ក្រុមហ៊ុន៤ស្នើសុំនាំចូលជ្រូក ខណៈកន្លងមកអ្នកចិញ្ចឹមស្នើសុំឱ្យអ្នកនាំចូលងាមកចិញ្ចឹមវិញ

ដោយៈលក្ខិណា

ភ្នំពេញៈ បញ្ហាទីផ្សារជ្រូកនៅតែចម្រូងចម្រាស់ រវាងអ្នកចិញ្ចឹម និងអ្នកនាំចូល ដោយអ្នកចិញ្ចឹម នៅតែបន្តស្នើសុំឱ្យក្រសួងបិទការនាំចូល រឹតបន្តឹងការនាំចូលសត្វជ្រូកពីប្រទេសក្រៅមកផ្គត់ផ្គង់ ដើម្បីទុកលទ្ធភាពឱ្យកសិករ និងក្រុមហ៊ុនក្នុងស្រុកអាចទទួលបានចំណូលពីការចិញ្ចឹម។

ប៉ុន្តែអ្នកនាំចូលវិញ បែរជាស្នើសុំបន្ថែមការនាំចូល ពីខាងក្រៅប្រទេសវិញ ដោយលើកហេតុផលថា ដើម្បីធ្វើឱ្យទីផ្សារជ្រូកចុះថ្លៃ សម្រាប់អ្នកបរិភោគ ជាពិសេសបង្កើនចំណូលរដ្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមលិខិតមួយ ដែលតំណាងឱ្យក្រុមហ៊ុននាំចូលចំនួន៤ រួមក្រុមហ៊ុនផៅវ័រ អ៊ិនធើ អេស៊ាន ជេអិន ក្រុមហ៊ុនឆាង រឹទ្ធ ត្រេឌីង ក្រុមហ៊ុនវូស៊ីតា និងក្រុមហ៊ុនជីធីហ្វោនដេសិន បានដាក់សំណើរទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីពាណិជ្ជកម្ម ដើម្បីនាំចូលជ្រូកមកកម្ពុជាបំពេញតម្រូវការ។

នៅក្នុងសំណើរបានលើកពីហេតុផល៣ដូចជា ទី១ អាចប្រមូលចំណូលចូលថវិកាជាតិជាង៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ទី២ ជួយពលរដ្ឋបានហូបសាច់ជ្រូក ក្នុងតម្លៃសមរម្យ និងទី៣ ធ្វើអ្នកចិញ្ចឹមក្នុងស្រុកទទួលបានផលល្អ តាមរយៈការដេញថ្លៃប្រកួតប្រជែងទីផ្សារដោយសេរី។

តែយ៉ាងណាក្ដីអ្នកចិញ្ចឹមក្នុងស្រុកវិញ បានគាំទ្រចំពោះក្រសួងកសិកម្ម ដែលបានរឹតបន្តឹង និងកំណត់ចំណូលនាំចូលពីខាងក្រៅ ដើម្បីទុកឱ្យអ្នកខាងក្នុងមានលទ្ធភាពក្នុងការផ្គត់ផ្គង់ជ្រូកនៅលើទីផ្សារ ជាជាងនាំចូលជ្រូកពីខាងក្រៅ មិនមានប្រភពច្បាស់លាស់មកចម្លងដល់ជ្រូកក្នុងស្រុក។

លោកស្រ៊ុន ពៅប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានលើកឡើងថា អ្នកនាំចូល គួរតែវិនិយោគចិញ្ចឹមជ្រូកវិញម្ដង ទើបដឹងថាវាពិបាកប៉ុណ្ណា សូមកុំចាំតែនាំចូលមកស្រាប់ៗ មកសម្លាប់ទីផ្សារជ្រូកក្នុងស្រុក ពីព្រោះការនាំចូលមកច្រើនពេក ធ្វើឱ្យតម្លៃជ្រូកនៅក្នុងស្រុកធ្លាក់ចុះ ហើយនៅពេលធ្លាក់ចុះពលរដ្ឋ និងអ្នកចិញ្ចឹមក៏បោះបង់ធ្វើឱ្យពលរដ្ឋខ្មែរមិនមានសាច់ជ្រូកខ្មែរបរិភោគ បែរជាហូបសាច់ជ្រូកបរទេសសុទ្ធសាធ។

លោកបន្តថា “យើងធ្លាប់មានបទពិសោធន៍ម្ដងហើយ លើរឿងនាំចូលច្រើនហើយនាំទាំងជំងឺមកទៀត ធ្វើឱ្យជ្រូកកសិករខ្មែរមិនមានអ្នកបរិភោគ អ្នកបោះបង់ក៏ច្រើន បាត់ចំណូលសម្រាប់ចិញ្ចឹមជីវភាពគ្រួសារ បាត់បង់មុខរបរចំណាកស្រុកជាដើម”។

លោកស្រ៊ុន ពៅបានបន្ថែមថា នៅពេលរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្មបានទប់ស្កាត់ ការនាំចូលពីខាងក្រៅប្រទេសដូច្នេះ នឹងធ្វើឱ្យកំណើនអ្នកចិញ្ចឹម ក្នុងស្រុកកាន់​តែច្រើនបានតម្លៃក៏សមរម្យ ហើយវាមិនត្រឹមតែជួយដល់អ្នកចិញ្ចឹម ក្នុងស្រុកប៉ុណ្ណោះទេ តែថែមទាំងជួយដល់អ្នកផ្គត់ផ្គត់វត្ថុធាតុដើម សម្រាប់ផ្តត់ចំណីទៀតផង ដូចជា កសិករដាំពោត សណ្ដែក និងស្រូវជាដើម ។

លោកបន្តថា “ដូច្នេះបើចង់ជួយកសិករ និងធានាបានសុវត្ថិភាពសាច់ជ្រូកក្នុងស្រុកនោះ អ្នកនាំចូលគួរតែវិនិយោគចិញ្ចឹមជ្រូកវិញល្អជាងនាំចូល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here