ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងបណ្តាប្រទេសដៃគូសំខាន់ៗនៅតែបង្ហាញ សញ្ញាវិជ្ជមានទោះស្ថិតក្នុងវិបត្តិ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងរាលដាលក្នុងសហគមន៍ក្ដី តែការដោះដូរពាណិជ្ជរវាងកម្ពុជា និងបណ្ដាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ លើពិភពលោកនៅតែមានសញ្ញាល្អ ជាពិសេសក្នុងឆ្នាំ២០២១នេះ។

យោងតាមរបាយការណ៍នាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកក្នុងដើមឆ្នាំ២០២១នេះ ជាពិសេសក្នុងពេលដែលកម្ពុជា កំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ ក៏ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានកំណើនដល់ទៅ២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០កន្លងទៅ។

ទិន្នន័យរបស់ការិយាល័យអាមេរិក ដែលចេញផ្សាយកន្លងទៅនេះ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១ ការនាំចេញចូលរវាងអាមេរិក និងកម្ពុជាមានទំហំទឹកប្រាក់ចំនួន២៦៥៤ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅកាន់អាមេរិកមានទឹកប្រាក់២.៥១៩លានដុល្លារអាមេរិក និងនាំចូលពីអាមេរិកវិញមានទឹកប្រាក់១៣៥,៧លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិនបានកើនឡើង១៩,៧% ដល់ទំហំទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ។

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងកូរ៉េ សម្រេចបានទំហំទឹកប្រាក់ជាង៣០២លានដុល្លារ រយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១នេះ កើនឡើង២.៦៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

ដោយឡែកបើក្រលេកទៅមើលការនាំចេញ ដោយផ្នែកនីមួយៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដូចជាការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិវិញ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១នេះ ក៏ឃើញមានកំណើនជាវិជ្ជមានផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានបង្ហាញថា ការនាចេញកសិផលរបស់កម្ពុជា ក្នុងរយៈពេល៥ខែដំបូង មានទឹកប្រាក់ចំនួនជាង២,២ពាន់លានដុល្លារក្នុងនោះ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់ជាង១៩៦,៩១លានដុល្លារអាមេរិក ការនាំចេញស្រូវមានទឹកប្រាក់២៣៩លានដុល្លារអាមេរិក និងការនាំចេញក្រៅពីស្រូវ និងអង្ករមានទឹកប្រាក់ជាង១.៧៩៩លានដុល្លារអាមេរិក។

របាយការណ៍បានបង្ហាញទៀតថា រយៈពេល៥ខែដំបូងនេះការនាំចេញ កសិផលសរុបរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនរហូតដល់៨៩,៣២ភាគរយ ដែលជាកំណើនមួយខ្ពស់ ទោះកម្ពុជាស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី ។

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២១នេះ ក៏កម្ពុជាបានសម្រេចការនាំចេញទំនិញ ទៅកាន់ទីផ្សារថ្មីជាបន្តបន្ទាប់ ក្នុងនោះកម្ពុជាបានសម្រេចការនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិនលើកដំបូង និងការនាំចេញទៅកាន់ប្រទេសជប៉ុននៃផលិតផលស្វាយចន្ទីរ និងកំពុងចរចាបន្ថែមជាមួយនឹងទីផ្សារធំៗ ក្នុងនិងក្រៅតំបន់ ដើម្បីអាចឱ្យកម្ពុជានាំចេញទំនិញ និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗទៀត។

សេដ្ឋវិទូកម្ពុជាជាច្រើនបានលើកឡើងថា ចង់ឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានសន្ទុះបន្ថែមទៀត កម្ពុជាមិនត្រូវពឹងលើតែទីផ្សារប្រទេសមួយឡើយ ពោលគឺកម្ពុជាត្រូវធ្វើពិពិធកម្មទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីឱ្យអាចនាំចេញទំនិញរបស់ខ្លួន ផលិតផលបានទៅកាន់ទីផ្សារប្រទេសថ្មីៗទាំងនោះ។

ធ្វើដូច្នេះ កម្ពុជានឹងអាចទាក់ទាញការវិនិយោគ ពីក្រៅប្រទេស បង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុកកាន់តែច្រើន និងទទួលបានប្រាក់ចំណូលខ្ពស់។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន និងនាពេលខាងមុខកម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ប្រទេសកូរ៉េ និងចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយកម្រិតតំបន់ នឹងធ្វើឲ្យទំហំពាណិជ្ជកម្ម និងការនាំចេញទៅកាន់ក្រៅប្រទេសកើនឡើងកាន់តែច្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here