ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង១សប្តាហ៍ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា បទឈប់បាញ់មួយត្រូវបានព្រមព្រៀងគ្នារវាងអុីរ៉ង់ និងប្រទេសអុីស្រាអែល ដោយបន្ធូរបន្ថយការព្រួយបារម្ភចំពោះផលប៉ះពាល់លើការផ្គត់ផ្គង់ប្រេងឆៅ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២,៦៩ដុល្លារ ឬ៣,៧៦ភាគរយមកនៅត្រឹម៦៨,៧៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0006 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ២,៧ដុល្លារ ឬ៣,៩៤ភាគរយ មកនៅត្រឹម៦៥,៤៦ដុល្លារក្នុងមួយបារ៉ែល។
លោក ដូណាល់ ត្រាំ បានប្រកាសថា អុីស្រាអែល និងអុីរ៉ង់បានឯកភាពទាំងស្រុងចំពោះបទឈប់បាញ់មួយ ដោយបន្ថែមថា អុីរ៉ង់នឹងចាប់ផ្តើមអនុវត្តន៍បទឈប់បាញ់ភ្លាមៗ ហើយអុីស្រាអែលនឹងអនុវត្តន៍បន្ទាប់ពី១២ម៉ោងក្រោយ។ ប្រសិនបើភាគីទាំង២រក្សាសន្តិភាព សង្គ្រាមនឹងបញ្ចប់ជាផ្លូវការក្រោយរយៈពេល២៤ម៉ោង៕