សន្ទស្សន៍ទីផ្សារអចលនទ្រព្យក្នុងក្រុងបាងកក សម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ បន្តធ្លាក់ចុះ

សុខុម

បាងកក: សន្ទស្សន៍តម្លៃអចលនទ្រព្យក្នុងក្រុងបាងកក ប្រទេសថៃ ក្នុងត្រីមាសទី២ ឆ្នាំ២០២១ បានបន្តធ្លាក់ចុះពីត្រីមាសទី១ ហើយយោងតាមការព្យាករថា សន្ទស្សន៍តម្លៃនេះនឹងមានសភាពនៅទ្រឹងរហូតដំណាច់ឆ្នាំ២០២១ ខណៈសន្ទស្សន៍ផ្គត់ផ្គង់បានកើនឡើងពីត្រីមាសទី១ ដោយសារគម្រោងថ្មីៗចាប់ផ្ដើមច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រអចលនទ្រព្យ DDproperty។

នោះដោយសារតែកត្តារួមផ្សំជាច្រើនរួមមានដូចជា សេដ្ឋកិច្ចដាំក្បាលចុះ បំណុលគ្រួសារកើនឡើងខ្ពស់ និងផលប៉ះពាល់បង្កឡើងដោយការឆ្លងរាលដាលវីរុសកូវីដ-១៩ រលកថ្មីដែលធ្វើឱ្យអ្នកទិញសម្រេចចិត្តពន្យារពេល ឬផ្អាកទិញអចលនទ្រព្យ។

សន្ទស្សន៍តម្លៃអចលនទ្រព្យប្រភេទលំនៅដ្ឋានក្នុងទីក្រុងបាងកក បានធ្លាក់ចុះពី១៩៧ពិន្ទុមកនៅត្រឹម១៩០ពិន្ទុ ឬធ្លាក់ចុះ៤%ពីត្រីមាសទី១។ សន្ទស្សន៍តម្លៃនេះត្រូវបានក្រុមអ្នកជំនាញចាត់ទុកថាជាសន្ទស្សន៍ទាបបំផុតចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០១៧ មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា សន្ទស្សន៍ផ្គត់ផ្គង់អចលនទ្រព្យត្រូវបានរំពឹងថានឹងធ្លាក់ចុះជាថ្មីម្ដងទៀតដោយសារផ្ទុះការឆ្លងរាលដាលវីរុសកូវីដ-១៩ រលកថ្មីដែលបានវាយប្រហារប្រទេសនេះយ៉ាងធ្ងន់ធ្ងរនៅខែមីនា ឆ្នាំ២០២១។

ថ្វីបើសន្ទស្សន៍ផ្គត់ផ្គត់អចលនទ្រព្យនៅក្នុងទីក្រុងបាងកក បានកើនឡើងពី៣៦៣ពិន្ទុដល់៣៩៩ពិន្ទុ ដែលស្មើនឹង១០%ធៀបនឹងត្រីមាសទី១ក្ដី ក៏ការផ្គត់ផ្គង់អចលនទ្រព្យត្រូវបានរំពឹងថានឹងដាំក្បាលចុះវិញ នៅពេលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ពន្យារពេលចាប់ផ្ដើមគម្រោងថ្មីៗ ចំណែកឯអតិថិជនក៏ពន្យារពេលសម្រេចចិត្តទិញ។

ខុនដូមានចំណែកខ្ពស់បំផុតនៃការផ្គត់ផ្គង់អចលនទ្រព្យសរុបក្នុងទីក្រុងបាងកក ដែលស្មើនឹង៨៨% ពោលគឺកើនឡើង១០%ធៀបនឹងត្រីមាសទី១។ ផ្ទះដាច់ៗពីគ្នាមានចំណែក៧% ហើយផ្ទះជាប់ៗគ្នាមានចំណែក៥%។

ក្រុមអ្នកជំនាញលើកឡើងថា ត្រីមាសទី២ ឆ្នាំ២០២១ នៅតែជាពេលវេលាដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកទិញ និងអ្នកវិនិយោគរយៈពេលវែងដោយសារអំឡុងពេលនេះទទួលបានអត្រាការប្រាក់ និងតម្លៃទាបជាងធម្មតា ជាពិសេសអចលនទ្រព្យប្រភេទខុនដូ។

ដូចនេះអ្នកលក់ និងអ្នកវិនិយោគដែលមានគម្រោងដាក់ជួល ឬដាក់លក់អចលនទ្រព្យរបស់ខ្លួនចាំបាច់ត្រូវស្វែងយល់អំពីរបៀបដែលផ្នត់គំនិតរបស់អតិថិជនបានផ្លាស់ប្ដូរអំឡុងវិបត្តិកូវីដ-១៩។ ក្រុមអ្នកជំនាញបានណែនាំឱ្យអ្នកលក់ពន្យារពេលលក់ចេញ ដើម្បីទទួលបានប្រាក់ចំណេញកាន់តែខ្ពស់ នៅពេលដែលការហក់ឡើងតម្លៃអចលនទ្រព្យមានសភាពនៅថេរ។

ចំណែកឯអ្នកទិញដែលមានគម្រោងទិញអចលនទ្រព្យ ក៏ចាំបាច់ត្រូវមានវិន័យផ្នែកហិរញ្ញវត្ថុដោយសារអស្ថិរភាពសេដ្ឋកិច្ចបង្កឡើងដោយសារការឆ្លងរាលដាលវិបត្តិកូវីដ-១៩ ដែលកំពុងបន្តកើតមាននៅពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here