រដ្ឋមន្រ្តីកសិកម្មៈវិបត្តិកូវីដ១៩ធ្វើឱ្យការផ្គត់ផ្គត់ផលិតផលវារីវប្បកម្មលើសតម្រូវការ

ដោយៈលក្ខិណា

ភ្នំពេញៈ ដោយសារតែវិបត្តិកូវីដ១៩ បានធ្វើឱ្យការជួបជុំ រៀបចំកម្មវិធី ដូចជាមង្គលការ ពិធីបុណ្យ និងពិធីជប់លៀងនានា ត្រូវបានផ្អាក ធ្វើឱ្យតម្រូវការសាច់ត្រី និងផលិត​ផលវារីវប្បកម្មផ្សេងៗទៀតមានការចុះ។

ប៉ុន្តែការផលិតរបស់វារីវប្បករ នៅតែមានកំនើនខ្ពស់ ទើបធ្វើឱ្យការផ្គត់ផ្គង់មានការលើសពីតម្រូវការនិងបាជំរុញ ឱ្យមានបញ្ហាលើទីផ្សារវារីវប្បកម្មក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី២៣ សីហា២០២១នេះបានឱ្យដឹងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ សកម្មភាពវារីវប្បកម្ម មានការវិវត្ត និងទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់  និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់រាជរដ្ឋាភិបាល ជាមួយនឹងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វារីវប្បករ ក្នុងការធ្វើវារីវប្បកម្មខ្នាតតូច មធ្យម និងខ្នាតធំ ដែលធ្វើឱ្យទិន្នផលវារីវប្បកម្មមានការកើនឡើងជាលំដាប់ ។

លោកបន្តថា ទន្ទឹមនឹងនេះ ការធ្វើវារីវប្បកម្មក៏បានជួបប្រទះ នឹងបញ្ហាប្រឈមផលដែរ ក្នុងឆ្នាំ២០២០ នៅក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកុវឌី១៩  ដោយម្មវិធីជួបជុំដូចចាការរៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗកន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយចំនួនត្រូវបានបិទខ្ទប់ ជាបណ្ដោះអាសន្ន ដែលបានធ្វើឱ្យតម្រូវការសាច់ត្រីមានការថយចុះ  គួបផ្សំផលិតផលវារីវប្បកម្មក្នុងស្រុក មិនអាចធ្វើការប្រកួតប្រជែងបានជាមួយនឹងការនាំចូលត្រីសាច់ពីប្រទេសជិតខាង ដែលជាហេតុធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងការរកទីផ្សារ ។

លោកវេង សាខុនបានបន្តថា ក្នុងបរិការណ៍នេះ យើងបានសង្កេតឃើញថាវិស័យឯកជន និងវារីវប្បករដែលប្រកបរបរវារីវប្បកម្មខ្នាតធំ បានជួបប្រទះនូវបញ្ហាការកកស្ទះត្រីដោយពួកគាត់ផលិតបានហើយ ប៉ុន្តែគ្មានឈ្មួញមកទិញ ឬលក់បានក្នុងតម្លៃទាបជាងថ្លៃដើមផលិត។ បញ្ហានេះ ធ្វើឱ្យមានការអូសបន្លាយរហូត ដល់ឆ្នាំ២០២១ ដែលវិស័យឯកជន មួយចំនួនមានលក្ខណៈនឿយណាយ និងពន្យារពេលក្នុងការដាក់កូនត្រីពូជចិញ្ចឹ​មបន្ត។

លោកបន្ថែមថា ការធ្វើវារីវប្បកម្មខ្នាតតូច និងមធ្យមនៅដំណើរការធម្មតា ព្រមទាំងមានសន្ទុះកើនឡើង ដោយទទួលបានការគាំទ្រ តាមរយៈរាជរដ្ឋាភិបាលនិងគម្រោងអភិវឌ្ឍន៍នានា ទៅលើការចិញ្ចឹមត្រីអណ្ដែង ឬកង្កែបក្នុងតប់ប្លាស្ទីក ការចិញ្ចឹមត្រី ឬបង្កងក្នុងស្រែ ការចិញ្ចឹមត្រី ក្នុងប្រព័ន្ធធារាសាស្ត្រជាដើម ។ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ និងការកកស្ទះផល ផលិតផលវារីវប្បកម្មនេះ វារីវប្បករមួយចំនួនបានងាកផ្ដោតទៅលើការកែច្នៃបន្ថែម ដូចជា ការកែច្នៃត្រីឆ្អើត្រីងៀ ត្រីប្រាហើម ផ្អកប្រហុកជាដើម ដើម្បីបន្ថយការកកស្ទះ ធ្វើសមាហរណកម្មផលិតផលវារីវប្បកម្មកែច្នៃ ទៅក្នុងទីផ្សារ និងបន្ថែមតម្លៃនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ។

នៅក្នុងវិស័យកសិកម្ម មិនមែនមានតែបញ្ហាទីផ្សារវារីវកម្មមួយនេះទេ ដែលមានបញ្ហា ទីផ្សារផ្លែមៀនរបស់កសិករនៅខេត្តចំនួនបី ក៏បានប្រឈមនឹងបញ្ហាអត់ទីផ្សារនាំចេញ ក៏ប៉ុន្តែរដ្ឋាភិបាលបានដោះស្រាយជួយកសិករបន្ទាន់ ដោយបានប្រមូលទិញពីកសិករ ដើម្បីចែកជូនមន្ត្រីរាជការគ្រូពេទ្យ កងកំលាំងប្រដាប់អាវុធ ហើយធ្វើឱ្យបញ្ហាត្រូវបានកាត់បន្ថយមួយកម្រិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here