ដំណឹងរីករាយៈបរវរកញ្ញាជប៉ុនកំពុងជួយផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយចន្ទីររបស់កម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ជាក់នាពេលថ្មីៗនេះថា កញ្ញា រូរី សាជី ( Ruri Saji) Miss Grand Japan 2020 របស់ជប៉ុន កំពុងជួយផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដល់ប្រជាជនជប៉ុននៅក្នុងទីផ្សារប្រទេសជប៉ុន។

លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងក្តីសង្ឃឹមថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងកាន់តែមានប្រជាប្រិយភាព នៅលើទីផ្សារប្រទេសជប៉ុន បន្ទាប់ពីបានការជួយផ្សព្វផ្សាយ ពីបវកញ្ញាជប៉ុនសម្រាប់កម្មវិធី Miss Grand Japan 2020 ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “សកម្មភាពផ្សព្វផ្សាយផលិផល គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងធ្វើឡើងនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន ដោយបរវរកញ្ញាជប៉ុន ឆ្នាំ២០២០ កញ្ញា រូរី សាជី” ។ កញ្ញា រូរី សាជី កំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីជូនព័ត៌មានអំពីសក្តានុពល រស់ជាតិ គ្រាប់ស្វាយចន្ទីកម្ពុជា ដល់ប្រជាជនជប៉ុន”។

កញ្ញា រូរី សាជី កាលពីខែមីនា គឺជាបវកញ្ញាជប៉ុន ដែលបានឈ្នះពានរង្វាន់លើផ្នែកសម្លៀកបំពាក់ជាតិល្អបំផុត ក្នុងកម្មវិធីប្រកួត Miss Grand International ឆ្នាំ ២០២០ ដែលរៀបចំឡើងនៅប្រទេសថៃផងដែរ។

ចាប់ពីខែមករា ដល់ខែមិថុនា ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន៨៤៣ ២៤៣តោន ដោយភាគច្រើនទៅប្រទេសវៀតណាម ថៃ និងចិន បន្ទាប់មកទៅកាន់ប្រទេសជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ឡាវ អារ៉ាប់រួម ជាដើម។

នាពេលថ្មីៗនេះ គ្រាប់ស្វាយចន្ទីកម្ពុជា ដែលត្រូវបានសាកល្បងដោយជនជាតិជប៉ុន បានបង្ហាញថាគ្រាប់ស្វាយចន្ទីកម្ពុជា មានរសជាតិឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទីមកពីប្រទេសនានា ដូចជា វៀតណាម ឥណ្ឌា និងអាហ្រ្វិក ប៉ុន្តែជាទូទៅគុណភាព អនាម័យ ការផលិត ការប្រើប្រាស់បច្ចេកវិទ្យា ដាំដុះ និងការកែច្នៃផលិតផលស្វាយចន្ទី គឺនៅមានកម្រិតនៅឡើយ ហើយកត្តាអវិជ្ជមានទាំងនេះ ធ្វើឱ្យពិបាកក្នុងការស្វែងរកទីផ្សារនៅជប៉ុន។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រោមក្របខ័ណ្ឌនៃជំនួយឥតសំណង ខ្នាតតូចរបស់រដ្ឋាភិបាលជប៉ុន កញ្ចប់ជំនួយឥតសំណងតម្លៃ១៦៩,៧២០ ដុល្លារត្រូវបានផ្តល់ ដើម្បីពង្រឹងស ង្វាក់ និងតម្លៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ។

ជាលទ្ធផល គ្រាប់ស្វាយចន្ទីកែច្នៃចំនួន៧,៦តោន ដែលជាផលិតផលសម្រេចរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលមានទីតាំងនៅខេត្តកំពង់ធំ ត្រូវបានដឹកជញ្ជូនដោយផ្ទាល់ទៅកាន់ប្រទេសជប៉ុនកាលពីខែមិថុនា។

ក្នុងឆ្នាំ២០២០ ការដាំដុះស្វាយចន្ទីនៅកម្ពុជា គ្របដណ្តប់លើផ្ទៃដី២៥៨.៩៨៤ ហិកតា នៅក្នុងនោះ ផ្ទៃដីប្រមូលផលមានប្រមាណ១៦២.២៩៤ ហិកតា ជាមួយនឹងទិន្នផលជាមធ្យម ១.៤៩ តោនក្នុងមួយហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here