អ្នកជំនាញទេសចរណ៍ៈវិបត្តិកូវីដបានធ្វើឲ្យវិស័យនេះដាំក្បាលចុះកាន់តែធ្ងន់ធ្ងរ        

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងឆ្នាំ២០២១នេះ  វិបត្តិនៃជំងឺកូវីដ១៩ បានរាលដាលកាន់តែខ្លាំង ចាប់តាំងពីដើមឆ្នាំមក ក្នុងនោះកម្ពុជាក៏កំពុងទទួលរងនូវវិបត្តិនេះ កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលធ្វើឱ្យវិស័យដែលគាំទ្រដល់សេដ្ឋកិច្ច ដូចជា វិស័យទេសចរណ៍ក៏កាន់តែមានវិបត្តិធ្ងន់ធ្ងរ និងធ្ងន់ជាងកាលពីឆ្នាំ២០២០ គ្រាផ្ទុះជំងឺនេះដំបូងទៅទៀត។

បើតាមការលើកឡើងរបស់អ្នកជំនាញ នៃវិស័យទេសចរណ៍បានបង្ហាញថា វិស័យទេសចរណ៍កម្ពុជា កាន់តែមានភាពធ្ងន់ធ្ងរទៅៗ ខណៈមេរោគកូវីដ១៩កាន់តែរាលដាលខ្លាំងឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៩ សីហានេះថា វិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២១នេះ កាន់តែស្ងប់ស្ងាត់ ហើយវិបត្តិកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារតែមេរោគបំប្លែងថ្មីនៃកូវីដ១៩បានចូលមកកម្ពុជាផងដែរ ។

លោកជំទាវថា “ដោយសារតែវត្តមាននៃមេរោគបំប្លែងថ្មីៗ ចូលមកប្រទេសកម្ពុជានេះហើយ ធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា ពិបាកនឹងងើបឡើងណាស់ ដូច្នេះហើយយើងត្រូវធ្វើអ្វីម្យ៉ាង ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ”។

លោកជំទាវបន្តថា យើងមិនអាចរង់ចាំរហូតទាល់តែកូវីដ១៩ ត្រលប់ទៅវិញនោះបានទេ គឺយើងត្រូវការស្ដារសេដ្ឋកិច្ចឡើងវិញ ហើយយើងត្រូវធ្វើអ្វីម្យ៉ាងក្នុងវិស័យទេស​ចរណ៍ ដោយត្រូវទម្លាប់រស់នៅជាមួយនឹងកូវីដ១៩ ហើយប្រទេសខ្លះគេលែងខ្វល់ពីអ្នកឆ្លងថ្មីៗឬលែងខ្វល់ពីចំនួនអ្នកឆ្លងទៀតហើយ តែគេត្រូវស្ដារប្រទេសរបស់គេឱ្យសេដ្ឋកិច្ចងើបឡើងវិញ ។

លោកជំទាវបន្ថែមថា ប្រតិបត្តិករទេសចរទាំងអស់ ត្រូវត្រៀមខ្លួនគ្រប់ពេលចាប់ពីពេលនេះតទៅ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដែលនឹងត្រលប់មកលេងកម្ពុជានៅពេលណាមួយនោះ ជាក់ស្ដែងក្រសួងទេសចរណ៍ ក៏បានត្រៀមរៀបចំព្រឹត្តិការណ៍ទេស​ចរណ៍នៅតាមតំបន់ទេសចរណ៍ នៃប្រទេសកម្ពុជាជាបន្តបន្ទាប់ ដែលព្រឹត្តិការណ៍នេះនឹងនាំភ្ញៀវទេសចរចូលមកកម្ពុជាជាបន្តបន្ទាប់ផងដែរ ដូច្នេះយើងមិនអាចរង់ចាំទាល់តែភ្ញៀវមកដល់ទើបរៀបចំនោះឡើយ។

ដោយឡែកប្រតិបត្តិករទេសចរជាច្រើន ក៏បានបង្ហាញពីផលវិបាករបស់ខ្លួន ក្នុងវិបត្តិកូវីដ១៩ក្នុងឆ្នាំ២០២១នេះក្នុងនោះ វិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ច នៅតែរងផលប៉ះពាល់និងកាន់តែធ្ងន់ធ្ងរក្នុងឆ្នាំ២០២១នេះ។

ម្ចាស់សណ្ឋាគារមួយកន្លែងនៅ ខេត្តព្រះសីហនុបាននិយាយថា រយៈពេលជាងកន្លះឆ្នាំមកហើយ វិស័យនេះនៅតែមិនទាន់មានពន្លឺ នៃការងើបឡើងវិញនៅឡើយទេ ដោយដំបូងគិតថាផ្អាកអាជីវកម្ម និងរង់ចាំឱ្យស្ថានភាពប្រសើរឡើងវិញ ចាំបើកដំណើរការ តែមើលពីស្ថានភាពនៅតែមិនប្រសើរ ក៏សម្រេចចិត្តបើកដំណើរការដើម្បីបានចំណូលទប់ទប់នឹងការចំណាយប្រចាំខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here