ចំណេះដឹង! តើធានារ៉ាប់រងប្រភេទណាខ្លះដែលអ្នកគួរប្រើប្រាស់?

ដោយៈ សាវុធ

ភ្នំពេញៈ អ្នកប្រឹងប្រែងធ្វើការស្ទើពេញមួយជីវិត ដើម្បីកសាងទ្រព្យសម្បត្តិនិងចង់រស់នៅសុខស្រួល ប្រកបដោយសុភមង្គលជាមួយក្រុមគ្រួសាររបស់អ្នក ហើយដើម្បីធានាបាននូវសេ្ថរភាពនៃសុភមង្គលមួយនេះ អ្នកគួរជ្រើសរើសការធានារ៉ាប់រង ដែលផ្តល់ការការពារដល់ប្រាក់ចំណូល ទ្រព្យសម្បត្តិ និងសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក។

ទី១) ធានារ៉ាប់រងសុខភាព
វាជាធានារ៉ាប់រង១ប្រភេទ ដែលអ្នកគួរតែទទួលបានពីកន្លែងការងារ ឬអ្នកទិញសម្រាប់ខ្លួនឯង។ នៅពេលអ្នកមានសុខភាពល្អវាអំណោយផល អោយអ្នកធ្វើការងារបានរលូន រកលុយបានច្រើននិងរីករាយជាមួយជីវិត។ បើអ្នកគិតតែពីធ្វើការរកលុយ ប៉ុន្ដែមិនបានគិតគួរសន្សំ សម្រាប់ថែរក្សាដល់សុខភាពរបស់អ្នកក៏មិនល្អដែរ។
ប្រសិនបើអ្នកមានជំងឺធ្ងន់ធ្ងរ ឬមានគ្រោះថ្នាក់ដោយយថាហេតុ ហើយអ្នកគ្មានការធានារ៉ាប់រង អ្នកប្រហែលជាមិនអាច ទទួលការព្យាបាលនៅមន្ទីរពេទ្យឡើយ។ វាពិតជាមានហានិភ័យខ្លាំងណាស់ ប្រសិនបើអ្នកមើលរំលងចំណុចនេះ។

ទី២) ធានារ៉ាប់រងអាយុជីវិត
វាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះអ្នកទើបមានគ្រួសារ ឬអ្នកមានកូន ព្រោះក្នុងនាមអ្នកជាមេគ្រួសារអ្នកត្រូវរ៉ាប់រង នូវរាល់ការចំណាយក្នុងគ្រួសារទាំងមូល គឺពឹងផ្អែកលើអ្នក។ ចុះប្រសិនបើអ្នកមានបញ្ហារហូតដល់បាត់បង់ជីវិត តើស្ថានភាពគ្រួសាររបស់អ្នកនឹងទៅជាយ៉ាងណា? ការធានារ៉ាប់រងអាយុជីវិត អាចបំពេញនូវតម្រូវការហិរញ្ញវត្ថុជាយ៉ាងច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងករណីអ្នកបានរៀបការមានគ្រួសារ ប្រាក់សំណងបន្ទាប់ពីការទិញធានារ៉ាប់រងនេះ វាអាចជំនួសផ្គត់ផ្គង់នូវជីវភាពគ្រួសាររបស់អ្នក ជួយបង់បំណុលយូរអង្វែងបន្ទាប់ពីការស្លាប់របស់អ្នក ឬបង់ប្រាក់សម្រាប់ការអប់រំនៅមហាវិទ្យាល័យរបស់កូនអ្នកជាដើម។

ទី៣) ធានារ៉ាប់រងចំពោះទ្រព្យសម្បត្តិ
វាសំដៅលើការធានារ៉ាប់រងលើអចលនទ្រព្យរបស់អ្នក។ វាអាចការពារនូវការខូចខាតចំពោះអចលនទ្រព្យរបស់អ្នកបាន។ ភាគច្រើនគេមានធានារ៉ាប់រងលើ ការសាងសង់គេហដ្ឋាន អគ្គិភ័យ ជាដើមដែលតម្រូវសម្រាប់អតិថិជន ដែលទិញផ្ទះបង់រំលស់ជាមួយធនាគារ ព្រោះគ្មានអ្នកណាម្នាក់អាចដឹងរឿងហេតុមុននោះទេ ឧទារហណ៍ បើមានអគ្គិភ័យចំពោះផ្ទះអ្នកអំឡុងពេលបង់រំលោះ តើអ្នកមានទឹកចិត្តឯណាបង់លុយ ទៅធនាគារនោះ បើផ្ទះត្រូវខូតខាតអស់ហើយ។

ផ្ទុយទៅវិញបើអ្នកមានធានារ៉ាប់រងវិញ នោះអ្នកមិនចំាបាច់បារម្ភទៀតទេ ខាងក្រុមហ៊ុនធានារ៉ាប់រង គាត់នឹងធ្វើការទូទាត់សងសំណងមកអ្នក ឬធ្វើផ្ទះជូនអ្នកជាដើមអាស្រ័យលើគោលនយោបាយរបស់ក្រុមហ៊ុន ហើយនឹងការចរចាររបស់អ្នកមុនពេលអ្នកទិញធានារ៉ាប់រងគេហដ្ឋាននេះ។

ទី៤) ធានារ៉ាប់រងរថយន្ត
មូលហេតុដែលត្រូវការធានារ៉ាប់រងរថយន្ដ គឺដើម្បីគ្របដណ្តប់លើការខូចខាត លើរថយន្ដ ព្រមទាំងការខូចខាតចំពោះអ្នករងគ្រោះ និងអ្នកបង្កគ្រោះថ្នាក់ នៅពេលដែលអ្នកជួបគ្រោះថ្នាក់ចរាចរណ៍។ កាន់តែពិសេសទៀតនោះ នៅពេលមានបញ្ហាគ្រោះថ្នាក់អ្នកគ្រាន់តែទូរស័ព្ទប្រាប់ក្រុមហ៊ុនធានារ៉ាប់រង ដែលអ្នកបានទិញនោះគាត់នឹងចុះទៅធ្វើការពិនិត្រ និងចេញមុខដោះស្រាយបញ្ហាជំនួសអ្នក ប៉ុន្ដែអ្នកត្រូវទទួលទោសចំពោះមុខច្បាប់ករណីអ្នកបានបង្កគ្រោះធ្ងន់ធ្ងរ បណ្តាលអោយមានមនុស្សស្លាប់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here