ធនាគារសិង្ហបុរីធំមួយដាក់ចេញយុទ្ធសាស្ត្រធ្វើទំនើបកម្មឌីជីថលដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលកម្ពជា

ដោយៈ លក្ខិណា

ភ្នំពេញៈ ធនាគារហ្វីលីព ដែលជាធនាគាររបស់ប្រទេសិង្ហបុរី និងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាផងដែរនោះ បានកំណត់យុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយនឹងធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ក្នុងវិស័យធនាគារនៅកម្ពុជា ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងដំណើរការសេដ្ឋកិច្ចឌីជីថល។

លោកចាន់ ម៉ាចអគ្គនាយកធនាគារហ្វីលីពនៅកម្ពុជា បានមានប្រសាសន៍នៅចុងសប្តាហ៍នេះថា ចាប់តាំងពី បានសហការរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ធនាគារហ្វីលីពបានក្លាយជាធនាគារដែលមានសាលាច្រើនជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើសេវាហិរញ្ញវត្ថុដល់អតិថិជននៅក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យសហគ្រាសធុនតូចនិងមធ្យមរហូតដល់សហគ្រាសធំៗផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា កិច្ចការសំខាន់ផ្សេងទៀត គឺការផ្តល់ជូនផលិតផលដ៏ទាន់សម័យជាមួយនឹងសេវាកម្មដែលកាន់ងាយស្រួលសម្រាប់ជួយសម្រួលដល់អតិថិជនរបស់យើងក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុរបស់ពួកគេ។

លោកបានថ្លែងថា “យើងឆ្ពោះទៅមុខដោយឈរលើយុទ្ធសាស្រ្តស្នូលតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ហើយបន្តដាក់ជូនផលិតផលធនាគារបែបឌីជីថលទៅកាន់ទីផ្សារក្នុងអំលុងពេល១ឆ្នាំកន្លះនេះផងដែរ”។

លោកបន្ថែមថា តាមរយៈកម្មវិធីធនាគារចល័ត អតិថិជនអាចប្រតិបត្តិការសេវាហិរញ្ញវត្ថុជាច្រើនប្រភេទបានយ៉ាងងាយស្រួល តាមរយៈម្រាមដៃរបស់ពួកគេ។ មាស្ទ័រកាតនិម្មិតរបស់ធនាគារយើង បានផ្តល់លទ្ធភាពគ្រប់បែបយ៉ាងសម្រាប់អតិថិជនក្នុងការទូទាត់ទាំងក្នុងនិងក្រៅប្រទេស។

លោកបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២១ យើងបានដាក់ដំណើរការសេវាកម្ម បើកគណនីដល់ទីកន្លែង ដែលផ្តល់នូវភាពងាយស្រួលទ្វេរដង សម្រាប់អតិថិជនរបស់យើងមានក្នុងការបើកគណនីជាមួយធនាគារហ្វីលីព។ យើងរំពឹងថានឹងដាក់ចេញនូវសេវាកម្មជាច្រើនទៀតរួមមានសេវាបង់ទឹក ភ្លើង សេវាកម្មបើកគណនីតាមប្រព័ន្ធអនឡាញ សេវាធនាគារតាមអិុនធើណេត សេវាស្កេននិងទូទាត់ឆ្លងប្រទេស និងកាតទូទាត់ជាច្រើនប្រភេទទៀត។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា ក៏បានមានប្រសសាន៍ថា វិស័យធនាគារនិងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមជំរុញការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលកាន់តែច្រើន ហើយអតិថិជនរបស់ធនាគារនិងមីក្រូហិរញ្ញវត្ថុកាន់តែច្រើនក៏ងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីធ្វើការទូទាត់ការចំណាយរបស់ខ្លួនផងដែរ ។ លោកថា “ទាំងនេះបានធ្វើឱ្យប្រតិបត្តិករធនាគារនីមួយៗបានពង្រឹងសេវាកម្មឌីជីថលនិងពង្រីកកាន់តែធំជាងមុនដើម្បី បម្រើជូនអតិថិជនរបស់ខ្លួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here