ប្រព័ន្ធធនាគារគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តមានភាពធនទោះស្ថិតក្នុងវិបត្តិកូវីដ១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពធន និងផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមការលើកឡើងរបស់លោកជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជា

លោកជា ចាន់តូបានលើកដូច្នេះ ក្នុងពិធីរៀបចំសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកបានថ្លែងថា នៅឆមាសទី១ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាបន្តទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងក្នុងស្រុក និងតំបន់ដែលធ្វើឱ្យប៉ះពាល់ ដល់វិស័យចម្បងៗដូចជា វិស័យទេសចរណ៍, កម្មន្តសាល និងសំណង់ លើកលែងវិស័យកសិកម្ម ដែលបន្តមានវឌ្ឍនភាពល្អ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជា ចាន់តូបានបន្តថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយនឹងការបង្កើន ការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ និងឆាប់រហ័ស។

លោកបន្ដថា និយាយចំពោះប្រព័ន្ធធនាគារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តមានភាពធន និងបានផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធនាគារកើនឡើង១៨%, ឥណទានអតិថិជនមានកំណើន២៣,៤%, និងប្រាក់បញ្ញើអតិថិជនកើន២០,៧%។

លោកឲ្យដឹងទៀតថា ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសាធនភាពមានកម្រិត២៤,៤% សម្រាប់វិស័យធនាគារ និង២២,៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ, សន្ទនីយភាពមានកម្រិតខ្ពស់១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧៥,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។

លោកបន្ដថា ទន្ទឹមនេះអនុបាតឥណទាន មិនដំណើរការមានកម្រិតទាប២.៤% សម្រាប់វិស័យធនាគារ និង២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏ត្រូវបានអនុញ្ញាត ឱ្យរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

លើសពីនេះដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញចំនួន៣៦៧.២៣៩ គណនី ស្មើនឹង២២,២ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក)។

ស្របតាមការរីកចម្រើន នៃបច្ចេកវិទ្យា ធនាគារជាតិនៃកម្ពុជា បានពង្រឹងការអភិវឌ្ឍប្រព័ន្ធទូទាត់ ផ្អែកលើបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗដូចជា ការទូទាត់ដោយប្រើ QR កូត ការផ្ទេរប្រាក់ និងការទូទាត់តាមទូរស័ព្ទដៃជាដើម។ ក្នុងនោះប្រព័ន្ធបាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ត្រូវបានដាក់ឱ្យប្រើប្រាស់ និងជាប្រព័ន្ធទូទាត់កន្លែង សម្រាប់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការទូទាត់នានា។

ប្រព័ន្ធទូទាត់ទាំងអស់នេះ បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។ ដើម្បីបន្តគាំទ្រ ដល់ការរក្សាលំនឹងសេដ្ឋកិច្ច-សង្គម និងការស្តារឡើងវិញនៃសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តវិធានការគាំទ្រកំណើន និងរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបានរឹងមាំ ស្របតាមការដាក់ចេញគោលនយោបាយ របស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here