ហេតុផលដែលតម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តឡើងថ្លៃ ដែលជាការកើនឡើងមិនធម្មតា

ដោយៈលក្ខិណា

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារប្រទេសកម្ពុជា បានចាប់ផ្ដើមឡើងថ្លៃបន្តិចម្ដងៗចាប់តាំងពីឆ្នាំ២០២១មក ដែលខុសពីតម្លៃប្រេងកាលពីឆ្នាំ២០២០កន្លងទៅឃើញថាសមរម្យ ដែលធ្វើឱ្យពលរដ្ឋពេញចិត្តចំពោះតម្លៃប្រេងកាលនោះជាខ្លាំង។

បើពិនិត្យទៅមើលតារាតម្លៃប្រេងឥន្ធនៈ ដែលកំណត់ដោយក្រសួងបី រួមមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថូ ក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងឥន្ធនៈក្នុងខែកក្កដាឆ្នាំ២០២១នេះ បានឡើងដល់៤០០០រៀលក្នុងមួយលីត្រកាលពីដើមខែទៅដល់៤១០០រៀល ក្នុងមួយលីត្រចាប់ពីពាក់កណ្ដាលខែដល់ដំណាច់ខែ(សម្រាប់តម្លៃប្រេងសាំងធម្មតា )ខណៈតម្លៃប្រេងសាំងធម្មតាកាលពីឆ្នាំមុនក្នុងខែកក្កដាដូចគ្នាត្រឹម៣០០០រៀលក្នុងមួយលីត្រ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា តាមពិតទៅតម្លៃប្រេងសាំ​ងធម្មតាលក់រាយ លើទីផ្សារពីថ្ងៃទី១៦ដល់ថ្ងៃទី៣១កក្កដា ២០២១នេះត្រូវលក់៤២៦០រៀលក្នុងមួយលីត្រឯណោះ ហើយប្រេងម៉ាស៊ូតត្រូវលក់ក្នុងតម្លៃ៣៨១០រៀលក្នុងមួយលីត្រ តែដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួយសម្រួលបញ្ចុះតម្លៃមកត្រឹម៤១០០រៀល ក្នុងមួយលីត្រសម្រាប់ប្រេងសាំងធម្មតា និងតម្លៃ៣៦៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត ដោយគិតចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី១៦ដល់ថ្ងៃទី៣១កក្កដា ។

លោកស៊ាង ថៃអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងថា ការកំណត់តម្លៃប្រេងឥន្ធនៈលក់រាយ លើទីផ្សារប្រទេសកម្ពុជាគឺមានការចូលរួមពីក្រសួងបី រួមមានក្រសួ​ងរ៉ែនិងថាមពល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម។ ការកំណត់តម្លៃនេះដែរ ក៏ផ្អែកទៅតាមទីផ្សារប្រេងអន្តរជាតិផងដែរ ពីកម្ពុជាជាប្រទេសនាំចូលប្រេងនៅឡើយ ដូច្នេះតម្លៃប្រេងត្រូវពឹងលើទីផ្សារប្រទេសនាំចូល ដោយមិនអាចកំណត់ដោយឯកឯងបានឡើយ ។

មានមតិសាធានជនជាច្រើនបានចោទជាសំនួរថា កម្ពុជាចាប់ផ្ដើមបូមប្រេងរបស់ខ្លួនហើយ តែតម្លៃប្រេងសាំងនៅតែបន្តឡើងថ្លៃដដែល ។ បញ្ហានេះ អ្នកជំនាញនៃក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ប្រេងដែលកម្ពុជាទទួលបានជាប្រេងឆៅ និងត្រូវការនាំចេញ ដើម្បីកែច្នៃជាផលិតផលសម្រេចហើយនាំចូលមកវិញ ដូច្នេះតម្លៃប្រេងក៏នៅតែពឹងលើទីផ្សារអន្តរជាតិដដែល ។

ការឡើងថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ នៅក្នុងវិបត្តិកូវីដ១៩នេះ បានធ្វើឱ្យពលរដ្ឋដែលប្រើប្រាស់ប្រេងឥន្ធនៈជាប្រចាំ បានរអ៊ូរទាំ ជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកក៏បានបង្ហោះសារត្អូញត្អែ ពីការឡើងថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់។

ទោះបីជាយ៉ាងណាដូចក្រសួងបានបញ្ជាក់ហើយថា កម្ពុជាជាប្រទេសនាំចូលផលិតផលប្រេងសម្រេចមកប្រើប្រាស់ ដូច្នេះទីផ្សារប្រេងក្នុងស្រុក គឺត្រូវអាស្រ័យលើទីផ្សារប្រេងអន្តរជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here