វិបត្តិទីផ្សារមៀនប៉ៃលិន កសិករនឹងបាត់ចំណូលប្រមាណ៥០លានដុល្លារ ដោយសារបិទព្រំដែន

ដោយៈលក្ខិណា

ភ្នំពេញៈ បញ្ហាទីផ្សារមៀនប៉ៃលិនឆ្នាំនេះ កសិករនៅខេត្តចំនួនបី រួមមានខេត្តប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង គ្រោងនឹងចាក់ចោលមៀនប៉ៃលិនរហូតដល់៥ម៉ឺនតោន បើគិតជាទឹកប្រាក់ប្រមាណ៥០លានដុល្លារអាមេរិក ក្រោយពេលភាគីថៃមិនអនុញ្ញាតឱ្យផ្លែមៀនប៉ៃលិនពីកម្ពុជាចូលដីថៃ។

លោកសួន ជុំ សមាជិកក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិនបានមានប្រសាសន៍ឲ្យ​ដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៣ សីហានេះថា នៅរដូវប្រមូលផលផ្លែមៀនប៉ៃលិនហើយ បែរជាកសិករមិនអាចនាំផ្លែឈើនេះ ទៅកាន់ដៃគូរបស់ខ្លួននៅឯក្រៅប្រទេសបានជាពិសេសប្រទេសថៃ ដែលកសិករដាំមៀនប៉ៃលិនភាគច្រើន មានដៃគូរោងចក្រកែច្នៃមៀនរបស់វិនិយោគិនចិននៅក្នុងប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ពួកយើងពិតជាឆ្ងល់ណាស់ ទំនិញរបស់ថៃបានចូលមកទឹកដីកម្ពុជាជារៀងរាល់ថ្ងៃ តែទំនិញកម្ពុជាវិញបែរជាមិនអាចសូម្បី តែនាំឆ្លងកាត់ទៅព្រំដែនហើយដឹកចូលរោងចក្ររបស់ថៃសោះក៏មិនបានដែរ”។ លោកបន្តថា បញ្ហានេះ ពួកយើងបានជម្រាបទៅកាន់អាជ្ញាធរកម្ពុជា ហើយខាងភាគីកម្ពុជាក៏បានបញ្ជាក់ថា នឹងចាត់តំណាងទៅចរចាពិភាក្សាជាមួយភាគីថៃ ដើម្បីបើកច្រកហើយឱ្យទំនិញរបស់កម្ពុជា ជាពិសេសផ្លែមៀនប៉ៃលិន ទៅកាន់រោងចក្រនៅក្នុងប្រទេសថៃបានដូចប្រក្រតីវិញ។

លោកបន្ថែមថា បើសិនជាកម្ពុជាចរចា បានសម្រេចនូវភូតគាមអនាម័យ នឹងមានរោងចក្រពីប្រទេសចិន ផ្ទាល់មកបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាកែច្នៃនាំចេញទៅចិនដោយផ្ទាល់ ពេលនោះផ្លែឈើមៀនប៉ៃលិន លែងមានបញ្ហាទីផ្សារទៀតហើយ តែដោយសារតែរបាំងភូតគាមអនាម័យនេះហើយ ដែលធ្វើឱ្យវិនិយោគិនមិនអាចចូលមកបណ្ដាក់ទុនលើវិស័យនេះបាន ដូច្នេះស្នើសុំរាជរដ្ឋាភិបាល ដែលមានក្រសួងកសិ​កម្មរុក្ខាប្រមាញ់ និងនេសាទពន្លឿនការចរចាផ្លែឈើនេះឱ្យបានសម្រេចឆាប់ៗផង។

លោកឌិន សុមេធារឹទ្ធប្រធានសមាគមសណ្ឋាគារកម្ពុជា បានប្រកាសថា នឹងទិញផ្លែឈើនេះពីកសិករនៅស្រុកភ្នំព្រឹក ប្រមាណ២០តោនទៅចែកចាយ ដល់មិត្តភក្ដិរបស់លោកនិងហាងកាហ្វេ អាហារដ្ឋានមួយចំនួនទៀត ដើម្បីចែកជូនអតិថិជនឬសាច់ញាតិគេពីសា។

លោកឌិន សុមេធារឹទ្ធបានមានប្រសាសន៍ថា ជំហានដំបូងលោកថាទិញតែ១០តោនប៉ុណ្ណោះ តែក្រោយមកក៏មានមិត្តភក្ដិ និងអ្នកស្គាល់គ្នាបានឱ្យជួយទិញម្នាក់១០០គីឡូ ២០០គីឡូ ធ្វើឱ្យចំនួនត្រូវទិញឡើងដល់ជាង២០តោន ហើយតម្រូវការវានឹងឡើងតទៀតនៅពេលមានការបញ្ជាទិញតាមរយៈរូបលោក។

យ៉ាងណាក្ដី ទីផ្សារក្នុងស្រុកមិនអាចឆ្លើយតប នឹងបរិមានមៀនប៉ៃលិន ដែលកំពុងទទួលផលបានទេ បានន័យថាវាគ្រាន់តែ ជាចំណែកមួយតូចប៉ុណ្ណោះនៃទិន្នផល ដូច្នេះមៀននៅតែចាល់ទីភ្សារដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here