ដោយៈលក្ខិណា
ភ្នំពេញៈ ដោយសារតែការហូរចូលនៃសត្វកន្ធាយ ពីប្រទេសជិតខាងជាពិសេសពីប្រទេសវៀតណាម បានធ្វើឱ្យតម្លៃកន្ធាយរបស់កសិករកម្ពុជា មានការធ្លាក់ចុះជាបន្តបន្ទាប់ ហើយប្រឈមនឹងការខាតបង់បន្តទៀត បើសិនជាមិនមានការទប់ស្កាត់ការហូរចូលពីខាងក្រៅ។
ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយ និងជាអ្នកប្រមូលទិញពីកសិករចិញ្ចឹមកន្ធាយឈ្មោះ ហេង ម៉ាទីណេ នៅវិហារសួរបានឱ្យដឹងកាលពីម្សិលម៉ិញនេះថា កាលពីមុនតម្លៃកន្ធាយដែលលក់ចេញលើទីផ្សារមានតម្លៃ ១៤ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម ប៉ុន្តែក្រោយមកដោយសារតែការហូរចូលជាបន្តបន្ទាប់ ពីសត្វកន្ធាយនាំចូលពីខាងក្រៅប្រទេស ធ្វើឱ្យកន្ធាយក្នុងស្រុកត្រូវធ្លាក់ចុះជាបន្តបន្ទាប់ ធ្វើឱ្យកសិករពិបាកក្នុងការប្រកួតប្រជែងតម្លៃលើទីផ្សារខ្លាំងណាស់ ។
ម្ចាស់កសិដ្ឋានរូបនេះបាននិយាយថា នៅពេលកន្ធាយនាំចូលគេលក់ក្រោមយើង យើងក៏បញ្ចុះតម្លៃលក់តម្លៃ ប្រហាក់ប្រហែលឬស្មើនឹងគេដែរ តែគេក៏បញ្ចុះបន្ថែមទៀត ជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះកន្ធាយ មួយគីឡូក្រាមត្រឹមតែ៦ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យកសិករត្រូវបង្ខំចិត្តលក់ចេញទាំងខាតក៏មានដែរ ។
លោកបន្តថា “ខ្ញុំជាអ្នកចិញ្ចឹមកន្ធាយផង និងជាអ្នកប្រមូលទិញពីកសិករចិញ្ចឹមកន្ធាយផងដែរ ហើយមុននឹងកសិករចាប់ផ្ដើមចិញ្ចឹម យើងបានចុះកុងត្រាទិញពីពួកគាត់ក្នុងតម្លៃចរចាគ្នាមួយ”។លោកបន្តថា “ប៉ុន្តែជាក់ស្ដែងនៅពេលដល់រដូវប្រមូលផលស្រាប់តែកន្ធាយនាំចូលពីខាងក្រៅប្រទេសច្រើន ហើយលក់ក្រោមតម្លៃ កន្ធាយដែលយើងបានចរចា ដូច្នេះយើងពិតជាពិបាកក្នុងការចាប់យកមកលក់បន្តណាស់”។
ម្ចាស់កសិដ្ឋាននិងជាតំណាងកសិករចិញ្ចឹមកន្ធាយ នៅវិហារសួគ៌បានសំណូមពរដល់រដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជួយពិនិត្យនិងរឹតបន្តឹង ចំពោះការហូរចូលកន្ធាយពីខាងក្រៅ មកសម្លាប់កសិករកម្ពុជាដែលចិញ្ចឹមកន្ធាយដែរនោះ ។
កាលពីថ្ងៃទី២៣ សីហា២០២១កន្លងទៅនេះ លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា ផលិតផលវារីវប្បកម្មកម្ពុជា ពិតជាកំពុងជួបបញ្ហានឹងទីផ្សារពិតមែន ព្រោះទី១ ដោយសារតែតម្រូវការថយចុះ ពីព្រោះតែវិបត្តិកូវីដ១៩ មិនអាចឱ្យពលរដ្ឋរៀបចំពិធីជួបជុំនានា អាពាហ៍ពិពាហ៍ ជាដើម ។ មួយវិញទៀត ដោយសារតែការប្រកួតប្រជែងតម្លៃ វារីវប្បកម្ម នាំចូលពីខាងក្រៅប្រទេស ទើបធ្វើឱ្យផលិតផលរបស់កសិករកម្ពុជា ត្រូវប្រឈមនឹងបញ្ហាបែបនេះ៕