ដោយៈ សាវុធ
ភ្នំពេញៈ ដូចដែលអ្នកបានដឹងរូចមកហើយថា បច្ចុប្បន្ន មានគម្រោងអភិវឌ្ឍន៍បុរី (គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន) ជាច្រើនដែលកំពុងរីកដុះដាល តែមិនមែនគម្រោងទាំងអស់សុទ្ធតែជាគម្រោងស្របច្បាប់នោះទេ។ តាមច្បាប់ ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជី និងត្រូវទទួលបានការយល់ព្រមពីក្រសួងពាក់ព័ន្ធជាមុនសិន ទើបមានសិទ្ធិអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងដំណើរការសាងសង់បាន។
ប៉ុន្តែ មិនមែនថា គម្រោងដែលកំពុងដំណើរការសាងសង់ទាំងអស់ សុទ្ធតែបានប្រព្រឹត្តិទៅស្របច្បាប់ទាំងអស់នោះទេ។ ដើម្បីគេចពីការបង់ពន្ធ និងការចំណាយបន្ថែមផ្សេងៗ គម្រោងមួយចំនួននៅតែដំណើរការសាងសង់ដោយមិនបានធ្វើការចុះបញ្ចីត្រឹមត្រូវ ។
ដូចនេះហើយ ដើម្បីជួយធ្វើឲ្យលោកអ្នកកាន់តែមានទំនុកចិត្តនៅពេលទិញផ្ទះ សូមកុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍ ដើម្បីធានាថាក្រុម ហ៊ុនអភិវឌ្ឍន៍នោះពិតជាបានធ្វើអាជីវកម្មស្របច្បាប់មែន។
ជាមួយគ្នានេះដែរ ផែនការមេរបស់គម្រោងបានទទួលការអនុម័តពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គឺជាឯកសារមួយដ៏សំខាន់ ដែលអ្នកត្រូវតែដឹងផងដែរ។ ផែនការមេ គឺជាប្លង់មេដ៏សំខាន់របស់គម្រោងទាំងមូល។
ជាទូទៅ ផែនការមេត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មុនពេលការសាងសង់ចាប់ផ្តើម។ វាគូសបង្ហាញអ្នកយ៉ាងច្បាស់ថា តើគម្រោងដែលរៀបនឹងសាងសង់មានហេដ្ឋារចនាសម្ព័ន្ធដូចម្តេច មានប្លង់លំនៅដ្ឋានដូចម្ត៉េច។
ម្យ៉ាងវិញទៀត មុននឹងក្រសួង ផ្តល់អាជ្ញាប័ណ្ណសាងសង់ទៅឲ្យគម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅតម្រូវឲ្យម្ចាស់គម្រោងធ្វើបទបង្ហាញពីផែនការមេយ៉ាងច្បាស់លាស់ជាមុនផងដែរ។
នេះគឺ ដើម្បីធានាថា ការអភិវឌ្ឍន៍ទំាងអស់របស់គេ គឺធ្វើឡើងដោយស្របច្បាប់ និង គោរពទៅតាមគោលការណ៏និង បទប្បញ្ញត្តិរបស់ផែនការមេសម្រាប់អភិវឌ្ឍន៍ទីក្រុង។ និយាយជារួម ការមានផែនការមេមួយដែលបានទទូលការអនុម័តត្រឹមត្រូវ បញ្ជាក់ថាគម្រោងបុរីនោះ ធ្វើឡើងប្រកបដោយស្តង់ដារកាន់តែប្រសើរឡើង។
ក្រៅពីផែនការមេនៃគម្រោងបុរីហើយ បុរី ត្រូវតែមានផងដែរនូវ អាជ្ញាប័ណ្ណសាងសង់ ត្រឹមត្រូវ ដែលចេញដោយ ក្រសួងរៀបចំដែនដីនគរូ បនីយកម្ម និង សំណង់។
មុននឹងទទួលបានអាជ្ញាប័ណ្ណនេះ គម្រោងត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងគ្រប់គ្រងដីធ្លី។ មុនដំបូងម្ចាស់បុរីត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណសាងសង់មួយ ដើម្បីអាចដំណើរការសាងសង់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធបាន ប្រកបដោយស្តង់ដារ និងបញ្ចប់ការសាងសង់តាមការកំណត់ត្រឹមត្រូវ តាមការគ្រោងទុក។
នៅពេលដែលក្រសួងបានត្រួតពិនិត្យកត្តាទាំងនេះរួចហើយ គេបានចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសំណង់នោះ។ បន្ទាប់ពីបានអាជ្ញាប័ណ្ណសាងសង់ហើយនោះ ក្រុមអ្នកសាងសង់ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួង បើមិនដូច្នោះទេ ពួកគេនឹងដកហូតប័ណ្ណសាងសង់វិញ។ ដូចនេះ ដើម្បីប្រាកដថាផ្ទះរបស់អ្នកទិញ ត្រូវបានសាងសង់តាមស្តង់ដារ និងស្របតាមបទបញ្ជា លោកអ្នកអាចស្នើសុំមើលអាជ្ញាប័ណ្ណនេះ មុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញផ្ទះក្នុងបុរីណាមួយ៕