ការចិញ្ចឹមសត្វនៅកម្ពុជានឹងមានកំណើនងើបឡើងជិត១ភាគរយក្នុងឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ រាជរដ្ឋាភិបាលរំពឹងថា វិស័យនៃការចិញ្ចឹមសត្វនៅកម្ពុជានឹងអាចងើបឡើងក្នុងអត្រា០,៨ភាគរយក្នុងឆ្នាំ ២០២១ នេះ ជាពិសេសមាននិន្នានការល្អនៃផលិតកម្មចិញ្ចឹមជ្រូក បន្ទាប់ពីរាជរដ្ឋាភិបាលទប់ស្កាត់នៃការរីករាលដាលនៃជំងឺប៉េស្តជ្រូក គួបផ្សំនឹងតម្រូវការក្នុងស្រុក និងការរក្សាបានតម្លៃខ្ពស់ជាដើម។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិការឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១ ក្នុងនោះចំពោះកសិកម្ម តាមការព្យាករពាក់កណ្តាលឆ្នាំនេះ ត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងក្នុងរង្វង់១,៤%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ ការព្យាករនៅដើមឆ្នាំ២០២១ កំណើនវិស័យកសិកម្មមានត្រឹម ១,៣% ដែលឆ្លុះបញ្ចាំងតាមរយៈនិន្នាការល្អនៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ ខណៈអនុវិស័យនេសាទនឹងបន្តកំណើនទាប។

ជុំវិញអនុវិស័យចិញ្ចឹមសត្វ រាជរដ្ឋាភិបាលបានរំពឹងថា អនុវិស័យចិញ្ចឹមសត្វនៅកម្ពុជាក្នុងឆ្នាំ២០២១នេះ នឹងកើនឡើងក្នុងអត្រា០,៨% ខណៈការព្យាករពីដើមឆ្នាំ គឺមានកំណើនត្រឹម០,៦% ដោយបបច្ចុប្បន្ននិន្នាការល្អនៃផលិតកម្ម ជាពិសេសការចិញ្ចឹមជ្រូកកំពុងមានកំណើនល្អ ស្របពេលដែលរាជរដ្ឋាភិបាល កាត់បន្ថយការនាំចូលជ្រូកពីបរទេស ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក គួបផ្សំនឹងតម្រូវការផ្គត់ផ្គង់ក្នុងស្រុក និងមានថ្លៃខ្ពស់ បានជំរុញឱ្យផលិតករមានទឹកចិត្តក្នុងការបង្កើនផលិតកម្ម។

ទាក់ទងនឹងផលិតកម្មចិញ្ចឹមនេះដែរ លោកស្រ៊ុន ពៅប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងឲ្យដឹងថា ចំពោះការចិញ្ចឹមសត្វក្នុងស្រុក បច្ចុប្បន្នការចិញ្ចឹមជ្រូក ជាពិសេសការចិញ្ចឹមមាន់ កំពុងមានការកើនឡើងយ៉ាងផុលផុស ខណៈដែលតម្លៃរក្សាបានស្ថិរភាពល្អ ស្របពេលដែលកម្ពុជាបានកាត់បន្ថយការនាំជ្រូកចូលផងដែរ។

ចំពោះបញ្ហនេះ លោក ស្រ៊ុន ពៅ ក៏បានអំពាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមអនុញ្ញាតឲ្យមានការនាំចូលជ្រូក សម្រាប់បង្គ្រាប់ទៅតាមទីផ្សារ ដោយកុំឲ្យវាហៀរ ដើម្បីទុកឱកាសដល់កសិករក្នុងស្រុកមានលទ្ធភាពចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារដូចបច្ចុប្បន្ន។

ទាក់ទងនឹងការព្យាករក្នុងវិស័យកសិកម្ម នៅពាក់កណ្តាលឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាលបានព្យាករវិស័យកសិកម្ម នឹងមានអត្រាកំណើនក្នុងរង្វង់ ១,៤% ក្នុងនោះរួមមាន៖ វិស័យនៃការដាំដុះនឹងងើបឡើង ១,៩% ខណៈនៅដើមឆ្នាំត្រូវបានព្យាករពីដើមឆ្នាំត្រឹម ១,៦% ដោយសារកាបង្កបង្កើនផលជារួមនៅដើមឆ្នាំ ២០២១ ប្រព្រឹត្តទៅដោយរលូន បើទោះជាមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ក្នុងស្រុកក្តី និងគួបផ្សំនឹងនិន្នាការកើនឡើងនៃការនាំចេញដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មបម្រើឱ្យការនាំចេញមួយចំនួន ជាក់ស្តែងទិន្នន័យនាំចេញជាបរិមាណក្នុង ៦ ខែដើមឆ្នាំ បង្ហាញនូវកំណើនល្អនៃដំណាំបម្រើឱ្យការនាំចេញមួយចំនួនរួមមាន ដំឡូងមី ៦០%, ស្វាយ ៨៧%, ចេក ៧៧% និងកៅស៊ូ ៨០%, ក្នុងនោះចំពោះអនុវិស័យចិញ្ចឹមសត្វ ត្រូវបានរំពឹងថា នឹងកើនឡើងក្នុងអត្រា ០,៨% ក្នុងឆ្នាំ ២០២១ ពីកំណើន ០,៦% ដែលត្រូវបានព្យាករពីដើមឆ្នាំ។
ដោយឡែកអនុវិស័យនេសាទ ត្រូវបានប៉ាន់ស្មានថា បន្តសម្រេចបានកំណើនទាប ១,១% ក្នុងឆ្នាំ ២០២១ បើធៀបនឹងកំណើនក្នុងអត្រា ១,៥% ដែលត្រូវបានព្យាករពីដើមឆ្នាំ ដោយសារបញ្ហាប្រឈមដែលកំពុងកើតមាន និងបង្កើតជាស្ថានភាពលំបាកនៅក្នុងអនុវិស័យវារីវប្បកម្ម។ ជាក់ស្តែងកសិដ្ឋានចិញ្ចឹមត្រីមួយចំនួនធំកំពុងប្រឈម នឹងការកកស្ទះក្នុងការលក់ត្រី ដោយសារមានការប្រកួតប្រជែងការនាំចូលមកពីប្រទេសជិតខាង ក៏ដូចជាការលំបាកក្នុងការចូលទៅក្នុងទីផ្សារផ្គត់ផ្គង់ត្រី ដោយសារបញ្ហាប្រឈមជារចនាសម្ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here