ក្រសួងពាណិជ្ជកម្មប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ទីផ្សារសម្រាប់ ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា”

ដោយៈសុជាតា

ភ្នំពេញៈ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ លទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី  “ទីផ្សារសម្រាប់ផលិតផលកសិ​កម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា”។

កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ បានលើកឡើងថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ របស់កម្មវិធីខ្សែច្រវ៉ាក់ តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លទ្ឋផលនៃការសិក្សានេះ បានបង្ហាញអំពីផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់របស់កម្ពុជាចំនួន៩មុខ រួមមាន ផ្លែស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា  ផ្លែបឺរ ល្ងរ ស្ករត្នោត និងចេកក្រៀម សម្រាប់ផ្សព្វផ្សាយដល់សាធារណៈជន កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធនឹងផលិតផលកសិកម្មកម្ពុជាដែលមានតម្លៃខ្ពស់ទាំងនេះ អំពីកាលានុវត្តភាពនៃផលិតផល និងទីផ្សារនៅក្នុងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ អឺរ៉ុប ចិន អាស៊ាន និងបណ្ដាទីផ្សារសក្តានុពល ដែលមានតម្រូវការទីផ្សារខ្ពស់ផ្សេងទៀត ដើម្បីជាព័ត៌មានក្នុងការសម្រេចចិត្តលើការវិនិយោគ ជាពិសេសការពង្រីកអាជីវកម្ម ឱ្យបានកាន់តែប្រសើរ សំដៅរួមចំណែក ក្នុងការអភិវឌ្ឍន៍ពាណិជ្ជូបនីយកម្មនៅកម្ពុជា ប្រកបដោយបរិយាប័ន្ន ដែលនឹងជួយរួមចំណែកគាំទ្រ ដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្រ្តី ក៏បង្ហាញអំពីសមិទ្ធផលនិងផែនការការងារ ដែលក្រសួងពាណិជ្ជកម្មសម្រេចបាននិងកំពុងអនុវត្ត រួមមាន ការបញ្ចប់និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ការងារអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ការងាររៀបចំយុទ្ធសាស្រ្តទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរី និងការងារអាទិភាពផ្សេងទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ចជាតិក្នុងអំឡុងពេលនិងបន្ទាប់ពីវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះដែរ លោក Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ផងដែរថា វិស័យកសិកម្មបានផ្តល់ឱ្យកម្ពុជានូវស្ថិរភាព ដែលត្រូវការជាចាំបាច់ក្នុងកំឡុងពេលកូវីដ-១៩ និងជាចំណុចកណ្តាលនៃការស្តារសេដ្ឋកិច្ចឡើងវិញ។

លោកបន្តថា ការសិក្សារបស់ “CAVAC” លើផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជានេះ ជាមគ្គុទេសន៍ថ្មីមួយ សម្រាប់ការរីកចម្រើននាពេលអនាគត តាមរយៈការលើកទឹកចិត្តវិស័យឧស្សាហកម្ម ក្នុងការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ការនាំចេញ ទៅជាប្រភេទដំណាំប្រកបដោយភាពច្នៃប្រឌិត ដូចជា ផ្លែប័រ និងគ្រាប់ស្វាយចន្ទី។ ទាំងនេះនឹងជួយធ្វើឱ្យវិស័យកសិកម្មមានភាពធន់និងការប្រកួតប្រជែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here