អាជ្ញាធរភ្នំពេញអនុញ្ញតឱ្យអាជីវកម្មក្នុងផ្សាររដ្ឋទាំងអស់បើកដំណើរឡើងវិញចាប់ពីថ្ងៃនេះ

ដោយៈ លក្ខិណា

ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញបានចេញសម្រេចជូនដំណឹងមួយថា សាលារាជធានីភ្នំពេញអនុញ្ញាតឱ្យអាជីវកម្មគ្រប់ប្រភេទលក់ដូរជាប្រក្រតីឡើងវិញ ក្នុងលក្ខខណ្ឌផ្សាររដ្ឋទូទាំងភ្នំពេញចាប់ពីថ្ងៃទី១៥ ខែមិថុនា ២០២១នេះតទៅ។

នៅក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ផងដែរថា ថ្វីត្បិតតែ អាជ្ញាធរប្រកាសឱ្យធ្វើអាជីវកម្មឡើងវិញក៏ពិតមែន តែគ្រប់ផ្សាររដ្ឋទាំងអស់រួមនឹងអាជីវករផងដែរនោះ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះជំងឺនេះនៅតែបន្តរាលដាលក្នុងសហគមន៍នៅឡើយ។

ជាមួយគ្នានេះដែរ ក្នុងករណីជនណាបុគ្គលណាមិនចូលរួមសហការជាមួយអាជ្ញាធរទេនោះ នឹងត្រូវចាត់វិធានការមិនលើកឡើងឡើយ។
អាជីវករលក់ដូរនៅតាមផ្សារមួយចំនួនបានបង្ហាញពីការសប្បាយរីករាយដែលអាជ្ញាធរបានបើកឱ្យធ្វើអាជីវកម្មពោលគឺលក់ដូរមិនមែនចំណីអាហារ ដូចជាសម្លៀកបំពាក់ អេឡិត្រូនិក ជាងមាសជាដើម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លលកស្រួយ ឌីណាអាជីវករលក់មាសនៅផ្សារមួយកន្លែងក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា កន្លងមកក្រុមអ្នកលក់ដូរមិនមែនចំណីអាហារគឺមិនមានចំណូលអ្វីទាល់តែសោះព្រោះតែការបិទផ្សារ ដើម្បីទប់ស្កាត់ការឆ្លងនិងចម្លងកូវីដ១៩បន្តបន្ទាប់ទៀត ហើយការបិទនេះយើងក៏យល់ព្រមធ្វើតាមសំណូម ដើម្បីចូលរួមជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល តែការបិទរាងយូរដែរហើយ។

លោកបន្តថា នៅពេលមានការប្រកាសបើកវិញនេះ ពួកយើងក៏ត្រៀមខ្លួនក្នុងការបើកដំណើរការអាជីវកម្មឡើងវិញនិងត្រូវចូលរួមអនុវត្តន៍ជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់នូវការឆ្លងរាលដាលបន្តទៀត ។

លោកវន់ ពៅប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឱ្យដឹងផងដែរថា ការបើកផ្សារឡើងវិញធ្វើឱ្យអាជីវករ ដែលត្រូវផ្អាកដំណើរការកន្លងមកអាចចាប់ផ្ដើមឡើងវិញ និងអាចរកប្រាក់ចំណូលឡើងវិញ ក្រោយពេលបាត់បង់ប្រាក់ចំណូលរាប់ខែមកហើយ។

លោកបានសំណូមពរដល់អាជ្ញាធរត្រូវរឹតបន្តឹង ចំពោះវិធានការអនាម័យបន្ថែមទៀត នៅពេលបើកអាជីវកម្មឡើងវិញដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលក្នុងសហគមន៍កាន់តែធំឡើងថែមទៀត ហើយត្រូវតាមដានពិនិត្យចំពោះក្រុមអាជីវករ និងពលរដ្ឋទាំងឡាយណាដែលមិនគោរពតាមវិធានការដើម្បីឱ្យពួកគេបានយល់នឹងគោរពតាមឱ្យបានត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here