កម្ពុជាទទួលបានចំណូលជាង២,៣ពាន់លានដុល្លារពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ

ដោយៈ ម៉ាណេត

ភ្នំពេញៈ កម្ពុជាបាននាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣,៤លានតោន កើនឡើង៥១,៦២% ក្នុងរយៈពេល៧ខែឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយរកចំណូលបានពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានបានជាង២,៣ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន៣ ៤៣២ ៦០១,០៨តោនកើនឡើងចំនួន ១ ១៦៨ ៦៨៦,៨៧តោន ស្មើនឹង ៥១,៦២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ២៦៣ ៩១៤,២២តោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កសិផលក្រៅពីស្រូវ-អង្ករ ក្នុងនោះរួមមាន ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម៉្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ ម្ទេសក្រៀម និងផលិតផលចំនួន៦៦មុខផ្សេងទៀត។

ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៧ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ៩៦៤ ៩៧៤ ៧១៤,៤៣ដុល្លារអាមេរិក ដែលក្នុងនោះ៖ – ការនាំចេញអង្ករមានចំនួន ២៦១ ៨៣៥ ៩២៥ដុល្លារអាមេរិក – ការនាំចេញស្រូវមានចំនួន ៣២៩ ៣៥១ ៥២៤ដុល្លារអាមេរិក និង- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៣៧៣ ៧៨៧ ២៦៥,៤៣ដុល្លារអាមេរិក។

ការនាំចេញកសិផលសរុបក្នុងរយៈពេល៧ខែឆ្នាំ២០២១ មានកំណើនចំនួន៨៧,១០% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន១០៨,៦៣% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៧,២៧% ដោយសារកង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here