ក្រសួងកសិកម្មជំរុញការដាំដុះស្រូវសែនក្រអូបឱ្យបានច្រើនដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុកនិងនាំចេញ

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងកសិកម្ម បានបង្ហាញពីលទ្ធផលនៃការសិក្សានិងស្រាវជ្រាវគម្រោងស្តីពី “ពិពិធកម្មប្រជាករស្រូវសែនក្រអូប” ដែលគម្រោងនេះ ត្រូវបានអនុវត្តរយៈពេល៤ឆ្នាំ (២០១៦-២០១៩) ដើម្បីលើកកម្ពស់ការដាំដុះស្រូវសែនក្រអូបឱ្យបានច្រើន ដែលឆ្លើយតបទៅនឹងតម្រូវការហូបចុករបស់ប្រជាពលរដ្ឋក្នុងស្រុក និងការនាំចេញ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជំរុញផលិតកម្មដំណាំស្រូវ និងការនាំអង្ករចេញ អ្នកនាំចេញអង្ករជាច្រើន បានលើកឡើងពីសក្តានុពលរបស់អង្ករសែនក្រអូប សម្រាប់ទីផ្សារអន្តរជាតិ ហើយបានសំណូមពរឱ្យប្រជាកសិករកម្ពុជាជំរុញ និងបង្កើនការដាំដុះដំណាំស្រូវសែនក្រអូប ដើម្បីបង្កើនផលិតភាពស្រូវសែនក្រអូបទាំងនៅក្នុងរដូវប្រាំងនិងដើមរដូវវស្សា។ ទន្ទឹមនឹងនេះ មានបញ្ហាចម្បងមួយចំនួន ដែលនាំឱ្យប៉ះពាល់ដល់គុណភាពអង្ករនិងទិន្នផល គឺអវិសុទ្ធភាពនៃពូជស្រូវសែនក្រអូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា ដូច្នេះដើម្បីឆ្លើយតបនឹងបញ្ហានេះ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា តាមអនុសាសន៍របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈគម្រោងកាវ៉ាក់(CAVAC) បានធ្វើការបន្សុទ្ធពន្ធុប្រជាករពូជស្រូវសែនក្រអូបចំនួនបួនប្រជាករ ដែលទទួលបានពី IFC និង ក្រុមហ៊ុនផលិតគ្រាប់ពូជ AQUIP ។
ចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដល់ ខែវិច្ឆិកា ឆ្នាំ២០១៧ វិទ្យាស្ថានកាឌីបានចាប់ផ្តើមការងារបន្សុទ្ធពូជតាមរយៈវិធីសាស្រ្តជម្រើសឯកត្ត និងជ្រើសរើសបានស្រឡាយដែលល្អជាងគេចំនួនបី គឺ (PR1, PR2 និង PR3) សម្រាប់បញ្ចូលទៅក្នុងពិសោធន៍លើស្រែកសិករ ។

លោកបានបន្តថា ពីខែធ្នូ ឆ្នាំ២០១៧ ដល់ ខែមេសា ឆ្នាំ២០១៩ វិទ្យាស្ថានកាឌី បានធ្វើពិសោធន៍បន្សាំពូជលើស្រែកសិករបាន ចំនួន១៣០កន្លែង នៅក្នុងខេត្តចំនួន១០ គឺ៖ ខេត្តតាកែវ ព្រៃវែង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងខេត្តស្វាយរៀង ដើម្បីសិក្សាលើសំដែងកម្មរបស់ស្រឡាយនីមួយៗក្នុងក្សេត្របរិស្ថានផ្សេងៗគ្នា។

ទន្ទឹមនឹងនេះ យើងបានធ្វើទិវាស្រែបង្ហាញពីស្រឡាយត្រៀមបញ្ចេញ ដោយមានកសិករចូលរួមចំនួន៤៥នាក់។ ជាលទ្ធផលស្រឡាយ PR1 ទទួលបានទិន្នផលមធ្យមខ្ពស់ជាងគេគឺ ៣,៩ តោន/ហិកតា បើប្រៀបធៀបនឹងស្រឡាយ PR2 ទទួលបាន ៣,៨តោន/ហិកតា PR3ទទួលបាន ៣,៦តោន/ហិកតា និងពូជកសិករ ៣,៧ តោន/ហិកតា។ ក្រៅពីការវាយតម្លៃទិន្នផល វិទ្យាស្ថានកាឌីបានវិភាគ គុណភាពអង្ករទាំងលក្ខណៈរូបសាស្រ្ត គុណភាពបាយ និងពន្ធុសាស្រ្ត (ពន្ធុក្រអូប) នៅក្នុងមន្ទីរពិសោធន៍គុណភាពអង្ករ និង ជីវបច្ចេកវិទ្យារបស់វិទ្យាស្ថាន។

យោងតាមលទ្ធផលទាំងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ជាសេនាធិការផ្នែកស្រាវជ្រាវដំណាំកសិកម្មបានបញ្ចេញស្រឡាយ PR1 តាមរយៈគណៈកម្មការបញ្ចេញពូជដំណាំក្នុងឆ្នាំ២០១៩ ដោយដាក់ឈ្មោះ ពូជស្រូវ “សែនក្រអូប០១” ។ ក្រោយការបញ្ចេញពូជនេះ គ្រាប់ពូជគ្រឹះចំនួន៤តោន ត្រូវបានផលិត និងចែកចាយ ដល់កសិករ និងអ្នកពាក់ព័ន្ធ។

ពូជស្រូវសែនក្រអូប ត្រូវបានប្រជាកសិករនាំគ្នាដាំដុះ នៅពាក់កណ្តាលទសវត្សរ៍ទី៩០ ដែលណែនាំដោយក្រុមរោងម៉ាស៊ីន កិនស្រូវមួយចំនួន។ពូជស្រូវនេះ មានគ្រាប់អង្ករល្អ ក្រអូប និង ដែលអាចដាំបានគ្រប់រដូវ (ជាស្រូវមិនប្រកាន់រដូវ) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here