ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំឲ្យមានការចុះបញ្ជីអាជីវកម្មតាមថ្នាលព៌តមាន ដែលជាការកាត់បន្ថយភាពស្មុគ្រស្មាញតាមនិតោវិធី និងកាត់បន្ថយពេលវេលា។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានលក្ខណៈពិសេស ដូចជា កាត់បន្ថយនីតិវិធី តាមរយៈការភ្ជាប់គ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងបង្កើតការចុះបញ្ជីជាកញ្ចប់ក្នុងពេលតែមួយ នៅលើថ្នាលតែមួយ កាត់បន្ថយពេលមកត្រឹម៨ថ្ងៃនៃថ្ងៃធ្វើការ និងកាត់បន្ថយការចំណាយថវិកាប្រមាណ៤០ ភាគរយបើធៀបនឹងនីតិវិធីចាស់។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ជាមួយនឹងកំណែទម្រង់លើនីតិវិធីចុះបញ្ជីនេះ ធុរជនមានភាពងាយស្រួលក្នុងការចុះបញ្ជី ដែលអនុញ្ញាតឱ្យធុរកិច្ច មានអត្តសញ្ញាណត្រឹមត្រូវ និងស្របច្បាប់ ដើម្បីជាមូលដ្ឋានក្នុងការស្នើសុំឥណទាន ពីកម្មវិធីហិរញ្ញវត្ថុ ពិសេសពីរដ្ឋាភិបាលដែលជាវិធានការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ ១៩»។
ក្រុមហ៊ុនជាង៦ពាន់បានចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលមានទុនសរុប២ ៦៣១ លានដុល្លារ គិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១។
សេចក្តីប្រកាសព៌តមានដដែលបានបន្តថា ក្នុងរយៈពេល១ឆ្នាំនេះ អាជីវកម្មចុះបញ្ជីត្រូវបានអនុម័តរួមមាន អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ៣៨,១១ភាគរយ។ សកម្មភាពអចលនវត្ថុ១០,២៩ភាគរយ កម្មន្តសាល៨,៥៨ភាគរយ សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ៨,៤៧ ភាគរយ សកម្មភាពអាជីវកម្មវិជ្ជាជីវៈវិទ្យាសាស្ត្រ និងបច្ចេកទេស៧,៦ភាគរយ និងវិស័យផ្សេងៗទៀតមានចំនួន២៧,៥៥%ភាគរយ៕