ស្ថាប័នបីធំៗសហការគា្នលើកកម្ពស់បរិយាបន្នផ្នែកហិរញ្ញវត្ថុនិងការផ្តល់ហិរញ្ញប្បទានដល់សហគ្រិនជាស្ត្រី

ដោយៈ សាវុធ

ភ្នំពេញៈ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហគ្រិនស្ត្រីកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង ស្ដីពីការលើកកម្ពស់បរិយាបន្នផ្នែកហិរញ្ញវត្ថុ (Financial Inclusion) និងការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនជាស្ត្រី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំងបី ដែលចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសមាគមទាំងបីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកគាំទ្រដល់ផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រជាតិស្តី ពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ លើកកម្ពស់ផលិតផលឥណទានប្រកបដោយនវានុវត្តន៍ តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្ន ហិរញ្ញវត្ថុ ក្នុងចំណោម សហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បណ្ឌិត អ៊ុន ចាន់នី ប្រធានសមាគម ធនាគារនៅកម្ពុជា បានឲ្យដឹងថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ នឹងបង្ហាញពីសក្ខីភាពនៃកិច្ចខិតខំប្រឹង ប្រែងរវាងសមាគមទាំងបី ក្នុងការលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុទៅវិញទៅមក និង ការសហការគ្នាលើការបណ្តុះបណ្តាល អភិវឌ្ឍទៅគ្រប់ទិដ្ឋភាពនៃវិស័យធនាគារជូនដល់សមាជិក ដែល ជាសហគ្រិនស្ត្រី លើកកម្ពស់ការយល់ដឹងជាសាធារណៈទៅលើផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងផលិតផល ធនាគារនិងហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនស្ត្រី និង សហគ្រាសធុនតូច និងមធ្យម ពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោកបណ្ឌិតបន្តថា “ក្រោមកិច្ចសហប្រតិបត្តិការនេះ សមាគមទាំងបីនឹងជួយចូលរួមផ្សព្វផ្សាយ និងការ លើកកម្ពស់សមភាពយេនឌ័រ (Gender Equality) ហិរញ្ញប្បទានបៃតង (Green Loan) ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) និងទំនួលខុសត្រូវសង្គម (Social Responsibility) តាមរយៈការ លើកកម្ពស់ការយល់ដឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព។

ស្របគ្នានេះដែរ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលស្តីទី នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី នឹងក្លាយជាចលករជំរុញបន្ថែមដល់ការអភិវឌ្ឍអាជីវកម្ម ដែលគ្រប់គ្រងដោយសហគ្រិនជាស្ត្រី ដើម្បីចូលរួមពង្រឹងសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។

លោកបន្តថា គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់ អតិថិជនជិត២លាននាក់ ក្នុងសំពៀតឥណទានសរុបជាង៧៧៣០លានដុល្លារ។

លោកក៏បានគូស បញ្ជាក់ដែរថា ភាគច្រើនលើសលុបនៃអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គឺជាស្ត្រី ដែលស្រ្តីបានដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទាំងនៅទីក្រុង និងជនបទ។

ដោយឡែក លោកជំទាវ ឧកញ៉ាកែវ មុំប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា មានប្រសាសន៍ថា កិច្ចសហ ប្រតិបត្តិការរវាងសមាគមទាំង នឹងជួយពង្រឹងសមត្ថភាពសហគ្រិនស្ត្រី ដើម្បីពង្រីកអាជីវកម្មឱ្យបាន កាន់តែធំជាងមុន។

លោកជំទាវក៏បានលើកឡើងដែរថា ចំណេះដឹងសហគ្រិនស្ត្រីមួយចំនួននៅមាន កម្រិត ជាពិសេសទាក់ទងនឹងការធ្វើបញ្ជីគណនេយ្យមួយដែលមានភាពជាក់លាក់ និងត្រឹមត្រូវ ព្រមទាំង បញ្ហាផ្សេងៗទៀត ដែលកត្តាទាំងអស់នេះ ធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុពិបាកក្នុងការផ្តល់កម្ចីដល់សហគ្រិនជា ស្ត្រីឱ្យបានតាមតម្រូវការ។

លោកជំទាវបន្តថា ក្រោមកិច្ចសហការនេះ សមាគមហិរញ្ញវត្ថុទាំងពីរ នឹងជួយពង្រឹងសមត្ថភាពដល់ស្ត្រី តាមរយៈការបណ្តុះបណ្តាល ឱ្យយល់ដឹងស៊ីជម្រៅលើបញ្ជីគណនេយ្យជាក់លាក់ របាយការណ៍ហិរញ្ញវត្ថុ ការកត់ត្រាចំណូលចំណាយឲ្យបានត្រឹមត្រូវ ព្រមទាំងស្នើសុំដល់ សមាគមហិរញ្ញវត្ថុទាំងពីរ ជួយកែសម្រួលបែបបទក្នុងការផ្តល់ឥណទានដល់សហគ្រិនជាស្ត្រីឲ្យបានកាន់តែធំទូលាយ មានភាពងាយស្រួលជាងមុន និងអត្រាការប្រាក់សមរម្យ។

លោកជំទាវក៏បានជំរុញលើកទឹកចិត្តដល់សហគ្រិនស្ត្រីចុះ បញ្ជីឲ្យបានត្រឹមត្រូវនិងស្របច្បាប់ ដើម្បីទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ និងដើម្បីកសាងទំនុក ចិត្តពីគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here