទ្យានេះ ម្ចាស់អាជីវកម្មក៏បាន និងកំពុងប្រើប្រាស់ឌីជីថលនៅក្នុងការធ្វើទីផ្សារនៃអាជីវកម្មជាដើម ដូចជា ការទិញលក់តាមប្រព័ន្ធអនឡាញជាដើម ។ ទាំងនេះហើយជា គេហៅថាម៉ូដែលអាជីវកម្មឌីជីថល ។ តើម៉ូដែលអាជីវកម្មគឺជាអ្វីទៅ ។
កញ្ញាទូច សុជាតា សហស្ថាបនិកនិងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុនWeMall បានឱ្យដឹងថានៅ នៅក្នុងតំបន់អាស៊ី កំពុងតែរីកចម្រើនខ្លាំង ទៅលើវិស័យពាណិជ្ជកម្មតាមអនឡាញ ( E-Commerce ) ដូចជា ការទិញលក់អនឡាញ ហើយទំហំនៃការទិញលក់អនឡាញ យើងបានឃើញថាមានការកើនឡើងគួរឱ្យសម្គាល់ ជាពិសេសនៅប្រទេសជិតខាងកម្ពុជារួមមានវៀតណាម ឥណ្ឌូនេស៊ី និងប្រទេសធំៗជាច្រើនទៀត ក្នុងតំបន់អាស៊ី មានសន្ទុះខ្លាំងមែនទែន។
កញ្ញាបន្តថា “អ្វីដែលធ្វើឱ្យអាជីវកម្មឌីជីថល កាន់តែមានសន្ទុះខ្លាំងឡើងនោះ គឺនៅក្នុងដំណាក់កាលនៃកូវីដ១៩ ធ្វើឱ្យមនុស្សខ្លាចមនុស្ស និងខ្លាចការប្រមូលផ្ដុំនៅតាមហាងលក់រាយ និងបានជំរុញឱ្យការលក់តាមអនឡាញ ដូចជា ការបញ្ជាទិញតាមរទូរសព្ទដៃ ការបញ្ជាទិញតាមវែបសាយកើនឡើងខ្ពស់”។ កញ្ញាបន្តថា “សូម្បីតែរដ្ឋាភិបាលកម្ពុជាយើងក៏បានណែនាំ ក្នុងការប្រើប្រាស់ឌីជីថល នៅក្នុងសកម្មភាពសេដ្ឋកិច្ចដែរ ដែលរដ្ឋាភិបាលបានជំរុញដំណើរការ E-Government ដើម្បីផ្ដល់សេវាសាធារណៈ”។
កញ្ញាបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងអាជីវកម្មគឺជាមុខព្រួយធំមួយ សម្រាប់ការរស់រាន នៃអាជីវកម្មឬក៏ការរីកចម្រើនទៅមុខ ។ បច្ចេកវិទ្យាបានជួយយើងច្រើននៅក្នុងបរិបទនេះ ហើយបើសិនជាកូវីដវាបានរារាំង ដល់ដំណើរការអាជីវកម្មហើយ ហេតុអ្វីយើងត្រូវដេកដួលជាមួយវា យើងមិនច្នៃអ្វីដែលអាចដំណើរការបាន។
កញ្ញានិយាយថា កាលពីមុនកូវីដ១៩ ហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន អាចបើកដំណើរការទទួលភ្ញៀវជាតិ និងអន្តរជាតិ ចូលទិញវត្ថុអនុស្សាវរីយ៍ ត្រលប់ទៅកាន់ផ្ទះរបស់ពួកគេ ហើយនៅពេលកូវីដ១៩ចូលមកដល់ បានធ្វើឱ្យបាត់បង់ភ្ញៀវទេសចរយ៉ាងគំហុកហើយ ហាងទាំងនោះក៏ត្រូវបិទ មិនអាចលក់ផ្ទាល់បាន។ ការប្រើប្រាស់ម៉ូដែលអាជីវកម្ម ឬប្រើប្រាស់បច្ចេកវិទ្យា សម្រាប់លក់វត្ថុទាំងនោះ ក៏ចាប់ផ្ដើមកើនឡើងហើយជួយម្ចាស់អាជីវកម្មទាំងនោះបានមួយកម្រិតផងដែរ ។
ប្រធានសមាគមធនាគារនៅកម្ពុជាលោកបណ្ឌិតអ៊ិន ចាន់នីធ្លាប់បានលើកឡើងថា កូវីដ១៩ បានធ្វើឱ្យមនុស្សចេះ កែច្នៃពីវិបត្តិទៅជាឱកាស ជាក់ស្ដែងនៅពេលដែលមនុស្សមិនហ៊ានក្នុងការជួបផ្ទាល់ ការប្រើប្រាស់បច្ចេកវិទ្យាក៏កាន់តែច្រើន ក្នុងនោះវិស័យហិរញ្ញវត្ថុ ក៏បានចាប់យកបច្ចេកវិទ្យា សម្រាប់ដើម្បីប្រើប្រាស់កាន់តែច្រើនផងដែរ នៅក្នុងបរិបទកូវីដ១៩ និងបានជួយដល់អ្នកប្រើប្រាស់ កាន់តែមានភាពងាយស្រួលផងដែរ ៕