ក្រសួងកសិកម្មបង្ហាញហេតុផលចំនួន៩ដែលធ្វើឱ្យតម្លៃជីកសិកម្មនៅកម្ពុជាថ្លៃជាងឆ្នាំកន្លងៗទៅ

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងហេតុផលចំនួន៩ ដែលនាំឲ្យតម្លៃជីកសិកម្មមានថ្លៃជាងឆ្នាំកន្លងៗទៅ ហើយហេតុផលនោះរួមមានការពិបាកនាំចូលដោយសារវិបត្តិកូវីដ១៩ និងការមិនទាន់មានលទ្ធភាពផលិតជីដោយខ្លួនឯងបាន ទើបធ្វើឲ្យតម្លៃជីកសិកម្មនៅកម្ពុជាឡើងថ្លៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម ពន្យល់ពីការឡើងថ្លៃនៃតម្លៃជីកសិកម្ម ដែលចេញផ្សាយនៅថ្ងៃទី១០ ខែសីហានេះ។

ក្រសួងកសិកម្មបានឱ្យដឹងថា ផលិតកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងឆ្នាំ២០២១ បានពិនិត្យឃើញថា មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ រីឯតម្រូវការថ្នាំកសិកម្ម និងជីកសិកម្ម ដ៏មានសន្ទុះកើនឡើងផងដែរ ដោយក្នុងឆ្នាំ២០២០ មានក្រុមហ៊ុននាំចូលថ្នាំកសិកម្ម និងជីកសិកម្ម យោងតាមលិខិតអនុញ្ញាតនាំចូលមាន៖ ថ្នាំកសិកម្មចំនួន ១០៣,០០៥តោន និងជីកសិកម្មចំនួន ១,៤០៦,៧៧៥តោន។
ដោយឡែកក្នុងឆ្នាំ២០២១នេះ គិតត្រឹមខែឧសភា ក្រសួងបានពិនិត្យឃើញថា ការនាំចូលថ្នាំកសិកម្ម មានចំនួន ៤៧ ៤០៩ តោន និងជីកសិកម្មចំនួន ៨៥៨ ៦៣២ តោន។
ក្រសួងបញ្ជាក់ថា ទន្ទឹមនឹងនេះតម្លៃជីកសិកម្ម ក៏មានតម្លៃថ្លៃ ជាងកាលពីឆ្នាំកន្លងទៅដែរ ដោយផ្តើមចេញពីមូលហេតុសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១៖ នៅបណ្តាប្រទេសផលិតថ្នាំកសិកម្ម និងជីកសិកម្មនាំចេញ មិនអាចផលិតឆ្លើយតបបានតាមការបញ្ជាទិញពីប្រទេសកម្ពុជា។
២៖ វត្ថុធាតុដើមមានការខ្វះខាត ក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗមានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់។
៣៖ ផលិតកម្មជីកសិកម្ម ត្រូវបានកាត់បន្ថយកម្លាំងពលកម្ម ដោយបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជានៅក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម។
៤៖ ការដឹកជញ្ជូនប្រើពេលវេលាយូរ ដោយមានបញ្ហារីករាលដាលជំងឺកូវីដ-១៩ (មានការប្រុងប្រយ័ត្នទៅលើផ្នែកសុខភាព និងត្រួតពិនិត្យតាមវិធានសុខាភិបាល)។
៥៖ ទន្ទឹមនឹងការបញ្ជាទិញពីប្រទេសកម្ពុជា នៅបណ្តាប្រទេសផ្សេងៗ ក៏បានបញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ។
៦៖ ការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញ ដែលត្រូវការសំបកវេចខ្ចប់បោះពុម្ពជាភាសាខ្មែរ។
៧៖ ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួន មិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ឈ្មួញកណ្តាល ជាហេតុធ្វើឲ្យជី-ថ្នាំកសិកម្មថ្លៃជាងតម្លៃ នៅរោងចក្រផលិត។
៨៖ តម្រូវការជីកសិកម្មក្នុងស្រុក មានការកើនឡើងច្រើន ដោយសារអ្នកវិនិយោគមួយចំនួន ប្ដូរពីវិស័យផ្សេងៗ មកវិនិយោគលើវិស័យកសិកម្ម។
៩៖ ប្រទេសកម្ពុជា មិនទាន់មានលទ្ធភាពអាចផលិតជីកសិកម្មបាននៅឡើយ (មានលទ្ធភាពផលិតជីធម្មជាតិ និងជីសរីរាង្គតែប៉ុណ្ណោះ)៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here