តើប្រទេសណាដែលបានបង្កើតធនាគារមុនគេបង្អស់ក្នុងពិភពលោក?

ដោយៈសុខុម

អន្តរជាតិៈ បច្ចុប្បន្នអ្នកណាក៏ស្គាល់ធនាគារដែរ ហើយប្រហែលជាស្គាល់ច្បាស់ថែមទៀតផង ព្រោះស្ទើរតែគ្រប់គ្នាទៅហើយ ដែលជំពាក់លុយធនាគារ មិនថាខ្ចីយកមករកស៊ី ខ្ចីយកមកសាងសង់ផ្ទះ ខ្ចីយកមកធ្វើស្រែចម្ការ បង់រំលស់ផ្ទះ រថយន្ត ម៉ូតូ និងទូរស័ព្ទជាដើម ។ល។

ប៉ុន្តែលោក អ្នកដឹងទេថា តើអ្នកណា ឬប្រទេសណាដែលបង្កើតធនាគារមុនគេបង្អស់ក្នុងពិភពលោក?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែកតាមគេហទំព័រ Wikipedia ដ៏ល្បីល្បាញបង្ហាញថា ប្រវត្តិនៃធនាគារបានចាប់ផ្តើមកកើតដំបូងបង្អស់ គឺចេញពីពួកនាយទុន ឬឈ្មួញ ដោយគ្មានស្ថាប័នធនាគារដូចបច្ចុប្បន្ន ដែលមានអគារធំៗបែបនេះឡើយ។ នៅសម័យបុរាណឈ្មួញនៅទូទាំងពិភពលោកបានចងការប្រាក់ឱ្យកសិករ និងពាណិជ្ជករ ដែលដឹកទំនិញលក់ឆ្លងកាត់ពីក្រុងមួយពីក្រុងមួយ។

ដំណើរកកើតនេះ គឺបានចាប់ផ្ដើមប្រហែលឆ្នាំ២០០០ឆ្នាំ មុនគ្រិស្តសករាជនៅអាណាចក្រ Assyrian Empire ប្រទេសឥណ្ឌា និងអារ្យធម៌ Sumeria។

ក្រោយមកនៅប្រទេសក្រិកសម័យបុរាណ និងចក្រភពរ៉ូម៉ាំង (Roman Empire) អ្នកចងការប្រាក់ ដែលរស់នៅតាមប្រាសាទ បានចាប់ផ្ដើមផ្តល់ប្រាក់កម្ចី ឬចងការប្រាក់ ទទួលប្រាក់បញ្ញើ និងទទួលប្តូរប្រាក់។
ការសិក្សាបែបបុរាណវិទ្យាក្នុងប្រទេសចិន និងប្រទេសឥណ្ឌា សម័យបុរាណ ក៏បង្ហាញភ័ស្តុតាងបញ្ជាក់ពីការចងការប្រាក់ដែរ។

ប្រវត្ដិសាស្ដ្រជាច្រើនត្រូវបានកត់ត្រាថា សម័យកាលដ៏សំខាន់នៃការបង្កើតប្រព័ន្ធធនាគារជាប្រវត្តិសាស្ត្រ គឺនៅមជ្ឈិមសម័យ (សតវត្សរ័ទី១៤-១៧) ជាពិសេសនៅតាមទីក្រុង មានទ្រព្យស្តុកស្ដម្ភមួយចំនួនរបស់អ៊ីតាលី ដូចជា ក្រុង Florence ក្រុង Venice និងក្រុង Genoa ជាដើម។

យោងតាមការស្រាវជ្រាវបង្ហាញថា គ្រួសារដ៏មានឥទ្ធិពលចំនួនពីរ គឺត្រកូលអភិជន Bardi និងត្រកូលអភិជន Peruzzi បានត្រួតត្រាលើប្រព័ន្ធធនាគារ ក្នុងទីក្រុង Florence របស់អ៊ីតាលី ក្នុងសតវត្សរ៍ទី១៤ ដោយបានបង្កើតសាខានៅតំបន់ជាច្រើនទៀត នៃទ្វីបអឺរ៉ុប។

ធនាគារអ៊ីតាលី ដែលល្បីល្បាញបំផុតគឺធនាគារ Medici Bank ដែលត្រូវបានបង្កើតឡើងដោយធនាគារិកជនជាតិអ៊ីតាលី ឈ្មោះ Giovanni Medici ក្នុងឆ្នាំ១៣៩៧។ ធនាគារដ៏ចំណាស់បំផុត ដែលនៅសល់ដល់សព្វថ្ងៃគឺធនាគារ Banca Monte dei Paschi di Siena ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុង Siena ប្រទេសអ៊ីតាលី។

ធនាគារនេះ បានបើកដំណើរការជាបន្តចាប់តាំងពីឆ្នាំ១៤៧២។ រហូតដល់ចុងឆ្នាំ២០១៩ ធនាគារដ៏ចំណាស់បំផុតនេះ នៅតែដំណើរការនៅឡើយ គឺធនាគារ Banco di Napoli ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Naples ប្រទេសអ៊ីតាលី។ ធនាគារចុងក្រោយនេះ បានបើកដំណើរការតាំងពីឆ្នាំ១៤៦៣។

ការរីកចម្រើននៃវិស័យធនាគារ បានរីករាលដាលពីប្រទេសអ៊ីតាលី ភាគខាងជើងសាយភាយពាសពេញចក្រភពរ៉ូម៉ាំង ហើយនៅសតវត្សរ៍ទី១៥ និងទី១៦ បានសាយភាយទៅដល់អឺរ៉ុបខាងជើង។ ក្រោយមកទៀតវិស័យធនាគារ បានសាយភាយទៅដល់ក្រុង Amsterdam ប្រទេសហូឡង់ នៅសតវត្សរ៍ទី១៧ និងទៅដល់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅសតវត្សរ៍ទី១៨។

អំឡុងសតវត្សរ៍ទី២០ ការរីកចម្រើនផ្នែកទូរគមនាគមន៍ និងប្រព័ន្ធកុំព្យូទ័របានធ្វើ ឱ្យប្រតិបត្តិការរបស់ធនាគារ មានការផ្លាស់ប្តូរយ៉ាងខ្លាំង និងផ្ដល់លទ្ធភាពឱ្យធនាគារនានាពង្រីកខ្លួនកាន់តែធំ និងកាន់តែច្រើនពាសពេញពិភពលោក រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here