កម្ពុជាបង្ហាញឆន្ទៈក្នុងការចូលរួមជាមួយប្រទេសនានាប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានអញ្ចើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងកាតព្វកិច្ចអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិ” ជូនដល់សមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាជិក EuroCham អ្នកតំណាងស្របច្បាប់ក្នុងការចុះបញ្ជីពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគឹម មាសសុខសីហាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយបានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណងសំខាន់ៗចំនួន៣គឺ៖ ទី១ ផ្តល់ចំណេះដឹង និងការយល់ដឹងអំពីច្បាប់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចក្នុងការអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិ ទៅលើការរីកសាយភាយដោយអាជីវកម្ម ឬអាជីពមិនមែនហិរញ្ញវត្ថុដែលបានដៅ។

លោកបានថ្លែងថា ទី២ ជៀសវាងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ពីអាជីវកម្មដោយការយល់ដឹងមិនគ្រប់គ្រាន់នៃហានិភ័យនៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅក្នុងវិស័យរបស់ខ្លួន និងទី៣ ចូលរួមរក្សាកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ និងបង្ហាញឲ្យឃើញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាមួយប្រទេសនានាក្នុងតំបន់និងសកលលោក លើការងារប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ស្របតាមការកំណត់របស់ក្រុមការងារហិរញ្ញវត្ថុ FATF ក៏ដូចជាសហគមន៍អន្តរជាតិនានាផងដែរ។

លោកអនុរដ្ឋលេខាធិការបានបន្តថា ការមិនប្រុងប្រយ័ត្ន និងមិនបានយល់ដឹងពីការរីកសាយភាយដោយអាជីវកម្ម ឬអាជីពមិនមែនហិរញ្ញវត្ថុដែលបានដៅ និងកាតព្វកិច្ចរបស់ខ្លួនច្បាស់លាស់ អាចបង្កផលប៉ះពាល់ដល់ខ្លួន និងប្រទេសជាតិ ហើយផលវិបាកដែលអាចកើតមានដោយការចូលក្នុងបញ្ជីខ្មៅរបស់ក្រុមការងារហិរញ្ញវត្ថុ មានដូចជា ប៉ះពាល់ដល់ដំណើរការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសជាមួយធនាគារទំនាក់ទំនងអន្តរជាតិ និងលំហូរទុនចូលនិងប្រាក់កម្ចីពីបរទេស នឹងធ្លាក់ចុះ រីឯលំហូរចេញទៅវិនិយោគនៅបរទេស នឹងត្រូវបានរឹតបន្តឹង ព្រមទាំងប៉ះពាល់ដល់ការនាំចេញនាំចូល និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិទៀតផង។

ក្រុមហ៊ុនអនុរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ដើម្បីចូលរួមអនុវត្តភារកិច្ចក្នុងផែនការសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យរួមរបស់ FATF កន្លងមក ក្រសួងពាណិជ្ជកម្ម បានផ្សព្វផ្សាយឯកសារ ច្បាប់ អនុក្រឹត្យ ដីកាសម្រេចបង្កកទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងហិរញ្ញប្បទានអាវុធ មហាប្រល័យ និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ជូនដល់សមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាជិក EuroCham អ្នកតំណាងស្របច្បាប់ក្នុងការចុះបញ្ជីពាណិជ្ជកម្ម។

ក្រៅពីនេះ ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ចំនួន០២ គឺច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ដែលអាចនឹងបញ្ចប់ឱ្យបានមុនផែនការសកម្មភាព ដែលបានកំណត់ក្នុង ផែនការសកម្មភាពនៃយុទ្ធសាស្រ្តជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ កន្លងទៅ កម្ពុជាបានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ ដែលកម្ពុជាត្រូវអនុវត្តតាមស្តង់ដាអន្តរជាតិ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យរបស់ក្រុមការងារហិរញ្ញវត្ថុ។

ការចូលជាសមាជិកនេះ កម្ពុជាត្រូវមានក្របខ័ណ្ឌគតិយុត្ត និងយន្តការអនុវត្តសម្រាប់ប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាពអាវុធមហាប្រល័យ។ ដើម្បីបង្ហាញការប្តេជ្ញាររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ នៅខែមិថុនា ឆ្នាំ២០២០ កម្ពុជា បានអនុម័តសម្រេចច្បាប់ចំនួន០៣គឺ ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ហើយជាយុទ្ធសាស្រ្ត កម្ពុជា ត្រូវបន្តផ្សព្វផ្សាយច្បាប់ និងកាតព្វកិច្ចអនុវត្តដល់អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here