ដោយៈគង់ សូរិយា
ភ្នំពេញៈ វិស័យអាកាសចរណ៍កម្ពុជា នឹងមានភាពរីកចម្រើនខ្លាំង បន្ទាប់ពីកម្ពុជារួមទាំងប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ បានបញ្ចប់ការចរចាជាមួយនឹងសហគមន៍អឺរ៉ុប លើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ នៃការដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន និងសហគមន៍អឺរ៉ុប (CATA)។
វានឹងក្លាយជាកិច្ចព្រមព្រៀងដំបូងបង្អស់មិនធ្លាប់មាន ដើម្បីលើកកម្ពស់ការតភ្ជាប់តាមផ្លូវអាកាសរវាងអាស៊ាន និងសហភាពអឺរ៉ុប។
ការចរចាដែលរៀបចំកាលពីថ្ងៃទី ២ ខែមិថុនា តាមប្រព័ន្ធអនឡាញត្រូវបានដឹកនាំដោយលោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាតំណាងឱ្យឧត្តមមន្ត្រីផ្នែកដឹកជញ្ជូន របស់ក្រុមប្រទេសជាសមាជិកអាស៊ានទាំងអស់។
លោក ឈៀង ពេជ្របានឱ្យដឹងថា “នៅពេលនេះអាស៊ានសម្រេចបានការងារដ៏សំខាន់មួយ គឺបញ្ចប់ការចរចាជាមួយសហគមន៍អឺរ៉ុប នូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន និងសហគមន៍អឺរ៉ុប (The ASEAN-EU Comprehensive Air Transport Agreement – CATA )”។ លោកបន្តថា “ខ្ញុំតំណាងឱ្យឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន បានធ្វើសហប្រធានដឹកនាំកិច្ចប្រជុំវិសាមញ្ញ រវាងអាស៊ាន-សហគមន៍អឺរ៉ុប ដើម្បីចរចាគ្នាជុំចុងក្រោយនៃកិច្ចព្រមព្រៀងមួយនេះ”។
លោកបន្ថែមថា នេះជាលើកទី១ ដែលកម្ពុជាធ្វើជាប្រធានឧត្តមមន្ត្រីអាស៊ាន និងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ។
សហភាពអឺរ៉ុបនៅតែជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់អាស៊ាន ដោយផ្អែកតាមស្ថិតិបឋមអាស៊ានបង្ហាញថា អាស៊ាន-សហភាពអឺរ៉ុប នៅតែរក្សាជំហរជាដៃគូធំទី២ របស់អាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៨ ឈានដល់២៨២ ពាន់លានដុសហភាពអឺរ៉ុប ក៏ជាប្រភពវិនិយោគទុនបរទេសដ៏ធំជាងគេផងដែរ ក្នុងចំណោមដៃគូសន្ទនាឆ្នាំ ២០១៨ ដោយមានទំហំទឹកប្រាក់សរុប២២ពាន់លានដុល្លារ។ នេះបើយោងតាមឯកសារព័ត៌មានរបស់លេខាធិការដ្ឋានអាស៊ាន កាលពីខែកុម្ភៈ ឆ្នាំ ២០២០ ស្តីពីទិដ្ឋភាពនៃទំនាក់ទំនងអាស៊ាន-អឺរ៉ុប។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោកធួន ស៊ីណានបានមានប្រសាសន៍ថា នេះជាដំណឹងល្អសម្រាប់កម្ពុជា ក្នុងការពង្រីកការតភ្ជាប់ជើងហោះហើរផ្ទាល់ទៅសហគមន៍អឺរ៉ុប ស្របពេលការភ្ជាប់ជើងហោះហើររបស់កម្ពុជា នៅមានកម្រិត ដោយលើកលែងចិន និងកូរ៉េដែលកម្ពុជាមានតភ្ជាប់ជើងហោះច្រើន។
លោកបន្តថា “សម្រាប់ខ្ញុំបើរដ្ឋាភិបាល អាចភ្ជាប់ជើងហោះត្រង់របស់កម្ពុជាទៅក្នុងតំបន់អឺរ៉ុប ឬទីក្រុងធំរបស់អឺរ៉ុប គឺជារឿងល្អមែនទែន ព្រោះអឺរ៉ុបគឺជាទីផ្សារដ៏ធំពិតប្រាកដ សម្រាប់ទំនិញកសិកម្ម និងឧស្សាហកម្មកម្ពុជា”៕