ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងជីវភាពប្រចាំថ្ងៃបញ្ហាហិរញ្ញវត្ថុ ឬវិបត្តិហិរញ្ញវត្ថុ ជាអ្វីមួយដែលមនុស្សម្នាក់ៗ មិនចង់ជួបនោះទេដូច្នេះហើយទើបម្នាក់ៗ ខំប្រឹងប្រែងក្នុងការរកចំណូលមកផ្គត់ផ្គង់គ្រួសារ។
យ៉ាងណាក្ដីជំនាញហិរញ្ញវត្ថុបានលើកឡើងថា ប្រភពចំណូលតែមួយមុខ គឺប្រឈមនឹងការជួបវិបត្តិខ្លាំង ជាងអ្នកដែលមានប្រភពចំណូលច្រើនច្រក ដូច្នេះជាអ្នកធ្វើការរឺអ្នករកស៊ីត្រូវបង្កើនប្រភពចំណូលផ្សេងៗ ដើម្បីមកទប់ទល់នឹងការចំណាយប្រចាំថ្ងៃ។
បើតាមលោកង៉ែត ជូអ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកវិនិយោគអចលនទ្រព្យមួយរូបផងដែរនៅកម្ពុជាបានឱ្យដឹងថា ប្រជាជនកម្ពុជាយើងមិនសូវមានប្រភពចំណូលច្រើនទេ ជាក់ស្ដែងកសិករភាគច្រើន ពឹងផ្អែកខ្លាំងលើផលិតផលកសិកម្មរបស់គាត់ និងប្រមូលផលទៅតាមរដូវ។ ចំណែកអ្នកធ្វើការវិញក៏ដូចគ្នា គឺពឹងផ្អែកខ្លាំងទៅលើប្រាក់ខែ ដូច្នេះប្រភពចំណូលតែមួយមុខបែបនេះ គឺវាមានភាពផុសស្រួល និងងាយជួបហានិភ័យខ្លាំងណាស់ ។
លោកបន្តថា បើជាកសិករដែលពឹងផ្អែកលើផលដំណាំ ហើយស្រាប់តែឆ្នាំណាមួយជួបគ្រោះរាំងស្ងួត ទឹកជំនន់ក៏ជួបប្រទះនឹងសត្វចង្រៃជាដើម នឹងធ្វើឱ្យចំណូលរបស់កសិករធ្លាក់ចុះ ។ យ៉ាងណាមិញ អ្នកធ្វើការក៏ដូចគ្នាដែរ ដោយយើងមិនដឹងថាថ្ងៃណាមួយយើងធ្វើការលែងកើត ថ្ងៃណាមួយយើងមានជំ ងឺឬក៏ក្រុមហ៊ុនមានបញ្ហាហិរញ្ញវត្ថុ កាត់បន្ថយចំនួនបុគ្គល ឬក៏ឈានដល់ការបិទក្រុមជាដើម នឹងធ្វើឱ្យបាត់បង់ចំណូលមួយផ្នែកឬក៏ទាំងស្រុង ។
លោកបន្តថា “ដើម្បីកាត់បន្ថយហានិភ័យបែបនេះ យើងត្រូវចេះច្នៃប្រឌិតរកប្រភព ចំណូលផ្សេងទៀត ត្បិតតែយើងជាកសិករ ឬអ្នកធ្វើការក៏ដោយ”។
លោកង៉ែត ជូបានបន្ថែថា ការរកចំណូលពីប្រភពផ្សេងៗ ដើម្បីបង្កើនចំណូលក្នុងគ្រួសារមានច្រើន ប៉ុន្តែវិធីដែលល្អនោះ ការសន្សំដើម្បីវិនិយោគ។ អ្នកខ្លះទៀតគាត់បានសន្សំ ដើម្បីទុកប្រើប្រាស់នៅពេលចូលនិវត្តន៍ ហើយបើសិនជាធ្វើបែបនេះ គឺត្រូវការពេលវេលាយូរណាស់ទំរាំ តែសល់ប្រាក់សម្រាប់ចូលនិវត្តន៍។ ការវិនិយោគគឺតែងតែមានហានិភ័យក្នុងការខាតបង់តែផលចំណេញក៏ច្រើនដែរ។ ជាអ្នកវិនិយោគ គឺត្រូវសិក្សាស្វែងយល់ច្រើនណាស់ ត្រូវតាមដានពីសេដ្ឋកិច្ចសង្គមទូទៅ និងត្រូវទូទាត់លើថ្លៃចំណេញនោះអាចស៊ីជាមួយនឹងកំណើនអតិផរណាដែរទេ ។
លោកបញ្ជាក់ថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលនេះ គឺភាគច្រើនទៅលើអចលនទ្រព្យ ហើយក្នុងនោះដែរផ្សារមូលបត្រ ក៏ចាប់ផ្ដើមមានអ្នកចាប់អារម្មណ៍ក្នុងការវិនិយោគដែរ។ ក្រៅពីនេះ ក៏មានការវិនិយោគ ជាលក្ខណៈចូលហ៊ុនគ្នា ប៉ុន្តែក៏មានហានិភ័យដែរ តែបើសិនជាយើងចេះកែច្នៃ ហានិភ័យទៅឱកាស ដើម្បីរកប្រាក់ចំណេញ វានឹងផ្ដល់ផលល្អ ដល់ផ្នែកហិរញ្ញវត្ថុគ្រួសារ ហើយនឹងបង្កើនចំណូលបន្ថែមពីលើចំណូលចាស់ៗរបស់យើង៕