ដោយ វឌ្ឍនា
ភ្នំពេញ ៖ បើទោះបីជានៅដើមឆ្នាំ ២០២១រហូតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាជាពិសេសវិស័យដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្ដី ក៏ស្ថានភាពនៃវិស័យធនាគារនៅតែមានដំណើរការល្អជា ជាក់ស្ដែងក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារបានកើនឡើងដល់២០,៧ភាគរយ ខណៈឥណទានអតិថិជនមានកំណើន២៣,៤ភាគរយ ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ ។
តាមរបាយការណ៍ដដែលបានបង្ហាញថា តាមរយៈកំណើននៃទ្រព្យសកម្ម ប្រាក់បញ្ញើនិងឥណទានអតិថិជនក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ សរបញ្ជាក់ពីភាពរឹងមាំនៃប្រព័ន្ធធនាគារនៅកម្ពុជា ។តែស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច វិធានការម៉ាក្រូនិងមីក្រូ ប្រុងប្រយ័ត្នដែលមានលក្ខណៈបុរេសកម្មត្រូវបានអនុវត្តជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពធន់នៃវិស័យធនាគារនិងហិរញ្ញវត្ថុ ស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សានិរន្តរភាពនៃសកម្មភាព សេដ្ឋកិច្ច ។
បើតាមលោកជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តត្រៀមខ្លួន ក្នុងការរួមចំណែកស្ដារនិងជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការគាំទ្រចាំបាច់នានា ប្រកបដោយប្រុងប្រយ័ត្ន សន្សឹមៗនិងអាចរំពឹងទុកបាន ។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងហានិភ័យឱ្យបានគ្រប់ជ្រុងជ្រោយ និងអភិវឌ្ឍផែនការការពារ ហានិភ័យជាយថាហេតុ ស្របតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាតិនិងអន្តរជាតិ ។
លោកបន្តថា ជាមួយនឹងការរក្សាបានស្ថិរភាពប្រព័ន្ធធនាគារ ដែលជាអាទិភាព ចម្បង វិធានការម៉ាក្រូ ប្រុងប្រយ័ត្នមួយចំនួនក៏ត្រូវបានបន្ធូរបន្ថយ ដើម្បីផ្ដល់សន្ទនីយភាពដល់ប្រព័ន្ធធនាគារ ។ ការបន្ធូរបន្ថយនេះ ត្រូវបានធ្វើឡើងដោយពិចារណាយ៉ាងម៉ត់ចត់ លើការគ្រប់ក្រងហានិភ័យក្នុងប្រព័ន្ធ ហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងត្រូវបានតាមដាននិងវាយតម្លៃ ជាប្រចាំ សំដៅជៀសវាងបច្ច័យអវិជ្ជមាន ដែលអាចកើតឡើងជាយថាហេតុ ដូចជាហានិភ័យចិត្តសាស្ត្រ ជាដើម ៕