ដោយៈលក្ខិណា
ភ្នំពេញៈ កម្ពុជាក៏មានរោងចក្រកែច្នៃមៀន ដែលបានបោះទុនវិនិយោគ៥លានដុល្លារ និងបានសាងសង់រួចរាល់ហើយ តែមិនអាចដំណើរការបានទេនៅពេលនេះ។
លោកសួន ជុំ សមាជិកក្រុមប្រឹក្សាភិបាលនៃសហគមន៍មៀនប៉ៃលិនបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ សីហានេះថា មៀនរបស់កសិករកម្ពុជា ដែលដាំនៅខេត្តចំនួន៣រួមមានខេត្តប៉ៃលិន បន្ទាយមានជ័យ និងបាត់ដំបង គឺរាល់ឆ្នាំ ត្រូវនាំចេញទៅកាន់ប្រទេសថៃ គឺផ្គត់ផ្គត់ទៅរោងចក្ររបស់ចិនមួយ មានទីតាំងនៅប្រទេសថៃ តែដោយសារតែឆ្នាំ ២០២១នេះប្រទេសថៃ បានផ្ទុះជំងឺកូវីដ១៩ក្នុងសហគមន៍ខ្លាំង ទើបធ្វើឱ្យអាជ្ញាធរថៃមិនអនុញ្ញាតឱ្យកសិករកម្ពុជា ដឹកផ្លែមៀនទៅកាន់រោងចក្របានដូចសព្វដង ។
លោកបន្តថា “តាមពិតទៅវិនិយោគិនបានមកបណ្ដាក់ទុនវិនិយោគ រោងចក្រកែច្នៃមៀននៅក្នុងប្រទេសកម្ពុជា និងបានសង់រោងចក្ររួចរាល់ហើយតម្លៃ៥លានដុល្លារអាមេរិក”។លោកបន្តថា “ប៉ុន្តែរោងចក្រនោះគឺនៅថ្មីស្អាត មិនទាន់ដំណើរការបាននៅឡើយទេ ដោយសារកម្ពុជានៅមានរបាំងភូតគាមអនាម័យ និងមិនអាចនាំចេញមៀននៅកាន់ប្រទេសចិនបាន”។
បើសិនជាផលិតផលឬកែច្នៃជាផលិតផលសម្រេចបាន ហើយក៏មិនដឹងថានាំចេញទៅណា ខណៈទីផ្សារប្រទេសកម្ពុជា ក៏មិនធំប៉ុន្មានសម្រាប់ផលិតផលមៀនកែច្នៃរួច។
លោកសួន ជុំបានបន្ថែមថា អ្វីដែលកសិករនិងសហគមន៍មៀនចង់បាននោះ គឺស្នើសុំឱ្យរដ្ឋាភិបាល ពន្លឿនការចរចាជាមួយភាគីចិន ដើម្បីឱ្យកម្ពុជារួចផុតពីរបាំងភូតគាមអនាម័យ និងអាចអនុញ្ញាតឱ្យផលិតផលមៀនកម្ពុជា នាំចេញទៅកាន់ប្រទេសចិនបាន ពេលនោះ កម្ពុជានឹងមិនចាំបាច់ដឹកមៀនស្រស់ទៅកាន់ប្រទេសថៃ ឱ្យរោងចក្រកែច្នៃហើយនាំចេញទៅកាន់ប្រទេសចិននោះទេ គឺយើងអាចដឹកមៀនទៅកាន់រោងចក្រ ក្នុងស្រុកគឺក្បែរចំការរបស់កសិករ ដើម្បីកែច្នៃហើយនាំចេញទៅកាន់ប្រទេសចិន ដោយផ្ទាល់តែម្ដង ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនធ្លាប់បានលើកឡើងថា ការចរចាផលិតផលកសិកម្មរបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសចិនគឺត្រូវធ្វើឡើងម្ដងមួយដំណាក់ៗ ជាក់ស្ដែងកាលពីអំលុងខែឧសភា កម្ពុជាបានសម្រេចនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនជាលើកដំបូង ហើយកម្ពុជាក៏បាននិងកំពុងចរចាជាមួយភាគីចិន ដើម្បីនាំចេញផ្លែមៀននិងផ្លែស្រកានាគ ទៅកាន់ទីផ្សារប្រទេសចិនផងដែរ ដូច្នេះនៅពេលអនាគតផ្លែមៀនកម្ពុជា នឹងទៅកាន់ទីផ្សារចិនដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣ឡើយ៕