កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥១ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន (ASEAN STOM CHAIR) បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រី ដឹកជញ្ជូនអាស៊ានលើកទី៥១ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីពិនិត្យ និង ពិភាក្សាលើសកម្មភាព គម្រោង និងកម្មវិធីនានារបស់អាស៊ាន ដែលបានដាក់ចេញនៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២១ និងពិនិត្យពិភាក្សាអំពីផែនការសកម្មភាព គម្រោង និងកម្មវិធីដែលត្រូវអនុវត្តនៅឆមាសទី២ ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសកម្ពុជាបានទទួលសិទ្ធិ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រី ដឹកជញ្ជូនអាស៊ានលើកទី៥១ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ ដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងមានការអញ្ជើញចូលរួម ដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា តំណាងគណៈប្រតិភូនៃបណ្ដា ប្រទេសអាស៊ានទាំងអស់ និងដៃគូអភិ​វ ឌ្ឍ​ន៍នានាផងដែរ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន បានគូសបញ្ជាក់ថា ទោះបីពិភពលោក កំពុងទទួលរងនូវការរាតត្បាតជាបន្តបន្ទាប់ពីជំងឺកូវីដ-១៩ មិនធ្លាប់ជួបប្រទះពីមុនមកក៏ដោយ ក៏ការរាតត្បាតនៃជំងឺនេះ មិនអាចបញ្ឈប់ និងពន្យាពេលការជួបជុំ ឬដំណើរការការងារកិច្ចប្រជុំ របស់យើងបានឡើយ។

ជាមួយគ្នានេះផងដែរ លោកប្រធានឧត្តមមន្ត្រីដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ា​ងជ្រាលជ្រៅដល់ក្រុមការងារ និងលេខាធិការដ្ឋានអាស៊ាន ដែលបានខិតខំប្រឹងប្រែងសម្រេ​ចបាននូវសមិទ្ធផលសំខាន់ៗ ទាក់ទងនឹងការដឹកជញ្ជូនឆ្នាំ២០២១ ដែលបានអនុម័តដោយកិច្ចប្រជុំរដ្ឋមន្រ្តី ដឹកជញ្ជូនអាស៊ានលើកចុងក្រោយ ក្នុងខណៈពេលមានជំងឺរាតត្បា​តពីកូវីដ-១៩។

សហសេវិកនិងដៃគូសន្ទនារបស់អាស៊ាន បន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រ របៀបវារៈស្តីពីការដឹកជញ្ជូន តាមរយៈកម្មវិធី និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ។ ដូច្នេះភាពជាដៃគូក្នុងការអភិវឌ្ឍជាមួយដៃគូសន្ទនាទាំងឡាយ ត្រូវតែពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បី ដោះស្រាយបញ្ហាប្រឈមថ្មីៗ ដែលអាចនឹងកើតមានឡើងនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here