ការលក់គម្រោងលំនៅឋាននិងគម្រោងដីឡូត៏នៅតែសកម្មក្នុងដំណាក់កាលនេះ

ដោយៈលក្ខិណា

ភ្នំពេញៈ បើទោះបីបច្ចុប្បន្នកម្ពុជា នៅតែមិនទាន់ធូរស្បើយពីជំងឺកូវីដ១៩ក្ដី តែសកម្មភាពនៃអាជីវកម្មមួយចំនួន នៅតែបន្តដោយរលូន ជាក់ស្ដែងក្នុងវិស័យអចលនទ្រព្យ គេឃើញថាភ្នាក់ងារលក់អចលនទ្រព្យជាច្រើន ក៏នៅតែបន្តការលក់គម្រោងថ្មីៗរបស់ដៃគូដូចជាគម្រោងលំនៅឋាន និងគម្រោងដីឡូត៏ជាដើម។

លោកវណ្ណា ភ្នាក់ងារអចលវត្ថុមួយរូបនៅភ្នំពេញបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ សីហានេះថា ថ្វីត្បិតតែការលក់គម្រោងដីឡូត៏ និងផ្ទះមិនសូវបានច្រើនដូចកាលពីមុនផ្ទុះកូវីដ១៩ពិតមែន ប៉ុន្តែមិនមែនមានន័យថាស្ងាត់អត់មានអ្នកសោះនោះទេ ។ អ្នកមានគម្រោងទិញដី ឬទិញផ្ទះនៅតែបន្តទិញ ប៉ុន្តែពួកគាត់មានជម្រើសច្រើនជាងមុន ហើយគាត់ចាំមើលថាគម្រោងណាល្អ សម្រាប់គាត់គម្រោងណាមានលក្ខខ័ណ្ឌងាយៗ គាត់នឹងបោះទុនវិនិយោគ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “អ្នកទិញផ្ទះមួយចំនួន មិនមែនជាអ្នកទិញសម្រាក់ស្នាក់នៅទេ គឺជាអ្នកទិញដើម្បីទុកវិនិយោគ ប៉ុន្តែក៏មានមួយចំនួនទៀតពិតជាបានទិញដើម្បីស្នាក់នៅ ទិញដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួនផងដែរ”។ លោកបន្តថា “កត្តាទាំងនេះហើយដែលធ្វើឱ្យក្រុមការងារយើងនៅតែទទួលការទិញ លក់ជាហូរហែរទោះបីស្ថិតនៅក្នុងវិបត្តិបែបនេះក្ដី”។

លោកលឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យក៏បានឱ្យដឹងផងដែរថា ទោះបីជាវិបត្តិយ៉ាងនេះក្ដី ក្រុមការងារលោកនៅតែទទួលបានភ្ញៀវទិញដី ធ្លីជាបន្តបន្ទាប់ ហើយភ្ញៀវខ្លះរង់ចាំមើលតែគម្រោងដីណាលក់ ក្រោមទីផ្សារគាត់នឹងទិញយកសម្រាប់ទុកចំណេញ នៅពេលអនាគត។ នេះគឺជាការឱកាសសម្រាប់អ្នកមានលុយ ក្នុងដាក់ទុនវិនិយោគនៅពេលវិបត្តិបែបនេះ ពីព្រោះទោះបីជាតម្លៃដីធ្លីជារួមមិនធ្លាក់ក្ដីតែ ក៏មានម្ចាស់ដីមួយចំនួនដែលត្រូវការលុយបន្ទាន់ប្រកាសលក់ក្រោមតម្លៃទីផ្សារដែរ ។

លោកបន្តថា “ពួកយើងសង្ឃឹមថានៅពេល ដែលចប់វិបត្តិកូវីដ១៩ សន្ទុះនៃការអភិវឌ្ឍដីធ្លីនៅក្នុងប្រទេសកម្ពុជា នឹងងើបឡើងមួយកម្រិតទៀត ក្នុងពេលវិនិយោគិនជាច្រើនទៀត កំពុងតែទន្ទឹងរង់ចាំមើលពីស្ថានភាព នៃវិបត្តិដោយមិនទាន់ហ៊ានដាក់ទុនវិនិយោគរបស់ខ្លួន”។

បើក្រលេកទៅមើលការអភិវឌ្ឍ របស់គម្រោងធំៗរបស់វិនិយោគិនក្នុងស្រុកនៅជាយរាជធានីភ្នំពេញ ក៏ឃើញថាមានការសាងសង់ថ្មីៗជាបន្តបន្ទាប់ ជាពិសេសនៅក្នុងតំបន់ដែលមានសក្ដានុពល ដោយមិនមានការផ្អាកឬបញ្ឈប់សកម្មភាពនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here