តើស្ថាប័នអន្តរជាតិ ឬប្រទេសមហាអំណាចមួយណាដែលជាអ្នកកំណត់អត្រាប្ដូរប្រាក់ពិភពលោក?

ដោយ សុខុម

ភ្នំពេញ: តើអ្នកទាំងអស់គ្នាធ្លាប់ងឿងឆ្ងល់អំពីហាងឆេងប្ដូរប្រាក់ដែរឬទេ? ឧបមាថានៅកម្ពុជា ហាងឆេងប្ដូរប្រាក់ឡើងចុះៗមិនទៀង ដោយប្រែប្រួលទៅតាមអត្រាប្ដូរប្រាក់លើទីផ្សារអន្តរជាតិ។ ដូចនេះតើអ្នកដឹងទេថាស្ថាប័នអន្តរជាតិ ឬប្រទេសមហាអំណាចមួយណាដែលជាអ្នកកំណត់អត្រាប្ដូរប្រាក់ពិភពលោក? តោះ មកស្វែងយល់ទាំងអស់គ្នា!

យោងតាមការចុះផ្សាយរបស់គេហទំព័រអន្តរជាតិ Britannica.com ឱ្យដឹងថា អត្រាប្ដូរប្រាក់ក្នុងប្រទេសនីមួយៗត្រូវផ្អែកទៅតាមអត្រាប្ដូរប្រាក់ដែលត្រូវបានកំណត់ជាអន្តរជាតិ។ ហើយអត្រាប្ដូរប្រាក់ទៀតសោតមាន២ប្រព័ន្ធខុសគ្នាគឺ “អត្រាប្តូរប្រាក់ថេរ” (fixed currency rate) និង “អត្រាប្តូរប្រាក់អណ្តែត” (floating exchange rate)។

“អត្រាប្តូរប្រាក់ថេរ” ប្រើប្រាស់រង្វាស់ស្តង់ដារមួយដែលផ្អែកលើមាស ឬលោហៈមានតម្លៃណាមួយផ្សេងទៀត ហើយតម្លៃរូបិយប័ណ្ណនីមួយៗត្រូវឆ្លើយតបទៅនឹងបរិមាណថេរនៃស្តង់ដារនោះ។ ជាឧទាហរណ៍នៅក្នុងឆ្នាំ១៩៦៨ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានកំណត់ថា ខ្លួននឹងទិញលក់មាសក្នុង១អោន (Ounce) តម្លៃ៣៥ដុល្លារ។ ប្រទេសផ្សេងៗទៀតក៏បានកំណត់តម្លៃផ្ទាល់ខ្លួនសម្រាប់មាសក្នុងទម្ងន់១អោនដូចគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

“អត្រាប្តូរប្រាក់អណ្តែត” មានន័យថា រូបិយប័ណ្ណនីមួយៗមិនត្រូវបានគាំទ្រដោយមាសបម្រុងឡើយ។

អត្រាប្ដូរប្រាក់អន្តរជាតិបច្ចុប្បន្នត្រូវបានកំណត់ដោយ “អត្រាប្ដូរប្រាក់បណ្ដែតដែលមានការគ្រប់គ្រង” (managed floating exchange rate)។ “អត្រាប្ដូរប្រាក់បណ្ដែតដែលមានការគ្រប់គ្រង” មានន័យថា តម្លៃនៃរូបិយប័ណ្ណនីមួយៗប្រែប្រួលឡើងចុះទៅតាមវិធានការសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ឬធនាគារកណ្ដាលរបស់ប្រទេសនោះ។

“អត្រាប្ដូរប្រាក់បណ្ដែតដែលមានការគ្រប់គ្រង” មិនត្រូវបានប្រើប្រាស់គ្រប់ពេលនោះទេ។ ស្តង់ដារមាសបានគ្រប់គ្រងអត្រាប្តូរប្រាក់អន្តរជាតិរហូតដល់ទសវត្សរ៍ឆ្នាំ១៩១០។ ប្រព័ន្ធស្រដៀងគ្នាមួយទៀតដែលគេហៅថា “ស្តង់ដារប្ដូរប្រាក់ផ្អែកលើហាងឆេងមាស” (gold-exchange standard) បានលេចធ្លោខ្លាំងនៅទសវត្សរ៍ឆ្នាំ១៩៣០។

ប្រព័ន្ធនេះបានអនុញ្ញាតឱ្យប្រទេសនានាគាំទ្ររូបិយប័ណ្ណរបស់ខ្លួនជាមួយនឹងរូបិយប័ណ្ណផ្សេងៗទៀតដោយផ្អែកលើស្ដង់សារមាស ប៉ុន្តែមិនមែនជាមាស ដូចជារូបិយប័ណ្ណដុល្លារអាមេរិក និងរូបិយប័ណ្ណផោន (Pound) របស់អង់គ្លេស ជាដើម។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាស្ថាប័នអន្តរជាតិគឺជាអ្នកទទួលខុសត្រូវរក្សាស្ថិរភាពអត្រាប្តូរប្រាក់រហូតដល់ទសវត្សរ៍ឆ្នាំ១៩៧០ ជាពេលដែលសហរដ្ឋអាមេរិក បានបញ្ចប់ការប្រើប្រាស់របស់ខ្លួននូវ “អត្រាប្តូរប្រាក់ថេរ”។

ចំនួនធនធានមាសដែលកាន់តែតិចទៅៗបានបង្ខំឱ្យសហរដ្ឋអាមេរិក បោះបង់ចោលស្តង់ដារដែលគ្រប់គ្រងដោយមាស ហើយប្រព័ន្ធរូបិយវត្ថុអន្តរជាតិក៏បានចាប់ផ្តើមផ្អែកលើរូបិយប័ណ្ណដុល្លារ និងរូបិយប័ណ្ណជាក្រដាសប្រាក់ផ្សេងទៀតផងដែរ។

រដ្ឋាភិបាលនានាអាចរក្សាស្ថិរភាពអត្រាប្ដូរប្រាក់របស់ខ្លួនតាមរយៈការនាំចូលទំនិញតិចជាងមុន និងនាំចេញទំនិញឱ្យបានច្រើនជាងមុន។ ស្រដៀងគ្នានេះដែរ រដ្ឋាភិបាលទាំងនោះអាចទម្លាក់តម្លៃរូបិយប័ណ្ណផ្សេងៗទៀតដើម្បីដំឡើងថ្លៃរូបិយប័ណ្ណរបស់ខ្លួនតាមរយៈការលក់ចេញរូបិយប័ណ្ណទាំងនោះទៅកាន់ប្រទេសផ្សេងៗ។

អត្រាប្តូរប្រាក់ដែលគ្រប់គ្រងដោយស្តង់ដារមាស និងស្ថាប័ន IMF បានជួយបន្ថែមស្ថិរភាពដល់ទីផ្សារពិភពលោក ប៉ុន្តែវាក៏មានគុណវិបត្តិរបស់វាដែរ។ ការភ្ជាប់រូបិយប័ណ្ណទៅនឹងមាសនឹងធ្វើឱ្យទីផ្សារគ្មានភាពបត់បែន ហើយអាចនាំឱ្យប្រទេសមួយមានលទ្ធភាពផ្ដាច់ខ្លួនផ្នែកសេដ្ឋកិច្ចពីការធ្វើពាណិជ្ជកម្ម។ ជាមួយនឹង “អត្រាប្តូរប្រាក់បណ្ដែតដែលមានការគ្រប់គ្រង” ប្រទេសនានាត្រូវបានជំរុញលើកទឹកចិត្តឱ្យធ្វើពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here