កម្ពុជានាំចេញផ្លែចេកស្រស់ជាង២៧ម៉ឺនតោនទៅទីផ្សារអន្តរជាតិខណៈចិនជាទីផ្សារមានសក្តានុពលខ្លាំងជាងគេ

ដោយៈ សាវុធ

ភ្នំពេញៈ កម្ពុជាបាននាំចេញផ្លែចេកស្រស់ប្រមាណ២៧០ ២២១.៦៨តោន នៅរយៈ៧ខែ ឆ្នាំនេះ កើនឡើង៦១.០៨% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ ខណៈចិនជាទីផ្សារមានសក្តានុពលខ្លាំងជាងគេសម្រាប់ផ្លែចេកស្រស់របស់កម្ពុជា។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថារយៈពេល៧ខែមកនេះ ផ្លែចេកស្រស់របស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចិនចំនួន ២៤០ ១០៨.៥៧តោន, ជប៉ុនចំនួន ៤៩៥.៣០តោន សិង្ហបុរីចំនួន៤៨០.៤៨តោន និងវៀតណាមចំនួន ២៩ ១៣៧.៣៣តោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាហ៊ុន ឡាក់អគ្គនាយកក្រុមហ៊ុន Longmate Agriculture ដែលជាក្រុមហ៊ុននាំចេញផ្លែចេកស្រស់បានបញ្ជាក់ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ការនាំចេញផ្លែចេកមានការកើនឡើងទាំងបរិមាណ និងការគិតតម្លៃជាសាច់ប្រាក់ ក្នុងនោះប្រទេសចិន មានសក្ដានុពលខ្លាំងជាងគេ។

លោកឧកញ៉ាបានបន្តថា ក្រៅពីប្រទេសចិន ទីផ្សារផ្លែចេកកម្ពុជា ក៏ត្រូវបាននាំចេញទៅប្រទេសជប៉ុនផងដែរ។ ការនាំចេញផ្លែចេកស្រស់ទៅកាន់ប្រទេសជប៉ុន គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលជាទីផ្សារមានសក្ដានុពលខ្ពស់ គឺទីផ្សារប្រទេសចិន។

លោកឧកញ៉ាឱ្យដឹងទៀតថា ទោះជាយ៉ាងនេះ ក្ដីការបើកច្រកនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សានៃប្រទេសជប៉ុននេះ គឺកំពុងបញ្ជាក់ថា ផលិតផលរបស់កម្ពុជា កំពុងចូលក្នុងស្ដង់ដារទីផ្សារអន្ដរជាតិ ហើយអ្វីដែលត្រូវធ្វើបន្ដទៀត គឺការពង្រឹងគុណភាព និងតម្លៃប្រកួតប្រជែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here