លោកបណ្ឌិតគីម ហ៊ាងៈ តើគួរវិនិយោគអចលនទ្រព្យប្រភេទណា ពេលមុននិងក្រោយរៀបការ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ នៅក្នុង​វិស័យ​អចលនទ្រព្យ​ ការ​វិនិយោគ​ហាក់​មិនបាន​ប្រកាន់​ទៅលើ​វ័យ​របស់​អ្នក​វិនិយោគ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​គិតពិចារណា​នោះ​ត្រង់ថា​ តើ​គួរ​វិនិយោគ​បែប​ណា ​និង​ផ្តោត​ទៅលើ​ផ្នែក​ណា​ ដើម្បី​ឱ្យ​សមស្រប​ទៅ​នឹង​លទ្ធភាព​ និង​ស្រប​ទៅ​នឹង​មនុ​ស្ស​វ័យ​កណ្តាល​ (មុន​ពេល​រៀបការ​ ឬបន្ទាប់ពី​រៀបការ​រួច​)។

លោកបណ្ឌិតឧកញ៉ាគីម ហ៊ាងប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងថា អ្នក​ដែល​ត្រៀមខ្លួន​ ឬទើបតែ​រៀបការ​រួច​ គួរតែ​ទិញ​អចលនទ្រព្យមុនដំបូងគេ ​គឺទិញ​លំនៅ​ដ្ឋាន​ដើម្បី​រស់នៅសិន​។ ក្រោយពេល​មាន​លំនៅ​ដ្ឋាន​រស់នៅ​សមរម្យ​ ហើយ​សល់​ធនធាន​សមរម្យ​ ប្រសិនជា​មានបំណង​ចង់​វិនិយោគ​ លើអចលនទ្រព្យ​បន្ថែម​ជា​លើក​ទី២​ គួរតែ​ទិញ​លំនៅ​ដ្ឋាន​សម្រាប់​វិនិយោគ​ ដោយ​យកលំនៅដ្ឋាននោះទុកសំរាប់​ជួល​។

លោក​បញ្ជាក់​ថា​ “ធម្មតា​លំនៅ​ដ្ឋាន​ដែល​ត្រូវ​បាន​ជួល​ គឺ​អាច​ទទួល​បាន​ចំណូល​ត្រឡប់មកវិញ​ជាប្រចាំ​ខែ​ ហើយ​អ្នក​ដែល​មានផ្ទះ​ជួល​ មិន​ព្រួយ​ពី​រឿង​គ្មាន​អ្នកជួល​នោះ​ទេ​”។ លោ​ក​បន្ត​ទៀត​ថា​ “មិនថា​ជា​ការ​វិនិយោគ​ទី៣​ ឬទី៤ ជា​យោបល់​ខ្ញុំគឺ​នៅតែ​ណែនាំ​ឱ្យ​ទិញ​ដី​ទុកដើម្បីយកផលចំណេញនាពេលអនាគត”​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ប្រសិនបើ​បុគ្គល​នោះ​ មាន​សមត្ថភាព​អាច​រកចំណូល​បាន​សមរម្យ​ ហើយ​ចង់​វិនិយោគ​បន្ថែម​ទៀត​ ពេលនេះ​គាត់​គួរតែ​ទិញ​ខុន​ដូ​នៅ​កណ្តាល​ក្រុង​វិញ​ម្ដង​ ដែល​វា​បាន​បង្ហាញ​ និង​បញ្ជាក់​ពី​ជីវិត​ និង​ការរស់នៅ​របស់​គាត់មាន​ភាព​ស៊ីវិល័យ​។

លោកបណ្ឌិត​បន្ត​ថា​ នៅពេល​គាត់​មានផ្ទះ​ស្នាក់នៅ​សមរម្យ​ គាត់​មានផ្ទះ​ជួល​ គាត់​មាន​ដី​២-៣កន្លែង​ ហើយ​មាន​ខុន​ដូ​នៅ​កណ្តាល​ក្រុង​ទៀត​ ទាំងអស់​នេះ​វា​គឺជា​ទ្រព្យ​អសកម្ម​ ប៉ុន្តែ​វា​នឹង​ក្លាយជា​លុយ​យ៉ាងច្រើន​នៅពេល​ដែល​គាត់​ចង់បាន​។

លោក​បណ្ឌិ​តគឹម​ ហ៊ា​ងបញ្ជាក់​ថា​ “ប្រសិនបើ​អ្នកមាន​លទ្ធភាព​ គួរតែ​ទិញ​ផ្ទះ​ទុក​ឱ្យ​បាន​ច្រើន​ ទិញ​ដី​ទុក​ឱ្យ​បាន​ច្រើន​ រួម​ជាមួយនឹង​ការទិញ​ខុន​ដូ​សម្រាប់​ស្នាក់នៅ​ ឬស​ ម្រាប់​ជួល​ ដែល​វា​សុទ្ធតែ​ជា​ទ្រព្យរបស់​ ជួយ​បង្កើត​លុយ​ឱ្យ​អ្នក​យ៉ាង​លឿន​រហូតដល់​អ្នក​នឹង​ស្មាន​មិនដល់​”។

លោក​បាន​បញ្ជាក់​ទៀត​ថា ការវិនិយោគបែបនេះ ក្រោយរយៈពេល៥​-៦ឆ្នាំ​បន្ទាប់​ ប្រសិនបើ​អាច​សល់​ធនធាន​ ហើយ​ចង់​វិនិយោគ​ជា​លើក​ទី៣​ លោក​សូម​ណែនាំ​ថា​ គួរតែ​ទិញ​ដី​ទុក​ដែល​វា​ជា​រឿង​ល្អ​បំផុត​។

លោក​បញ្ជាក់​ថា​ “ថ្វីត្បិត​ដី​ហាក់​មិនសូវ​មាន​គេ​ជួល​ ប៉ុន្តែ​ជាទូទៅ​ការ​កើនឡើង​នៃ​តម្លៃ​ដី​ប្រចាំឆ្នាំ​ យ៉ាងហោចណាស់​ក្នុងរង្វង់​ចាប់១៥​-២០​ ឬអាច​ឡើង​លើស​ពីនេះ​រហូតដល់១០០ភាគរយ​ ដែល​វា​អាស្រ័យ​ទៅតាម​តំបន់​និង​ប្រភេទ​ដី​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here