តំបន់ឧស្សាហកម្មខេត្តស្វាយរៀងទាក់ទាញទុនវិនិយោគជិត៦០លានដុល្លារពីក្រុមហ៊ុនថ្មីៗចំនួន៧

ដោយៈ សាវុធ

ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសនានា នៅខេត្តស្វាយរៀងនៅតែមានសក្តានុពល ដោយទាក់ទាញទុនវិនិយោគជាង​១០០លានដុល្លារអាមេរិក ពីក្រុមហ៊ុនថ្មីៗចំនួន៧ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមហ៊ុនទាំងនោះ បានបោះទុនវិនិយោគ៥៦,៣លានដុល្លាររោងចក្រឧស្សាហកម្មនៅខេត្តស្វាយរៀង ក្នុងរយៈពេលជាង៣ខែចុងក្រោយ គិតចាប់តាំងពីដើមមីនា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរយៈពេលជាង៣ខែកន្លងមកនេះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១ក្រុមហ៊ុន “HUIQUANFENG TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំទោចក្រយាន និងគ្រឿងបំណែកទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

ទី២ ក្រុមហ៊ុន GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព 20MW ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ១៧,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។

ទី៣ ក្រុមហ៊ុន Y.T PLASTIC CO., LTD” គម្រោងរោងចក្រផលិតសម្ភារៈអគ្គិសនី អំពូលភ្លើង និងគ្រឿងបង្គុំអំពូលគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣០កន្លែង។

ទី៤ ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD.គម្រោងបង្កើតរោងចក្រដំឡើងទោចក្រយាន ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥០កន្លែង។

ទី៥ ក្រុមហ៊ុន“HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត អំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងា​របានចំនួន៣៩៩កន្លែង។

ទី៦ ក្រុមហ៊ុន“XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៤៣៣កន្លែង។

ទី៧ ក្រុមហ៊ុន“LEISGER (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រ​យានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង, មានដើមទុនវិនិយោគប្រមាណ១៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៥១នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here