អាជីវកម្មខ្នាតតូចនៅតែមិនទាន់អាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ទោះរដ្ឋាភិបាលបើកឱ្យអាជីវកម្មដំណើរការទូលាយជាងមុនក្ដី

ដោយៈ លក្ខិណា

ភ្នំពេញ៖ កាលពីអំឡុងពេលរដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅអាជីវករខ្នាតតូចតាច ក៏ត្រូវបានបិទផ្អាកផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តែបន្ទាប់មករដ្ឋាភិបាលក៏បានបើកឱ្យអាជីវកម្មខ្នាតតូចៗចាប់ផ្ដើមអាជីវកម្មឡើងវិញ តែត្រូវរក្សាវិធានការអនាម័យរបស់ក្រសួងសុខាភិបាល។

ទោះបីជាការបើកដំណើរការឡើងវិញក្ដី អ្នកប្រកបរបរអាជីវកម្មតូចៗ នៅតែមិនអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពបានគ្រប់គ្រាន់នៅឡើយ។

លោកវន់ ពៅប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ការបើកឱ្យអាជីវករតូចៗក្រៅប្រព័ន្ធអាចធ្វើអាជីវកម្មឡើងវិញបាន គឺជាការជួយសម្រួលដល់អាជីវករអាចរកប្រាក់ចំណូលបានខ្លះ ដើម្បីបង់ធនាគារ និងផ្គត់ផ្គង់គ្រួសារ ប៉ុន្តែបើធៀបនឹងមុនពេលបិទខ្ទប់និងមុនពេលវិបត្តិនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ ការរកចំណូលរបស់ពួកគាត់នៅតែមានកម្រិតនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ក្រោយពេលរដ្ឋាភិបាលប្រកាសឱ្យបើកដំណើរការវិញ ពួកគាត់អាចលក់ដូរ និងធ្វើអាជីវកម្មបាន ប៉ុន្តែដោយសារតែអាជីវកម្មមួយចំនួនទៀតនៅតែបន្តការរឹតបន្តឹង ដូចជាខារ៉ាអូខេ ក្លឹបកម្សាន្ត បៀរហ្កាដិនជាដើម ធ្វើឱ្យអាជីវកម្មមួយចំនួននៅតែប៉ះពាល់ទោះបើកវិញក្ដី។

លោកបានថ្លែងថា “អ្នកដឹកជញ្ជូនមួយចំនួន នៅតែបាត់ចំណូលដដែល ព្រោះពួកគាត់មិនអាចដឹកជញ្ជូនទៅកាន់អតិថិជនបានច្រើនដូចមុន តែក៏ប្រសើរជាងអត់មានអ្វីធ្វើនោះដែរ”។

លោកបន្ថែមថា ក្រៅពីនេះ ក៏មានអាជីវកម្មពេលយប់មួយចំនួនទៀត ថ្វីត្បិតតែបើកមែន តែការលក់ដូរនៅតែមានបញ្ហា ព្រោះតែមនុស្សម្នាក៏មិនសូវចេញធ្វើដំណើរនៅពេលយប់ ព្រោះកន្លែងកម្សាន្តត្រូវបានបិទដដែល ដូច្នេះពួកគាត់អាចលក់ដូរបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។

លោករំពឹងថា រដ្ឋាភិបាលនឹងអាចបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះបានឆាប់ ហើយអាចបើកទូលាយដល់អាជីវកម្មដែលកំពុងផ្អាកដំណើរការជាច្រើនទៀត និងធ្វើឱ្យប្រាក់ចំណូលប្រជាពលរដ្ឋ មានកំណើនឡើងវិញ។

អ្នកស្រីឃួន ស្រីស្រស់អាជីវករលក់ដូរគោដុតមួយរូបនៅភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសឱ្យលក់ដូរឡើងវិញ អ្នកស្រី អាចរកចំណូលបានខ្លះៗដែរ តែមិនទាន់បានប្រសើរសម្រាប់បង់ថ្លៃធនាគារ និងផ្គត់ផ្គង់គ្រួសារនោះទេ ក៏ប៉ុន្តែវាប្រសើរជាងការដែលនៅដេកផ្ទះ និងអត់មានចំណូលអ្វីសោះ។

រាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញនេះ បានប្រកាសបង្កើតគណៈកម្មាធិការមួយដើម្បីទប់ស្កាត់កូវីដ១៩ ដោយមានសម្ដេចតេជោ នាយករដ្ឋមន្ត្រីជាអ្នកដឹកនាំផ្ទាល់ ក្នុងគោលដៅដើម្បីបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ២០២១នេះឱ្យបានឆាប់ចប់នៅពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here