ទីផ្សារលក់រាយចាប់ផ្តើមកម្រើកឡើងវិញបន្ទាប់ពីមានការបន្ធូរបន្ថយលើការធ្វើដំណើរ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទីផ្សារលក់រាយ វិស័យទីផ្សារលក់រាយ បានចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណើរៗ បន្ទាប់ពីរដ្ឋាភិបាលបន្ធូរបន្ថយ ដល់ការធ្វើដំណើររបស់ប្រជាជន ខណៈទីផ្សារលក់រាយត្រូវបានមើលឃើញថា ទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។

អ្នកនាងគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់តាមសារអេឡិចត្រូនិកនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈក្នុងទីផ្សារលក់រាយ ដោយសារវិបត្តិកូវិដ១៩ សកម្មភាពក្នុងទីផ្សារនេះចាប់ផ្តើមកម្រើកឡើងវិញបន្តិច ខណៈម្ចាស់គម្រោង និងអ្នកជួលមួយចំនួនបានផ្តើមចរចារគ្នាក្នុងការជួលផងដែរ។

អ្នកនាងបានថ្លែងថា “បន្ទាប់ពីការបិទខ្ទប់នៅរាជធានីភ្នំពេញ ត្រូវបានដកចេញ សកម្ម​ភាព នៅក្នុងទីផ្សារលក់រាយបានកើនឡើងវិញ តែទោះជាយ៉ាងក៏ដោយ សកម្មភាពនៅមិនទាន់ច្រើនដូចមុនព្រឹត្តិការណ៍២០ ខែកុម្ភៈ”។
អ្នកបានថ្លែងបន្តថា បច្ចុប្បន្ននេះ ការពិភាក្សាអំពីការជួលមួយចំនួន រវាងម្ចាស់គម្រោ​ង និងអ្នកលក់រាយមានកើតលើបានបន្តបន្ទាប់ ពីត្រូវពន្យាពេលអស់មួយរយៈអំឡុងខែមេសា និងឧសភាកន្លងទៅនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាងបានឱ្យដឹងថា បច្ចុប្បន្នមានគម្រោងផ្សារលក់រាយ (ផ្សារទំនើប) ចំនួន៣១គម្រោង ដែលកំពុងប្រតិបត្តិការនៅរាជធានីភ្នំពេញ ដែលស្មើនឹង៤០០.០០០ម៉ែត្រក្រឡា។

របាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២១ មានគម្រោងផ្សារលក់រាយ (Retail Project) ចំនួន៤បានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារ ដែលធ្វើឱ្យផ្ទៃក្រឡាកន្លែងលក់រាយ ក្នុងក្រុងភ្នំពេញកើនដល់ជិត ៥០ ម៉ឺនម៉ែត្រការ៉េ។

កំណើននៃការដាក់ចូលទីផ្សារនេះ បានធ្វើឱ្យតម្លៃជួលមានការប្រែប្រួលខ្លះ ដូចជា កន្លែងជួលលក់រាយប្រភេទ Prime High Street (ហាងលក់ទំនិញតាមផ្លូវធំៗ) បច្ចុប្បន្នមានតម្លៃជួលមធ្យម២៣,៦១ដុល្លារ ក្នុង១ម៉ែត្រការ៉េរយៈពេល១ខែ ធ្លាក់ចុះ១០ភាគរយ បើធៀបត្រីមាសទី៤ ឆ្នាំ ២០២០ ប្រភេទ Prime Shopping Mall និង Prime Retail Podium មានតម្លៃនៅថេរ គឺ២៨,៤៦ ដុល្លារ និង២៤,៥០ដុល្លារ និងប្រភេទ Community Mall តម្លៃ២២,៣១ដុល្លារ កើនឡើង៤,២ភាគរយ។

របាយការណ៍ឱ្យដឹងទៀតថា ក្នុងត្រីមាសទី១ អត្រាប្រើប្រាស់កន្លែងជួលលក់រាយធ្លាក់ចុះ៨,៦ ភាគរយមកនៅត្រឹម៧៤,៩ភាគរយ ខណៈចំនួនអ្នកទិញទំនិញនៅកន្លែងលក់រាយធ្លាក់ចុះយ៉ាងច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here