អ្នកទិញឧបករណីនិស្សន៍ ដាក់ញាតិ្តជាលើកទី២ទៅកាន់ក្រុមហ៊ុនដើម្បីទាមទារប្រាក់ដើមត្រឡប់វិញ១០០ភាគរយ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ វិនិយោគិននៃក្រុមហ៊ុន GOLDFX INVESTMENT ហៅកាត់ GFX នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានណាត់ជួបជុំគ្នាដើម្បីដាក់ញាតិ្តជាលើកទី២ទៅកាន់ក្រុមហ៊ុន ដើម្បីទាមទារសំណងប្រាក់ដើមត្រឡប់មកវិញ និងបដិសេធជាថ្មីម្តងទៀតក្នុងការទទួលប្រាក់៣០ភាគរយពីក្រុមហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កញ្ញាម៉ូរ៉ា ម៉ាឡា តំណាងវិនិយោគិន នៃក្រុមហ៊ុន GFX បានប្រាប់បណ្តាញអ្នកសារព័ត៌មាននាថ្ងៃទី៩ កក្កដាកន្លងមកថា គោលបំណងនៃការដាក់ញាត្តិ ដើម្បីបដិសេធនឹងដំណោះស្រាយ របស់គណៈកម្មការដោះស្រាយវិវាទ របស់ក្រុមហ៊ុនដែលទូទាត់ប្រាក់មកកាន់អតិថិជនវិញត្រឹម៣០ភាគរយនៃប្រាក់វិនិយោគដើម ដែលបានបញ្ជាក់ច្បាស់ថា ទឹកប្រាក់នេះ ជាសម្បទានរបស់ក្រុមហ៊ុនមកកាន់អតិថិជន។

កញ្ញាបានបន្ត “មកដល់នេះទោះបីជាក្រុមហ៊ុនប្រកាសថា ណាត់ជួបអតិថិនដើម្បីរកដំណោះស្រាយរួមយ៉ាងណាក៏ដោយ ប៉ុន្តែមិនអាចទទួលយកបានទេ ដោយសារការផ្តល់ជូនរបស់ក្រុមហ៊ុន មិនសមនឹងការចង់បានរបស់កញ្ញា រួមទាំងអតិថិជនផ្សេងទៀត ដែលខំជឿទុកចិត្ត និងយកប្រាក់សន្សំដើម្បីបណ្តាក់ទុនវិនិយោគជាមួយក្រុមហ៊ុន”។

វិនិយោគិន២នាក់ផ្សេងទៀត លោក ហឿន ទិត្យ និងលោកធូ ពន្លឺ បាននិយាយថា ការរងចាំរកដំណោះស្រាយរបស់ក្រុមហ៊ុន មកកាន់អតិថិជនមកដល់ពេលនេះ ប្រមាណជាង៣ខែហើយ នៅតែមិនទាន់មានការឆ្លើយតបនៅឡើយទេ មិនថាពីក្រុមហ៊ុន ក៏ដូចជានិយ័តករមូលបត្រកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទោះបីជាបានស្នើសុំអន្តរា​គមន៍រួចហើយក៏ដោយ។

លោកឲ្យដឹងទៀតថា “អ្វីដែលក្រុមរបស់លោកចង់បានពេលនេះ គឺសាច់ប្រាក់ដើម១០០ភាគរយត្រឡប់មកវិញ ដើម្បីយកទៅផ្គត់ផ្គង់ជីវភាព និងទូទាត់សងធនាគារវិញ ព្រោះប្រាក់ទាំងនោះបានខ្ចីពីធនាគារ មកវិនិយោគជាមួយក្រុមហ៊ុន និងជាតម្រូវការចាំបាច់ប្រើប្រាស់ក្នុងសម័យកាលកូវីដ១៩នេះ ឲ្យបានធូរស្រាលមួយកម្រិតទៀត”។

ចំណែកលោកជា រដ្ឋសាវុន មេធាវីក្រុមហ៊ុន GFX បានមានប្រសាសន៍ប្រាប់អ្នកសារព័តមានក្នុងស្រុកថា គិតចាប់ពីថ្ងៃទី២២ ខែមិថុនា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានណាត់ជួបអតិថិជនសរុបជាង៣០ភាគរយ នៃអតិថិជនសរុបប្រមាណ៣ពាន់នាក់។

លោកបន្តថា “ការណាត់ជួបរវាងក្រុមហ៊ុន និងអតិថិជន ថ្ងៃខ្លះមានចំនួនច្រើន និងថ្ងៃខ្លះមានចំនួនតិច ដោយចន្លោះពី៦០ ទៅ១០០នាក់ក្នុង១ថ្ងៃ ក្នុងនោះការយល់ព្រមទទួលដំណោះស្រាយរួម រវាងក្រុមហ៊ុននិងអតិថិជន ក៏មានចំនួនច្រើននាក់ហើយដែរ”។

ក្រុមហ៊ុន GOLDFX INVESTMENT ហៅកាត់ GFX ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតស្របច្បាប់ និងជាភ្នាក់ងារឈ្មួញជើងសារឧបករណ៍និស្សន្ទ ដែលទទួលអាជ្ញាប័ណ្ណស្របច្បាប់ ពីគណៈកម្មការមូលបត្រកម្ពុជា ដែលសំដៅទៅការជួញដូរលើរូបិយប័ណ្ណអន្តរជាតិ មាស និងប្រេងឆៅជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here