ចំណេះដឹង! តើយុទ្ធសាស្ត្រទីផ្សារប្រពៃណីបែបណា ដែលនៅតែមានប្រសិទ្ធិភាពនាពេលបច្ចុប្បន្ន?

ដោយៈ សាវុធ

ភ្នំពេញៈ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ អ្នកឃើញស្រាប់ហើយថា ទីផ្សារកំពុងតែមានភាពរីកចម្រើន ជាពិសេសខាងផ្នែកឌីជីថល។ តែទោះជាយ៉ាងណាក្ដី ម្ចាស់អាជីវកម្មនានា នៅតែមិនចោលយុទ្ធសាស្ត្រទីផ្សារប្រពៃណី ព្រោះយុទ្ធសាស្ត្រទាំងនោះ មានចំណុចពិសេសរៀងៗខ្លួន។

ទី១. ការធ្វើជាអ្នកឧបត្ថមនៅក្នុងកម្មវិធីណាមួយ
ការធ្វើជាអ្នកឧបត្ថម្ភនៃកម្មវិធី មានន័យថា អ្នកក៏ជាម្ចាស់ក្នុងកម្មវិធីនោះដែរ។ ហើយនៅពេលអ្នកក្លាយជាម្ចាស់កម្មវិធី អ្នកអាចគ្រប់គ្រងការដាក់បង្ហាញម៉ាកទំនិញ ផលិតផលឬសេវាកម្មក្នុងកម្មវិធីនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អំឡុងពេលនោះហើយដែលអ្នកអាច មានឱកាសផ្សព្វផ្សាយពីផលិតផលរបស់អ្នក តាមរយៈការផ្ដល់ជា ប័ណ្ណតំណាងសាច់ប្រាក់ ឬ Coupons បណ្ណ័បញ្ចុះតម្លៃ ការផ្សព្វផ្សា យម៉ាកយីហោ និងផ្សេងៗទៀត។

ទី២. ការបោះពុម្ពផ្សាយ
ការបោះពុម្ពផ្សាយ នៅតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការកើនឡើង នៃការប្រើប្រាស់ប្រព័ន្ធឌីជីថលដូចជា អ៊ីនធឺណេត សម្រាប់ផ្សព្វផ្សាយផលិតផល នៅក្នុងប្រទេសនេះក៏ដោយ។ អ្នកអាចបោះពុម្ពផ្សាយអំពីពត៌មាន ទាក់ទិននឹងផលិតផល សេវាកម្ម ម៉ាកយីហោអាជីវកម្ម ឬកម្មវិធីពិសេសៗរបស់អ្នក នៅក្នុងទំព័រកាសែត ទស្សនាវដ្ដី ឬលិខិតផ្សេងៗ ដើម្បីផ្ដល់ដំណឹងជូនដល់អតិថិជន ដែលជាគោលដៅអាជីវកម្មរបស់អ្នក។

ទី៣. ការផ្ដល់រង្វាន់ជាផលិតផលឬសេវាកម្ម សម្រាប់ការប្រកួតផ្សេងៗ
ជាទូទៅ ម្ចាស់អាជីវកម្មបង្កើតហ្គេមឬការប្រកួតឡើង ក្រោមប្រធានបទដែលកំពុងពេញនិយម ឬប្លែក ឬមានលក្ខណៈអប់រំក្នុងសង្គម ហើយជានិច្ចកាល រង្វាន់ត្រូវបានរៀបចំ សម្រាប់អ្នកដែលបានចូលរួមនិងឈ្នះ។ ការផ្ដល់រង្វាន់ជាផលិតផលឬសេវាកម្ម ជាយុទ្ធសាស្ត្រទីផ្សារមួយ ដែលអ្នកធ្លាប់បានលឺឬប្រទះជួប នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយវាមានគោលដៅដើម្បីទាក់ទាញអ្នកចូលរួម ឱ្យបានស្គាល់នូវផលិតផលរបស់ខ្លួន។

ទី៤. ការបិទកាតណែនាំអាជីវកម្ម
តើអ្នកធ្លាប់ត្រូវបានគេបិទឬភ្ជាប់កាតណែនាំអាជីវកម្ម នៅតាមរបងផ្ទះរបស់អ្នកដែរឬទេ? ត្រូវហើយ ខ្ញុំជឿជាក់ថា អ្នកធ្លាប់ជួបប្រទះច្រើនដងហើយ ជាពិសេសសម្រាប់អ្នករស់នៅក្នុងទីក្រុងភ្នំពេញតែម្ដង។ សម្រាប់ផ្ទះខ្ញុំផ្ទាល់ ខ្ញុំតែងឃើញមានគេមកបិទ កាតណែនាំកន្លែងដូរហ្គាសនិងជាងអគ្គិសនី ជាច្រើនដងមកហើយ។

តាមពិតទៅ វិធីនេះអាចបង្កឱ្យមានអារម្មណ៍រំខាន ក៏ប៉ុន្តែនៅពេលអ្នកត្រូវការ ប្រើប្រាស់សេវាកម្មណាមួយ ក្នុងពេលបន្ទាន់ឬចាំបាច់ អ្នកនឹងមិនជៀសផុតពីការទាក់ទងទៅរកក្រុមហ៊ុន ដែលត្រូវបានគេបិទផ្សាយ នៅតាមរបងផ្ទះរបស់អ្នកនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here