ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ជាមួយនឹងមហិច្ឆតាពង្រីកទីក្រុងកាន់តតែធំ ដើម្បីពង្រីកវិសាលភាពនៃការអភិវឌ្ឍ ដោយសារកំនើនសេដ្ឋកិច្ច នគរូបនីយកម្ម រដ្ឋាភិបាលនឹងអនុម័តនូវគំរោងធំៗចំនួន៩ជាអាទិភាព។
យោងតាមផែនការមេអភិវឌ្ឍក្រុងដល់ឆ្នាំ២០៣៥ រដ្ឋាភិបាលសម្រេចយកគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ៩គម្រោង ជាគម្រោងដែលត្រូវអនុម័តបន្ទាន់ តើមានគម្រោងអ្វីខ្លះ ហើយតាំងពីឆ្នាំ២០១៥ ដែលចេញផែនការមេមកទល់បច្ចុប្បន្ន មានគម្រោងណាខ្លះចាប់ផ្ដើមហើយ និងគម្រោងណាខ្លះនៅមិនទាន់អនុវត្តន៍។
ទី១ ការអនុម័តបទប្បញ្ញត្តិ និងប្លង់នៃការបម្រុងទុកធំៗនៃវិស័យសាធារណៈ ផ្លូវធំៗ ផ្លូវដែក និងការបង្ហូរទឹកនៅតំបន់ជាយក្រុងនានា
ផែនការនេះត្រូវបានអនុវត្តខ្លះៗ ហើយជាក់ស្ដែងដូចជា សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ដែលកំពុងត្រៀម ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ច្បាប់ថ្មីនេះ គឺដើម្បីជួយឱ្យសមត្ថកិច្ចពាក់ព័ន្ធងាយស្រួលក្នុងការដោះស្រាយ ផលប៉ះពាល់ដល់ប្រជាជន ក្នុងករណីរដ្ឋមានគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធណាមួយ។
លើសពីនេះ ក្រសួងក៏កំពុងបន្តពិនិត្យ លើសេចក្ដីសម្រេចលើច្បាប់ស្តីពី ទឹកកខ្វក់ និងប្រព័ន្ធលូ ឡើងវិញ ពោលគឺនឹងពន្លឿនឱ្យច្បាប់នេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុតផងដែរ។
ទី២ ការអនុម័តកំណត់ទីតាំងស្ថានីយ៍រថភ្លើងសម្រាប់ទំនិញ និងទីតាំងផែស្ងួតធំ នៅសំរោង ខណ្ឌពោធិ៍សែនជ័យ
មិនទាន់មានប្រភពព័ត៌មាន ដែលបញ្ជាក់ពីវិវឌ្ឍនភាព នៃគម្រោងនេះនៅឡើយទេ ទាក់ទងនឹងគំរោងនេះថា តើមានការវិវត្តបែបណា និងត្រូវវិនិយោគបែបណានាពេលអនាគត។
ទី៣ ការអនុម័តជាគោលការណ៍នូវគម្រោងផ្លូវដែកភ្នំពេញ-ហូជីមិញ
តាមផែនការ គម្រោងនេះនឹងមានការសាងសង់ស្ពានមួយ ឆ្លងទន្លេមេគង្គនៅភ្នំពេញ និងផ្លូវដែក ដែលតភ្ជាប់ពីស្ថានីយសំរោង ទៅតំបន់ជាយក្រុងខាងត្បូងឆ្លងកាត់ទន្លេបាសាក់ផងដែរ។ មកទល់បច្ចុប្បន្ន គម្រោងនៅមិនទាន់អនុវត្ត តែក្រសួងប្រកាសថាគម្រោងនៅតែស្ថិតក្នុងបញ្ជីគម្រោងអាទិភាពរបស់រដ្ឋ តែនឹងគិតគូរក្រោយផ្លូវល្បឿនលឿន។
ទី៤ ការស្ថាបនាពង្រីកបន្តនូវផ្លូវចុះចតរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ជាក់ស្ដែង ជំនួសឱ្យការពង្រីកផ្លូវចុះចត នៅព្រលានដែលមានស្រាប់ រដ្ឋាភិបាលបានអនុម័ត គម្រោងសាងសង់ព្រលានថ្មីនៅខេត្តកណ្តាល ដែលមកទល់ពេលនេះសម្រេចបានប្រមាណ៤០ភាគរយហើយ ដោយគ្រោងបញ្ចប់និងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៣។
ទី៥ ការស្ថាបនានូវទំនប់មួយ និងការធ្វើច្រាំងបេតុងជាច្រកចូលរបស់ទន្លេបាសាក់
គម្រោងនេះ ឃើញថាសាលាក្រុងកំពុងអនុវត្តបណ្ដើរៗ។ ឧទាហរណ៍ដូចជា កាលពីខែមីនាកន្លងទៅ សាលាខណ្ឌច្បារអំពៅ បានចុះបោះបង្គោលកំណត់ទីតាំង ដើម្បីស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់កោះនរា។
ទី៦ ការកំណត់ស្តង់ដាដែលមានអគារខ្ពស់ៗ នៅច្បារអំពៅនៅបឹងក្រពើ បឹងពោងពាយទល់មុខទន្លេបាសាក់ និងបឹងកក់
រហូតមកទល់ពេលនេះ មិនទាន់មានប្រភពព័ត៌មាន ដែលបញ្ជាក់ពីវិវឌ្ឍនភាពនៃគម្រោងនេះនៅឡើយទេ ប៉ុន្តែគេហទំព័រ Propertyarea.asia នឹងធ្វើបច្ចុប្បន្នភាពជូននាពេលបន្តបន្ទាប់ទៀត។
ទី៧ ការកំណត់ទីតាំងទីលានចាក់សំរាម និងការកែលម្អទីតាំងចាក់សំរាមដង្កោ
តាមផែនការគម្រោងនេះ នឹងធ្វើឡើងក្រោមរូបភាពនៃការវិនិយោគ ជារោងចក្រកែច្នៃសំរាម និងការរៀបចំសួនឧទ្យាននៅទីលានចាក់សំរាមមានជ័យ។ ចាប់តាំងពីឆ្នាំ ២០១៥ ក៏មានព័ត៌មានមួយចំនួនទាន់ទិននឹងវិស័យនេះ។ ជាក់ស្ដែង កាលពីខែមីនាឆ្នាំ ២០២០ ក្រសួងរ៉ែ និងថាមពល បង្ហាញផែនការចង់អភិវឌ្ឍគម្រោងបំប្លែង សំណល់រឹងទីប្រជុំជន ទៅជាថាមពលអគ្គិសនី នៅទីលានចាក់សំរាមរបស់រាជធានីភ្នំពេញ។
គម្រោងនេះសហការដោយ ADB និងក្រុមហ៊ុន Infrastructure of Asia របស់សិង្ហបូរី។
លើសពីនេះ កាលពីដើមឆ្នាំ ២០២១ ក្រសួងបរិស្ថាន ក៏បានស្នើឱ្យក្រុមហ៊ុនសិង្ហបុរី Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE) ជួយសិក្សារៀបចំផែនការប្លង់មេ សម្រាប់ការសាងសង់ទីលានចាក់សំរាមថ្មី មួយនៅរាជធានីភ្នំពេញ។
កាលពីឆ្នាំមុននេះ ក៏មានក្រុមហ៊ុនជប៉ុនចង់វិនិយោគសាងសង់ រោងចក្រផលិតថាមពលពីការដុតសំរាមនៅកម្ពុជាផងដែរ។
ទី៨ ការកំណត់តំបន់អេកូឡូស៊ីព្រែកព្នៅ
គម្រោងនេះកំពុងអនុវត្តន៍បណ្តើរហើយ ដោយកាលពីខែមីនា កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមដាំដើមឈើលើដីជាង៧៥ហិកតា នៅបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ។ គម្រោងនេះ នឹងប្រែក្លាយតំបន់នោះជាឧទ្យាជាតិដ៏ធំមួយ។ តាមផែនការ គម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ តែអាចនឹងយឺតយ៉ាវបន្ដិចដោយសារបញ្ហាកូវីដ។
ទី៩ ការអនុវត្តការថែរក្សា និងលើកតម្កើងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រមិនទាន់មានប្រភពព័ត៌មាន ដែលបញ្ជាក់ពីវិវឌ្ឍនភាព នៃគម្រោងនេះនៅឡើយទេ ប៉ុន្តែ Propertyarea.asia នឹងធ្វើបច្ចុប្បន្នភាពជូនជាបន្តបន្ទាប់ទៀត។
ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញនេះ អាចត្រូវកែសម្រួលក្នុងរយៈពេល៥ឆ្នាំម្តង ក្នុងករណីចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕