ចំណេះដឹងជំនួញ! តើភាពសហគ្រិននិងនិយោជិកមានលក្ខណៈខុសគ្នាដូចម្តេច?

ដោយៈ សាវុធ

ភ្នំពេញៈ ពិតណាស់ វាមិនមានលក្ខណៈដូចគ្នាទេរវាងបុគ្គលទាំងពីរ សហគ្រិនតែងមានគំនិតចង់ក្លាយជាថៅកែគេ ប៉ុន្ដែនិយោជិកវិញ បានត្រឹមជាអ្នកធ្វើការឲ្យគេតែប៉ុ ណ្ណោះ​។

តើលោក អ្នកឆ្ងល់ទេថាហេតុអ្វីបានជាបុគ្គលទាំងពីរនេះមិនអាចដូចគ្នាបាន? យើងនឹងលើយកនូវ៤ចំណុច មកបង្ហាញពីលក្ខណៈខុសគ្នា រវាងសហគ្រិននិងនិយោជិកនូវកថាខណ្ឌខាងក្រោមនេះ៖

ទី១) ការអភិវឌ្ឍ
នៅពេលដែលធ្វើការបុគ្គលទាំងពីរ មានទស្សនវិស័យខុសគ្នា។ សហគ្រិនគាត់ធ្វើការ ដើម្បីអភិវឌ្ឍនូវចំណេះជំនាញ ដែលគាត់បានរៀនសូត្ររួចមក។ គាត់ចង់ដុសខាត់វាអោយកាន់តែមុតស្រូច និងមានការរីកចម្រើននូវជំនាញគាត់។ ចំណែកនិយោជិកវិញគាត់មានគំនិតថា គាត់មានចំណុចខ្សោយច្រើន ដូចនេះគាត់ត្រូវធ្វើការដើម្បីបំពេញនូវចំណុចខ្សោយទាំងនោះអោយក្លាយជាចំណុចខ្លាំងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២) លក្ខខណ្ឌការងារ
ចំពោះនិយោជិក គាត់ត្រូវខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អ ធ្វើការងារច្រើនដើម្បីបំពេញតួនាទីជាបុគ្គលិកល្អ ទទួលបានការវាយតម្លៃការងារល្អ ឈានដល់ការឡើងតំណែងឬប្រាក់បៀវត្សជាដើម។

រីឯសហគ្រិនវិញ គាត់តែងតែគិតនូវអ្វីដែលធ្វើឲ្យអាជីវកម្ម កាន់តែរីកចម្រើនទៅមុខ បន្ទាប់ពីការអនុវត្តមិនបានជោគជ័យ គាត់គ្រាន់តែរកអ្វីដែលថ្មីផ្សេងទៀត មកអនុវត្តន៍​ទៅជាការស្រេច មិនចាំបាច់ទទួលរងការស្ដីបន្ទោស ដូចនិយោជិកពេលគាត់ធ្វើការខុសឡើយ។

ទី៣) ការសម្រេចចិត្ត
សហគ្រិនអាចធ្វើការបដិសេធចំពោះឱកាសខ្លះ ដែលគាត់មិនពេញចិត្ដក្នុងជ្រើសរើសវា គាត់តែងបង្កើតនូវឱកាសដោយខ្លួនឯង បង្កើតនូវការសម្រេចដែលគាត់ពេញចិត្ដដោយខ្លួនឯង ប៉ុន្ដែនិយោជិតវិញ គាត់រង់ចាំអោយតែមានឱកាសគាត់ នឹងធ្វើការចាប់យកភ្លាមៗ ព្រោះសម្រាប់គាត់ ឱកាសពិតជាកម្រកើតមានណាស់។
ដូច្នេះឲ្យតែមានឱកាសគាត់នឹងយល់ថា “ល្អ” គាត់នឹងទទួលយកវាភ្លាមៗដោយមិនស្ទាក់ស្ទើរឡើយ។

ទី៤) ភាពប្រថុយប្រថាន
ពេលជួបឧបសគ្គនិយោជិក តែងតែព្យាយាមគេចវេស មិនហ៊ានប្រឈមមុខនឹងបញ្ហា ខ្លាចក្នុងការមានបញ្ហា បើទោះបីពេលខ្លះ គាត់ត្រូវបានទទួលការជិះជាន់បំពានក៏គាត់មិនហ៊ានតវ៉ាដែរ។

សហគ្រិនវិញ គាត់មិនដែលខ្លាច ឬគេចវេសពីបញ្ហាឡើយ ផ្ទុយទៅវីញគាត់តែងតែកែប្រែពីបញ្ហាឲ្យក្លាយទៅជាឱកាស ដែលគាត់កាន់តែលូតលាស់ សម្រាប់ខ្លួនឯងនិងស្ថាប័នទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here