ចំណេះដឹងហិរញ្ញវត្ថុ! តើការប្រើប្រាស់កាតឥណទានផ្តល់អត្ថប្រយោជន៏អ្វីខ្លះ

ដោយៈ សាវុធ

ភ្នំពេញៈ សាកស្រមៃបន្តិចទៅមើលថា ប្រសិនបើអ្នកទៅផ្សារទំនើប ហើយអ្នកបានចាប់អារម្មណ៏ទៅលើរ៉ូបមួយដ៏ស្អាត។ អ្នកពិតជាចង់បានវាខ្លាំងណាស់ ដូចនេះតើអ្នកត្រូវ ធ្វើយ៉ាងណាពេលដែលអ្នក មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញរបស់នោះ? កុំបារម្ភអី កាតឥណទាន អាចជួយអ្នកបាននូវអ្វីដែលអ្នកចង់បាន។

មិនមានការប្រាក់
នៅពេលដែលអ្នកបង់ប្រាក់ជាមួយកាតឥណទាន នោះមានន័យថាអ្នកបានខ្ចីប្រាក់ពីធនាគារ។ កាតឥណទាននឹងគិតប្រាក់ពីអ្នក ជាមួយនឹងការប្រាក់ខ្ពស់ក្នុងករណី ដែលអ្នកមិនបង់អោយគេទាន់ពេលវេលា។ ជាការពិតណាស់ ប្រសិនបើអ្នកបង់មុនពេលកំណត់ នោះមិនគិតការប្រាក់ទៅលើការខ្ចីរបស់អ្នកឡើយ នោះហើយហៅថា ការមិនយកការប្រាក់ចំពោះអតិថិជនដំបូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លឿន នឹងងាយស្រួល
អ្នកអាចទទួលបានអ្វី ដែលអ្នកចង់បានដោយមិនចាំបាច់រង់ចាំរហូតដល់ថ្ងៃ ដែលអ្នកសន្សំប្រាក់បានគ្រប់គ្រាន់នោះទេ។

សុវត្ថិភាពជាង
អ្នកមិនចាំបាច់យកសាច់ប្រាក់តាមខ្លួនគ្រប់ពេល ដែលអ្នកធ្វើដំណើរ ហើយថែមទាំងការពារទៅលើអំពើឆក់ ឬប្លន់ណាមួយ។

វីសាកាតអន្តរជាតិ
កាតឥណទានវីសាអាចប្រើបាននៅក្រៅប្រទេស។ ប្រសិនបើអ្នកឃើញផ្លាកសញ្ញាថាអាចប្រើប្រាស់កាតវីសា នៅតាមបណ្តាហាង ឬភោជនីយដ្ឋានណាមួយ នោះអ្នកមិនចាំបាច់ប្តូររូបិយប័ណ្ណសាច់ប្រាក់ ឬបង់ប្រាក់តាមរូបិយប័ណ្ណបរទេសនោះទេ។ ម៉ាស័្ទរកាត (Master Card) ក៏មានភាពងាយស្រួលក្នុងការប្រើប្រាស់ដែរ ពីព្រោះវាគឺជាកាតដែលមានគេប្រើច្រើនបន្ទាប់ពីវីសាកាត។

ឱកាសក្នុងការទទួលបានសំណង
ប្រសិនបើផលិតផលណាមួយ ដែលអ្នកមានការមិនពេញចិត្ត ឬអ្នកលក់អាចបោកអ្នកដោយលក់ផលិតផល មានភាពខុសគ្នាពីទម្រង់ដើម នោះអ្នកអាចស្នើរធនាគារ ដើម្បីសងអ្នកវិញ ឬឱ្យពួកគេធ្វើការដោះស្រាយជំនួសអ្នក ប៉ុន្តែក្នុងករណីនៃចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបានកំណត់តែប៉ុណ្ណោះ។

យ៉ាងណាមិញ នៅក្នុងករណីដែលមានចោរលួច ហើយព្យាយាមប្រើកាតរបស់អ្នកដើម្បីដកប្រាក់ នោះអ្នកអាចទាក់ទងទៅធនាគារដើម្បីដាក់ពាក្យបណ្តឹង។

ប្រវត្តិឥណទានល្អ
វាជាការល្អ ដែលអ្នកគួរបង់ប្រាក់តាមពេលកំណត់ ដើម្បីអោយប្រវត្តិនៃការខ្ចីប្រាក់របស់អ្នកល្អ។ វាអាចជួយអ្នកនៅថ្ងៃណាមួយ ពេលដែលអ្នកចង់ធ្វើការខ្ចីប្រាក់ ពីព្រោះអ្នកមានប្រវត្តិនៃការបង់ប្រាក់ទាន់ពេលវេលា។ នេះពិតជាសំខាន់ សម្រាប់ពេលអនាគតខ្លាំងណាស់។

ការផ្តល់ជូនការបញ្ចុះតម្លៃ
អ្នកដែលផ្តល់កាត និង ហាងឬភោជនីយដ្ឋានមួយចំនួន ប្រាកដជាមានការសហការគ្នា ហើយនេះជាអត្ថប្រយោជន៍ ដែលអ្នកអាចមានឱកាសទទួលបានការបញ្ចុះតម្លៃប្រហែលពី០% ទៅ ២០% អាស្រ័យទៅលើកិច្ចសន្យារបស់ពួកគេទាំងសងខាង។

បន្ថែមពីនេះ អ្នកផ្តល់កាតជាច្រើន តែងមានការផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗ ពីគ្នា ដូចជាការធានារ៉ាប់រង ឬ ចម្ងាយនៃការធ្វើដំណើរផ្លូវអាកាស។

តើចម្ងាយនៃការធ្វើដំណើរតាមផ្លូវអាកាសនេះមានន័យដូចម្តេច?
ចម្ងាយនៃការធ្វើដំណើរតាមផ្លូវអាកាស គឺសំដៅទៅលើពិន្ទុអ្នកទទួលបានរៀងរាល់ពេលដែលអ្នកជាវអ្វីមួយ រួចអ្នកធ្វើការសន្សំពិន្ទុនោះ សម្រាប់ធ្វើដំណើរតាមផ្លូវអាកាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here